សារអេឡិចត្រូនិច
នំ​បញ្ចុក​ទឹក​ម្ហិ​ច​របស់​អ្នក​ឃុំ​កំពង់​គ្រែង​កំពុង​ពេញនិយម​សម្រាប់​ភ្ញៀវ​ជិត​ឆ្ងាយ​


(​កំពត​): មិន​ត្រឹម​ដោយសារតែ​មានឈ្មោះ​ចម្លែក ដែល​ធ្វើឱ្យ​អ្នក​មកពី​ចម្ងាយ​ចង់ដឹង​នូវ​រសជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នំ​បញ្ចុក​ទឹក​ម្ហិ​ច​របស់​កំពុងមាន​ភាព​ទាក់ទាញ​ភ្ញៀវ​ទូទៅ​ឱ្យ​នាំគ្នា​ចូល​ពិសា​ជា​រៀងរាល់ថ្ងៃ​។ អ្នក​ប្រកបមុខរបរ​នេះ​បាន​ប្រែប្រួល​ផ្នែក​ជីវភាព​គ្រួសារ​គួរ​ជាទី​មោទនៈ​។​

ស្ត្រី​ជា​អ្នកលក់​នំ​បញ្ចុក នំ​បាញ់ឆែវ សាច់គោ​អាំង និង​ភេសជ្ជៈ​យីហោ​ចែ​ធូ​នំ​បញ្ចុក​ទឹក​ម្ហិ​ច មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រៃ​ត្នោត ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ​បាន​រៀបរាប់ថា គាត់​បាន​បើកហាង​លក់​អាហារ​ពេល​រសៀល ដោយ​ប្រើ​ឈ្មោះ​នំ​បញ្ចុក​ទឹក​ម្ហិ​ចនេះ រយៈពេល​ប្រាំពីរ​ឆ្នាំ​មកហើយ​។ អត្ថន័យ ព្រមទាំង​ប្រវត្តិ​របស់​ឈ្មោះ​ទឹក​នំ​បញ្ចុក​នេះ សំដៅលើ​អ្វី ឬ​កើតមាន​តាំងពី​ពេលណា​មក​គាត់​ក៏​មិនបាន​ជ្រួតជ្រាប​ដែរ​។ សូម្បី​ពេលខ្លះ​ភ្ញៀវ​សួរនាំ គាត់​ត្រឹម​សារភាពថា​មិនបាន​ដឹង​ទេ តែ​ទឹក​នំ​បញ្ចុក​ដែល​ធ្វើ​ពី​សាច់​ត្រី និង​ទឹក​ដាំ​ពុះ​ផ្សំ​គ្រឿង​បន្តិចបន្តួច​នេះ​ធ្លាប់​ឃើញ​ចាស់ៗ​ធ្វើ និង​ហៅថា​ទឹក​ម្ហិ​ច ទើប​គាត់​នៅ​បន្ត​ថែរក្សា និង​ធ្វើ​លក់​ជូន​ភ្ញៀវ​រហូតដល់​សព្វថ្ងៃ​។

​ស្ត្រី​ដដែល​បញ្ជាក់ថា ភ្ញៀវ​ដែល​មក​ដំបូង​តែងតែ​ប្រាប់ថា ពួកគាត់​ចង់​ហូប​នំ​បញ្ចុក​ប្រើ​ទឹក​លាយ​មានឈ្មោះ​ចម្លែក​នេះ សាកមើល​តើ​រសជាតិ​យ៉ាងណា​?​។ លុះ​មក​លើក​ទី​ពីរ និង​បន្តបន្ទាប់​ទៀត គឺ​ពួកគាត់​នៅតែ​ហៅ​ហូប​ដដែល ពោលគឺ​ភ្ញៀវ​ភាគច្រើន​តែង​សំដៅ​ហូប​នំ​បញ្ចុក​ទឹក​ម្ហិ​ចនេះ​។ ទាក់ទិន​នឹង​បរិមាណ​នៃ​ការលក់ ស្ត្រី​ម្ចាស់​ហាង​បានបញ្ជាក់​ថា​គិត​ជា​មធ្យម ក្នុង​មួយថ្ងៃ​គាត់​លក់​នំ​បញ្ចុក​អស់​ប្រហែល​៣០​គីឡូក្រាម តែ​មិនមែន​សម្រាប់​ទឹក​ម្ហិ​ចមួយ​មុខ​ទេ គឺមាន​ទឹក​ការី ទឹកត្រី​បង្គា​ក្រៀម​រួមផ្សំ​ផងដែរ​។ បើ​មាន​បុណ្យទាន ពិសេស​ថ្ងៃ​សម្រាក​ការងារ ឬ​ថ្ងៃ​សិស្ស​អត់​រៀន​អាច​លក់​អស់​ច្រើនជាង​នេះ ដោយ​នំ​បញ្ចុក​ទឹក​ម្ហិ​ច​ក្នុង​មួយ​ចាន​តម្លៃ​មួយ​ពាន់​ប្រាំ​រយ​រៀល​ប៉ុណ្ណោះ​។​

