សារអេឡិចត្រូនិច
សណ្ឋាគារ​កម្រាលពូក​មាស ដេក​មួយ​យប់​គិតថ្លៃ​ជាង ២០ ម៉ឺន​ដុល្លារ


សណ្ឋាគារ​មួយ​ក្នុងប្រទេស​អ៊ីតាលី​បានបង្ហាញ​កម្រាលពូក​និង​ស្រោមខ្នើយ​ថ្លៃ​បំផុត​លើ​ពិភពលោក ជាមួយ​ថ្លៃ​ស្នាក់​នៅមាន​តួលេខ ៦ ខ្ទង់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។

សណ្ឋាគារ TownHouse Galleria Milano នឹង​ផ្តល់ជូន​ភ្ញៀវ​នូវ​ការ​ស្នាក់នៅ​បន្ទប់​ដូច​ប្រធានាធិបតី ដែលជា​ឱកាស​មួយ​ដើម្បី​បាន​ដេក​លើ​ក្រណាត់​ត្បាញ​ជាមួយ​មាស ២៤ កា​រ៉ាត់​។

ប្រសិនបើ​ពួកគេ​ពេញចិត្ត​នឹង​យក​កម្រាលពូក​ប្រណិត​នោះ​ទៅផ្ទះ បន្ទាប់ពី​ស្នាក់នៅ​បន្ទប់ នោះ​តម្លៃ​ស្នាក់នៅ​មួយ​យប់ ២០០.០០០ អឺរ៉ូ (២២៣.៨៧០ ដុល្លារ​) នឹងត្រូវ​រាប់បញ្ចូល​ក្នុង​វិក្កយបត្រ​ពួកគេ​។

កម្រាលពូក​ទំនង​មាន​ចំនួន ១០០ ផ្ទាំង​ប៉ុណ្ណោះ​នៅសល់ ហើយ​រាល់​កម្រាលពូក​នីមួយៗ​ត្រូវ​បានដាក់​ក្នុង​ប្រអប់​ត្រឹមត្រូវ មាន​បណ្ណ​ធានា និង មាន​ខ្សែ​អំបោះ​មាស​ថែមទៀត​។

ប្រអប់​ស្រោមពូក​នោះ​រួមបញ្ចូល​ដូចជា កម្រាលពូក​បាត​ក្រោម ១ ស្រោមខ្នើយ ៤ និង ស្រោមពូក​គ្រប​មួយតង់​ទៀត ១​។ សាច់​ក្រណាត់​ទាំងនោះ​ត្រូវបាន​ដេរ​ជាមួយ​ខ្សែ​អំបោះ​មាស ៤០ ភាគរយ​។

យោងតាម​សណ្ឋាគារ​នៅក្នុង​ទីក្រុង​មី​ឡង់​នេះ ស្រោមពូក​មាស​នឹង​ជួយ​ជំរុញ "​ប្រាជ្ញា និង​ចំណេះដឹង​"​។​

សណ្ឋាគារ​នេះ​បន្ថែមទៀតថា របស់​ធ្វើ​ពី​មាស​ទាំងអស់នេះ​ក៏មាន​ប្រសិទ្ធភាព​ជួយ​ការពារ​មនុស្ស នាំមក​នូវ​ថាមពល​ដ៏​ខ្លាំងក្លា បង្កើន​តម្លៃ​មនុស្ស បង្កើន​សេចក្តីក្លាហាន​និង​ឆន្ទៈ និង ពង្រីក​នូវ​អារម្មណ៍​វិជ្ជមាន​"៕

អត្ថបទ៖​ រស្មីកម្ពុជា