អគារកប់ពពកកម្ពស់ ១៧០ ជាន់ ខ្ពស់ជាងគេលើពិភពលោក ពន្យារពេលបើកសម្ពោធរហូតដល់ឆ្នាំ ២០១៩
ថ្ងៃ ចន្ទ ទី ១៥ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ១០:៥៥
កាលពីបរិច្ឆេទបញ្ចប់សាងសង់ជាស្ថាពរនៃអគារខ្ពស់ជាងគេនៅលើពិភពលោក ត្រូវបានប្ដូរទៅឆ្នាំ ២០១៩។ នេះបើយោងតាមមហាសេដ្ឋីអារ៉ាប់ប៊ីសាអូឌីតម្នាក់និយាយកាលពីថ្ងៃទី ១០ ខែឧសភា ពោលគឺជិត ៦ ឆ្នាំ បន្ទាប់ពីចាប់ផ្ដើមគម្រោងសាងសង់អគារបំបែកឯតទគ្គកម្មនេះ។
អគារឈ្មោះ Jeddah Tower នេះ មានកម្ពស់ ១ គីឡូម៉ែត្រ គឺខ្ពស់ជាងអគារ Burj Khalifa នៅទីក្រុងឌូបៃទៅទៀត។
ព្រះអង្គម្ចាស់ អាល់វ៉ាលីដ ប៊ីន តាតាល់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) អំឡុងទស្សនកិច្ចនៅក្បែរសមុទ្រក្រហមយ៉ាងដូច្នេះ "គម្រោងនេះត្រូវបានពន្យារពេល...ប៉ុន្តែនឹងបើកសម្ពោធក្នុងឆ្នាំ ២០១៩"។
ព្រះអង្គម្ចាស់អាល់វ៉ាលីដ គឺ ជាម្ចាស់ក្រុមហ៊ុន Alwaleed និងមានទំនាក់ទំនងជាមួយក្រុមហ៊ុន Jeddah Economic Company ហើយទ្រង់កំពុងអភិវឌ្ឍអគារដ៏ខ្ពស់នេះ។
ដោយពីមុនមានមានឈ្មោះថា "Kingdom Tower" អគារកម្ពស់ ១៧០ ជាន់នេះនឹងវ៉ារដាច់អគារ Burj Khalifa ដែលជាអគារខ្ពស់ជាងគេលើលោកនាពេលសព្វថ្ងៃនេះ។
អគារនេះនឹងមានសណ្ឋាគារ ផ្ទះ និងការិយាល័យ ក៏ដូចជាកន្លែងឈរមើលទេសភាពខាងក្រៅដែលត្រូវគេប្រសិទ្ធនាមជាឧទ្យានអាកាស។
តម្លៃសម្រាប់គម្រោងនេះត្រូវបានប៉ាន់ស្មានថា មានតម្លៃប្រហែល ១,២ ពាន់លានដុល្លារ ប៉ុន្តែដោយសារការពន្យារពេលនិងតម្លៃប្រេងមានការធ្លាក់ថ្លៃ ថ្លៃសរុបអាចឡើងដល់ ២ ពាន់លានដុល្លារ៕

អត្ថបទ៖ រស្មីកម្ពុជា