សារអេឡិចត្រូនិច
ក្បឿង​សូ​ឡារ​នេះ​មាន​ការធានា​មួយជីវិត​


លោក Elon Musk នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla បានប្រកាស​លើ​គណនី Twitter របស់ខ្លួន​ថា​ផលិតផល​ក្បឿង​សូ​ឡារ​បាន​បើកទទួល​ការ​កុម្ម៉ង់​ទិញ​ហើយ ដោយ​ទទួល​កុម្ម៉ង់​ទិញ​ពី​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​។​

លោក Musk លើកឡើងថា​ក្បឿង​សូ​ឡារ​នេះ​រំពឹងថា​នឹងមាន​វត្ត​មាននៅ​សហរដ្ឋអាមេរិក​មុន​ចុងឆ្នាំ ២០១៧​។ ចំណែក​ការដឹកជញ្ជូន​ទៅកាន់​ទីផ្សារ​ខាងក្រៅ​អាចធ្វើ​ឡើង​នៅ​ឆ្នាំក្រោយ​។ អ្វីដែល​គួរ​ចាប់អារម្មណ៍​គឺ Tesla បាន​អះអាងថា​ផលិតផល​របស់ខ្លួន​មានការ​ធានា​ជា​រៀងរហូត​។​

Tesla បាន​បញ្ជាក់ថា ៖ «​ធ្វើឡើង​ពី​កញ្ចក់​ដ៏​រឹងមាំ ដូចនេះ​ក្បឿង​សូ​ឡារ​រឹងមាំ​ជាង​ក្បឿង​ប្រក់​ដំបូលផ្ទះ​ធម្មតា​ដល់​ទៅ ៣ ដង​។ ហេតុនេះហើយ​ទើប​យើង​ផ្ដល់ជូន​នូវ​ការធានា​ល្អ​ដាច់​គេ​ក្នុង​សហគ្រាស គឺ​រយៈពេល​មួយជីវិត​នៃ​អាយុកាល​ផ្ទះ​របស់​អ្នក ឬ ជា​រៀងរហូត​តែម្ដង​»​។​

ក្បឿង​សូ​ឡារ​នេះ​មានតម្លៃ​ចន្លោះ​ពី ៣០ ទៅ ៤៥ ដុល្លារ​ក្នុង​មួយ​ហ្វី​ត​ការ៉េ (​ឬ ០,០៩ ម៉ែត្រការ៉េ​) ហើយ​ត្រូវ​ប្រើ​គួបផ្សំ​ជាមួយនឹង​ប្រព័ន្ធ​ផ្ទុក​ថាមពល Tesla Powerwall ដែលមាន​តម្លៃ ៧ ០០០ ដុល្លារ​ផ្សេងទៀត​៕



​ប្រភព​៖ vnexpress /CE /Sabay​