សារអេឡិចត្រូនិច
បឹង​ទំនប់​ខ្ពប​ត្របែក ជាទី​លម្ហែ​ថ្មី​នៅ​ថ្ងៃ​ឈប់សម្រាក​


បឹង​ទំនប់​ខ្ពប​ត្របែក មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូរ​សារាយ ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ​ក្លាយ​ជាទី​រមណីយដ្ឋាន​ថ្មី​មួយ​ដ៏​គួរអោយ​ទាក់ទាញ​សម្រាប់​អ្នក​មក​កម្សាន្ត​នៅ​ថ្ងៃ​ឈប់សម្រាក​ជាពិសេស​រាល់ពេល​មាន​ពិធី​បុណ្យជាតិ​ម្តងៗ​មាន​ភ្ញៀវ​មកលេង​យ៉ាង​កកកុញ​តាម​បណ្ដោយ​ទំនប់ និង​លើ​ស្ពាន​ដើម្បី​ស្រូបយក​ខ្យល់អាកាស​។​

ដោយ​ធ្វើដំណើរ​ចេញពី​ផ្សារ​អង់​តា​សោម​ឆ្ពោះទៅ​លិច​សំដៅទៅ​ផ្សារ​អង្គ រការ​រួច​បន្តដំណើរ​ទៅមុខទៀត​ប្រមាណ​ជា​១០​គីឡូម៉ែត្រ គេ​នឹង​បានឃើញ​កូន​បឹង​តូច​មួយ ដែល​បង្កប់ខ្លួន​តាម​បណ្តោយ​ជួរ​ភ្នំ​ដ៏​ស្រស់ត្រកាល​។ បើ​ភ្ញៀវ​ឈរ​សម្លឹងមើល​ផ្ទៃ​ទឹក​សំដៅទៅ​ខ្នងភ្នំ​ទាំងនោះ​ហាក់បីដូច​ពួកគេ​កំពុង​បណ្តែត​អារ​ម្ម​ណ៏​អោយ​លង់​ក្នុង​ពិភព​សុបិន​មួយ​ដែល​នឹកស្មាន​មិន​ដល់​។​​

ជាមួយនឹង​ខ្យល់ជំនោរ​បរិសុទ្ធ​បក់​មក​ត្រសៀកៗ​ពី​ទិសនិរតី​ធ្វើអោយ​ភ្ញៀវ​ដែល​កំពុង​ពិសា​អាហារ​នៅតាម​តូប​ឫស្សី​ប្រក់​ស្លឹកត្នោត​តម្រៀប​គ្នា​ជា​ជួរៗ​ប្រប​តាម​មាត់​ទំនប់​រឹតតែ​មាន​អារម្មណ៍​ស្រស់ថ្លា​បំបាត់​អស់​នូវ​ទុក្ខ​កង្វល់​ទាំងពួង​។​

យុវ​សិស្ស​ម្នាក់​ឈ្មោះ​តារា កំពុងតែ​ឈរ​បណ្ដែតអារម្មណ៍​គយគន់​សម្រស់​ផ្ទៃ​ទេសភាព​សងខាង​បឹង​បាន​ប្រាប់ Sabay “​ពួក​ខ្ញុំ​តែង​នាំគ្នា​មក​កម្សាន្ត​ទីនេះ​រៀងរាល់​ល្ងាច​ជាពិសេស​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៏​ព្រោះ​ទីនេះ​មាន​ខ្យល់អាកាស​ល្អ​ណាស់​” ។​

បន្ថែម​ពីលើ​សម្តី​របស់​តារា កញ្ញា​ជា​ម្ចាស់​ហាង​លក់​គ្រឿងក្លែម​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់ថា​៖ "​ទំនប់​ខ្ពប​ត្របែក​នេះ​មាន​ភ្ញៀវ​មកលេង​រៀងរាល់ថ្ងៃ​តែ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ឬ បុណ្យ​ភ្ជំបិណ្ឌ​ទៀត​រិត​តែ​ច្រើន​ធ្វើអោយ​ការលក់​នៅ​ហាង​របស់ខ្ញុំ​កាន់តែ​ដាច់​ជាង​ថ្ងៃ​ធម្មតា​"​។​

​បឹង​ទំនប់​ខ្ពប​ត្របែក​នេះ​មាន​ប្រភពទឹក​ហូរ​ធ្លាក់​មកពី​តំបន់ភ្នំ​ដែល​ធ្វើអោយ​ទីនេះ​មានទឹក​រហូត​សូម្បីតែ​នៅ​រដូវប្រាំង​ជាហេតុ​ធ្វើអោយ​ភ្ញៀវ​ទាំង​ជិត​ទាំង​ឆ្ងាយ​ចង់​មកលេង​កម្សាន្ត​បំបាត់ទុក្ខ​កង្វល់​៕



អត្ថបទ​៖ Sabay
​រូបថត​៖ ទូរ​សព្ទ​ដៃ​