សារអេឡិចត្រូនិច
ភូមិកណ្ដាល​វាលខ្សាច់​ដាច់ស្រយាល បែរ​ជាមានបឹងទឹក​ថ្លាឈ្វេង​ដូចព្រះឥន្ទ​ជប់


យើង​ធ្លាប់​ដឹង​ជា​ទូទៅ​ថា ​វាល​ខ្សាច់​ គឺ​ជា​តំបន់​ហួត​ហែង គ្មាន​ជីវជាតិ ​ពុំ​សូវ​មាន​ភ្លៀង​ធ្លាក់​ និង​ជា​​កន្លែង​មនុស្ស​ភាគ​ច្រើន​មិន​ចង់​ទៅ​ទស្សនា។


អាកាស​ធាតុ គឺ​ក្ដៅ​ដោយ​ស្វ័យ​ប្រវត្តិ​​​នា​ពេល​ថ្ងៃ​ តែ​ចុះ​ត្រជាក់​ខ្លាំង​នៅ​ពេល​យប់។ ​ពេល​ខ្យល់​បក់​ខ្លាំង​បន្តិច ប្រសិន​បើ​អ្នក​នៅ​លើ​វាល​ខ្សាច់ នោះ​ខ្លួន​​​អ្នក​ស្ទើរ​​តែ​គ្រប់​​ដណ្ដប់​ដោយ​ដី​​ខ្សាច់​ជិត។

​ភូមិ​មួយ​​ស្ថិត​នៅ​​កណ្ដាល​វាល​ខ្សាច់​ ប្រទេស​ប៉េរូ ​ពេល​លោក​អ្នក​បាន​ឃើញ​ហើយ​ប្រាកដ​ជា​មាន​អារម្មណ៍​ប្លែក និង​ចង់​​ទៅ​ទស្សនា​ទៀត​ផង។ ភូមិ​​តូច​​នេះ​មាន​ឈ្មោះ Huacachina មាន​បឹង​​ទឹក​ថ្លា​ឈ្វេង​មិន​ចេះ​រីង​ស្ងួត​គ្រប់​រដូវ ស្ថិត​នៅ​ភាគ​​ខាង​លិច​ទីក្រុង​ Ica ភាគ​និរតី​ប្រទេស​ប៉េរូ។

​ផ្ទះ​អ្នក​ស្រុក​មាន​ចំនួន ៩៦​ខ្នង ហើយ​បឹង​ធម្មជាតិ​​នេះ​កកើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៤០​​ មក​ម្ល៉េះ។ ប៉ុន្តែ​បឹង​នេះ​ក៏​មាន​រឿង​ព្រេង​មួយ​ដំណាល​ថា កាល​ពី​ព្រេងនាយ​មាន​ម្ចាស់ក្សត្រី​វ័យ​ក្មេង​មួយ​អង្គ ​កំពុង​ងូត​ទឹក ស្រាប់​តែ​មាន​ព្រាន​ព្រៃ​ម្នាក់​មក​ឃើញ ហើយ​នាង​ក៏​គេច​ខ្លួន​ដោយ​បន្សល់​ទុក​ជា​រណ្ដៅ​ទឹក​​មួយ និង​បង្កើត​ឲ្យ​មាន​ខ្សាច់​ព័ទ្ធ​ជុំវិញ​ដែរ។

ចំពោះ​របរ​ចិញ្ចឹម​ជីវិត​អ្នក​ស្រុក គឺ​ពឹង​អាស្រ័យ​​ទៅ​លើ​ភ្ញៀវ​មក​ឡើង​លេង​វាល​ខ្សាច់ ​មើល​ថ្ងៃ​លិច​ពណ៌​មាស និង​ជិះ​ទូក​​តាម​បឹង​កម្សាន្ត៕

ប្រភព: news.sabay.com.kh