សារអេឡិចត្រូនិច
កុំ​ចេះតែ​ហ៊ាន​! iPhone 7 មួយគ្រឿង​ផ្ទុះ​ខ្ទេច ពេល​លើក​យកមក​និយាយ​


បុរស​សញ្ជាតិ​អង់គ្លេស​ម្នាក់​បាន​អះអាងថា ទូរ​សព្ទ iPhone 7 របស់ខ្លួន​បាន​ផ្ទុះ​ចេញ​ផ្សែង​ឡើង ខណៈពេលដែល​លើកយក​ទូរ​សព្ទ​មក​និយាយ​។​

លោក Lee Haye អាយុ ៤២ ឆ្នាំ​សញ្ជាតិ​អង់គ្លេស បាន​ឲ្យ​សារព័ត៌មាន The Sun ដឹងថា លោក​បាន​ទុក​ទូរ​សព្ទ​នៅក្នុង​ផ្ទះបាយ រួច​ក៏​លឺ​សំឡេង​ទូរ​សព្ទ​រោទ៍ ពេលនោះ​លោក​ក៏បាន​លើក​ទូរ​សព្ទ​មក​និយាយ​ស្រាប់តែ iPhone 7 នោះ​ប្រែជា​ឡើង​ក្ដៅ​ហើយ​ផ្ទុះ​ចេញ​ផ្សែង​មក​ក្រៅ​តែម្ដង​។

លោក​បាន​បន្ថែមថា បន្ទាប់ពី iPhone 7 បាន​ផ្ទុះ​ធ្វើ​ឲ្យ​ផ្ទុះ​បាយ​របស់លោក​ធំក្លិន​អាក្រក់​បំផុត ហើយ​ដៃ​របស់លោក​ក៏បាន​រលាក​យ៉ាងដំណំ​ផងដែរ​។​

​ក្រោយ​ជួប​ហេតុការណ៍​នេះ Hayes ក៏បាន​និយាយថា ការផ្ទុះ iPhone 7 នេះ​មិនមែន​លើកទីមួយ​នោះទេ​។ កាលពីដើមឆ្នាំ ២០១៧ ក៏មាន​ស្ត្រី​ម្នាក់​ឈ្មោះ Brianna Olivas បាន​ជួប​ឧ​ប​ទ្ទេវ​ហេតុ​ដូចគ្នា​ដែរ និង​មួយ​ករណី​ទៀត​កាលពី​ឆ្នាំ ២០១៦ បុរស​ម្នាក់​បាន​ផ្ទុះ iPhone 6 ខណៈពេលដែល​ជិះ​កង់​ឡើង​ភ្នំ​។​

​ចំពោះ​មូលហេតុ​នៃ​ការផ្ទុះ​នេះ គេ​ស​ន្និ​ដ្ខា​ន​ថា​អាច​បណ្ដាលមកពី​ថ្ម​ប្រភេទ lithium-ion ដែលមាន​នៅក្នុង ទូរ​សព្ទ​នោះ​ដូច​ទៅនឹង​ករណី​នៃ​ការផ្ទុះ Galaxy Note 7 ដែរ​៕

​ប្រភព​៖ idropnews /Sabay​