សារអេឡិចត្រូនិច
រ៉េ​ត ស៊ូ​ហ្សា​ណា ប្រឡង​បាក់​ឌុ​ប​ជាប់ និង​ទទួល​បាន​និទ្ទេស​E


(​ភ្នំពេញ​) ៖ លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា (​បាក់​ឌុ​ប​) បាន​បញ្ចេញ​ហើយ​ក្នុង​នោះ​ផង​ដែរ​តារាចម្រៀង​ស្រី​វ័យក្មេង និង​កំពុង​តែ​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន របស់​ផលិតកម្ម​ហង្ស​មាស គឺ​កញ្ញា រ៉េ​ត ស៊ូ​ហ្សា​ណា ទទួល​បាន​និទ្ទេស E ដោយ​កញ្ញា​ទទួល​បាន​លទ្ធផល​នៃ​មុខ​វិជ្ជា​នីមួយ​ៗ​គឺ ខ្មែរ​ទទួល​បាន E, គណិត​វិទ្យា E, ជីវវិទ្យា E, ប្រវត្តិវិទ្យា C, គីមី C, រូបវិទ្យា E និង​ភាសាបរទេស B ជាមួយនឹង​លំដាប់​ពិន្ទុ 82.658 ។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្ដីជូនដំណឹង​ថា បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​៖ ២១ សីហា ២០១៧ មាន​ចំនួន ៦៣.៦៦៨​នាក់ ត្រូវជា​៦៣,៨៤% នៃ​បេក្ខជន​វត្តមាន​សរុប​ចំនួន ៩៩,៧២៨​នាក់​។

តាម​រយៈ​សេចក្ដីជូនដំណឹង ដែល​បា​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​បាន​ឲ្យ​ដឹង​ថា​ក្នុង​ចំណោម​សិស្ស​ដែល​ជាប់​បាក់​ឌុ​ប​ទាំងអស់​រួម​មាន ថ្នាក់​វិទ្យាសាស្ត្រ​មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ៣៤.២៣៤​នាក់ ត្រូវជា​៥៣,៤០% និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​២៩.៤៣៤​នាក់ ត្រូវជា​៨២,៦២%៕