សារអេឡិចត្រូនិច
អតីត​ពិធីករ​ទូរទស្សន៍ លោក​សូ​រ៉ា​យុទ្ធ ត្រូវ​បាន​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ


តុលាការ​ជាន់ខ្ពស់​កាលពី​អង្គារ​ទី ១២ កញ្ញា បាន​ដោះ​លែង​អតីត​ពិធីករ​ទូរទស្សន៍​ល្បីឈ្មោះ លោក សូ​រ៉ា​យុទ្ធ ស៊ូ​ថា​សា​ណា​ចិន្តា (Sorrayuth Suthassanachinda) ឱ្យ​នៅ​ក្រៅ​ឃុំ និង​អ្នក​រួមគំនិត​មួយ​រូប​ទៀត ដែល​ត្រូវ​បាន​កាត់ទោស​ពី​បទ​លួច​បន្លំ​ប្រាក់​ចំណូល​ពី​ការ​ផ្សាយពាណិជ្ជកម្ម​របស់​រដ្ឋ​។

តុលាការ​បាន​អនុញ្ញាត​ឱ្យ​មានការ​បង់ប្រាក់​ធានា​ក្រៅ​ឃុំ​ចំនួន ៥ លាន​បាត​សម្រាប់​ពួក​គេ​ទាំង​ពីរ​ដោយ​មាន​លក្ខខណ្ឌ​ថា ពួក​គេ​មិន​ត្រូវ​ចាក​ចេញពី​ប្រទេស​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​តុលាការ​។

តុលាការ​បាន​និយាយ​ថា អ្នក​ទាំង​ពីរ​ត្រូវ​តែ​រាយការណ៍​ទៅ​តុលាការ​រៀង​រាល់​បី​ខែ​ម្តង​។

សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី ២៩ ខែសីហា​បាន​រក្សា​ទុក​ការ​សម្រេច​របស់​តុលាការ​ជាន់​ទាប ដែល​កាត់ទោស​លោក​សូ​រ៉ា​យុទ្ធ​ឱ្យ​ជាប់គុក ១៣ ឆ្នាំ​និង​បួន​ខែ​។

ករណី​នេះ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​របស់​លោក​សូ​រ៉ា​យុទ្ធ គឺ​ក្រុមហ៊ុន Rai Som Co និង​ជនជាប់ចោទ​ពីរ​នាក់​ទៀត​គឺ​និយោជិត​របស់​ក្រុមហ៊ុន Rai Som ឈ្មោះ ម៉ុ​ន​ថា ធា​រ៉ា​ដែ​ត និង​អតីត​បុគ្គលិក​ក្រុមហ៊ុន MCOT លោក ពី​ចា​ប៉ា អៀម​សា អា​ដ​។

តុលាការ​ជាន់​ទាប​បាន​សម្រេច​ថា​ចុងចោទ​ទាំងនេះ​បាន​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​ដើម្បី​បន្លំ​យក​ប្រាក់​ចំណូល​ពី​ក្រុមហ៊ុន​ទូរទស្សន៍​រដ្ឋ MCOT អស់ ១៣៨ លាន​បាត ដែល​បាន​ពី​ការ​ផ្សាយពាណិជ្ជកម្ម​អំឡុង​ពេល​កាន់កាប់​តំណែង​របស់ សូ​រ៉ា​យុទ្ធ ក្នុង​នាម​ជា​ពិធីករ​កម្មវិធី​ព័ត៌មាន​នៅ​លើ​ប៉ុស្តិ៍​លេខ​៩ រវាង​ឆ្នាំ ២០០៥ និង ២០០៦​។

លោក​ម៉ុ​ន​ថា ត្រូវ​បាន​ផ្តន្ទាទោស​ឱ្យ​ជាប់គុក ១៣ ឆ្នាំ​និង ៤ ខែ​ហើយ និង លោក​ពី​ចា​ប៉ា ជាប់គុក ២០ ឆ្នាំ​។

ក្រុមហ៊ុន Rai Som ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន ៨ ម៉ឺន​បាត​ដោយហេតុ​ថា​ក្រុមហ៊ុន​នេះ​បាន​បង់ប្រាក់​ចំនួន ១៣៨ លាន​បាត​រួច​ទៅ​ហើយ​ឱ្យទៅ​ក្រុមហ៊ុន MCOT ៕