​លោកស្រី ឃ​ន សុ​ម៉ាលី មេឃុំ​កំពង់​គ្រែង​បាន​រៀបរាប់ថា មកដល់​សព្វថ្ងៃ ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​លក់​នំ​បញ្ចុក​ទឹក​ម្ហិ​ច​ក្នុងភូមិ​ព្រៃ​ត្នោត ឃុំ​កំពង់​គ្រែង​មាន​ប្រាំ​គ្រួសារ​។ វត្តមាន​នៃ​មុខរបរ​នេះ​ចាប់ផ្តើម​កើតឡើង​ប្រហែល​ប្រាំបី​ឆ្នាំ​មកហើយ​ដោយ​ដំបូង​ឡើយ​មាន​តែមួយ ឬ​ពីរ​គ្រួសារ​ប៉ុណ្ណោះ​។ លោកស្រី​មេឃុំ​បានបញ្ជាក់​ថា​នំ​បញ្ចុក​ទឹក​ម្ហិ​ច​កំពុងមាន​ការទាក់ទាញ​អតិថិជន សូម្បី​ភ្ញៀវ​មកពី​ក្រៅប្រទេស​ក៏​ចូលមក​សាក​រសជាតិ​ដែរ​។ តាម​ការកត់សម្គាល់​មុខរបរ​នេះ​បានធ្វើឱ្យ​ពួកគាត់​មាន​ភាព​ធូរធារ​ច្រើន​។

​លោក ពៅ រតនៈ ប្រធានការិយាល័យ​អភិវឌ្ឍន៍​វប្បធម៌ នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពត បាន​រៀបរាប់ថា ឈ្មោះ​ទឹក​ម្ហិ​ចនេះ​កើតមាន​យូរ​មកហើយ គឺ​សំដៅ​លើទឹក​នំ​បញ្ចុក​ដែល​ត្រូវ​ការហូប​ប្រញាប់ ឬ​បន្ទាន់ពេល​នំ​រោយ​រួច​ថ្មីៗ​។ ដំបូង​ឡើយ​កើតឡើង​ពី​ក្រុម​អ្នកធ្វើ​នំ​បញ្ចុក​សម្រាប់​ពិធី​ជួបជុំ​អ្នកភូមិ​។ គ្រា​ដែលមាន​បុណ្យ​ជួបជុំ​ម្តងៗ តែងតែ​ធ្វើ​នំ​បញ្ចុក​ច្រើន ហើយ​នៅពេល​កំពុង ឬ​ទើបនឹង​រោយ​រួច​ថ្មីៗ រមែង​មាន​អ្នក​ចង់​ហូប​ភ្លាមៗ​។ ព្រោះតែ​ការធ្វើ​ទឹកជា​ផ្លូវការ​មិនទាន់​រួចរាល់​ក៏​កើតមាន​គំនិត​យក​ត្រីអាំង ឬ​សាច់​ត្រី​ស្ងោរ​បម្រុង​ធ្វើ​ទឹក​នោះមក​ច្នៃ​ត្រឹម​ដាំទឹក​ឱ្យ​ពុះ​រួច​ដាក់​សាច់​ត្រី​ផ្សំ​ជាមួយ​ស្លឹក​ខ្ទឹម ជីរ​បន្តិចបន្តួច​ជាការ​ស្រេច​។ ម្ល៉ោះហើយ​ពាក្យ​ថា​ម្ហិ​ច​គឺ​សំដៅលើ​ភាព​បន្ទាន់ ឬ​ប្រញាប់ប្រញាល់​នេះឯង​៕L ដោយ​៖ បូកគោ

អត្ថបទ៖ រស្មីកម្ពុជា​