នៅរសៀលថ្ងៃទី៥តុលាក្រុមប្រឹក្សាការងារប្រជុំសម្រេចលើប្រាក់ខែកម្មករកាត់ដេរឆ្នាំ២០១៨
ថ្ងៃ ព្រហស្បត្ត៏ ទី ៥ ខែ តុលា ឆ្នាំ ២០១៧ ម៉ោង ១១:៥៨
ភ្នំពេញ: ក្រុមប្រឹក្សាការងារ ដែលជាយន្តការត្រីភាគី ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងបើកកិច្ចប្រជុំសម្រេចលើការកំណត់តម្លើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករកាត់ដេរ នៅឆ្នាំ២០១៨ នារសៀលថ្ងៃទី៥ ខែតុលានេះនៅទីស្តីការក្រសួងការងារ ។
ការកំណត់កាលបរិច្ឆេទសម្រាប់ក្រុមប្រឹក្សាការងារប្រជុំសម្រេចលើប្រាក់ឈ្នួលកម្មករកាត់ដេរ សម្រាប់ឆ្នាំ២០១៨នេះ បានធ្វើឡើង ក្រោយពីក្រុមការងារបច្ចេកទេសត្រីភាគី ដែលរួមមាន៖ ភាគីសហជីពកម្មករ ភាគីថៅកែរោងចក្រកាត់ដេរ និងភាគីរាជរដ្ឋាភិបាល ដឹកនាំដោយលោក ហេងសួរ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រជុំ ៤លើក ហើយសម្រេចចុងក្រោយ កាលពីរសៀលថ្ងៃទី៣ ខែតុលា ដោយសម្រេចលើតួលេខ ៣ ពីភាគីនីមួយៗ ក្នុងរួមមានៈ សហជីពកម្មករ ដាក់ ១៧០ ដុល្លារ, និយោជក ១៦២ ដុល្លារ និងរាជរដ្ឋាភិបាល ១៦៥ដុល្លារ។
លោក ហេងសួរ បានបញ្ជាក់ថា ក្រុមប្រឹក្សាការងារ ដែលជាយន្តការត្រីភាគី មានភាគីសហជីពកម្មករ ភាគីថៅកែរោងចក្រកាត់ដេរ និងភាគីរាជរដ្ឋាភិបាល នឹងប្រជុំសម្រេចលើតួលេខទាំងបីនោះ ហើយបញ្ជូនទៅស្នើសុំសេចក្តីសម្រេចពីរាជរដ្ឋាភិបាល សម្រាប់កំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរ នៅឆ្នាំ២០១៨។
សូមបញ្ជាក់ថា ក្នុងពេលជួបប្រជុំជាមួយនឹងកម្មករកាត់ដេរ កាលពីព្រឹកថ្ងៃទី៤ ខែតុលាសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសថា ប្រាក់ខែអប្បបរមារបស់កម្មករកាត់ដេរ នៅឆ្នាំ២០១៨ នឹងទទួលបានយ៉ាងតិចពីចន្លោះ ១៦០-១៧០ ដុល្លារ ហើយបើបូករួមទាំងប្រាក់អត្ថប្រយោជន៍ដទៃទៀត គឺកម្មករកាត់ដេរម្នាក់ នឹងទទួលបានប្រាក់ខែជាង ២០០ ដុល្លារ ក្នុង មួយខែ។
ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នៅកម្ពុជា ត្រូវបានតម្លើងជាបន្តបន្ទាប់ នៅឆ្នាំ១៩៩៧ ប្រាក់ឈ្នួលអប្បបរមា ចំនួន៤០ ដុល្លារ។ ឆ្នាំ២០០០ ប្រាក់ឈ្នួលកម្មករនិយោជិតមានចំនួន ៥០ដុល្លារ ( ប្រាក់ឈ្នួលអប្បបរមា ៤៥ដុល្លារ បូកប្រាក់រង្វាន់ ធ្វើការទៀងទាត់ ៥ដុល្លារ)។ ឆ្នាំ២០០៧ ប្រាក់ឈ្នួល ៥៥ដុល្លារ (ប្រាក់ឈ្នួលអប្បបរមា ៥០ដុល្លារ និងប្រាក់រង្វាន់ធ្វើការទៀងទាត់ ៥ដុល្លារ។
ឆ្នាំ២០០៨ ប្រាក់ឈ្នួល ៦១ដុល្លារ (ប្រាក់ឈ្នួលអប្បបរមា ៥០ដុល្លារ បូកប្រាក់រង្វាន់ធ្វើការទៀងទាត់ ៥ដុល្លារ បូកប្រាក់ឧបត្ថម្ភជីវភាព ៦ដុល្លារ)។ ឆ្នាំ២០១០ ប្រាក់ឈ្នួល ៦៦ដុល្លារ ( ប្រាក់ឈ្នួលអប្បបរមា ៦១ដុល្លារ បូកប្រាក់រង្វាន់ធ្វើការទៀងទាត់៥ដុល្លារ )។ ឆ្នាំ២០១១ ប្រាក់ឈ្នួលអប្បបរមា ៦៨ដុល្លារ (ប្រាក់ឈ្នួលអប្បបរមា ៦១ដុល្លារ បូកប្រាក់ធ្វើការទៀងទាត់ ៧ដុល្លារ)។ ឆ្នាំ២០១២ ( ចាប់ពីថ្ងៃទី១ ខែមករា ) ប្រាក់ឈ្នួលអប្បបរមា ៧៣ ដុល្លារ ( ប្រាក់ឈ្នួល អប្បបរមា ៦១ដុល្លារ បូកប្រាក់រង្វាន់ធ្វើការទៀងទាត់ ៧ដុល្លារ បូកប្រាក់ថែទាំសុខភាព ៥ដុល្លារ)។ ឆ្នាំ២០១២ (ចាប់ពីថ្ងៃទី១កញ្ញា ) ប្រាក់ឈ្នួលអប្បបរមា ៨៣ ដុល្លារ (ប្រាក់ឈ្នួលអប្បបរមា ៦១ ដុល្លារ បូកប្រាក់រង្វាន់ធ្វើការទៀងទាត់ ១០ដុល្លារ ប្រាក់សោយហ៊ុយធ្វើដំណើរ និងស្នាក់នៅ ៧ដុល្លារ បូកប្រាក់ថែទាំសុ ខភាព ៥ដុល្លារ )។ ឆ្នាំ២០១៣ ប្រាក់ឈ្នួល ៩៧ដុល្លារ (ប្រាក់ឈ្នួលអប្បបរមា ៨០ដុល្លារ បូកប្រាក់រង្វាន់ធ្វើការទៀងទាត់ ១០ដុល្លារ បូកប្រាក់សោហ៊ុយ ធ្វើការដំណើរ និងស្នាក់នៅ ៧ដុល្លារ)។ ឆ្នាំ២០១៤ ប្រាក់ឈ្នួល១១៧ (ប្រាក់ឈ្នួលអប្បបរមា ១០០ដុល្លារ បូកប្រាក់រង្វាន់ធ្វើការទៀងទាត់ ១០ដុល្លារ បូកប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ៧ដុល្លារ)។ ឆ្នាំ២០១៥ ប្រាក់ឈ្នួល ១៤៥ដុល្លារ (ប្រាក់ឈ្នួលអប្បបរមា ១២៨ដុល្លារ បូកប្រាក់រង្វាន់ ប្រាក់ធ្វើការទៀងទាត់ ១០ដុល្លារ បូកប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ៧ដុល្លារ)។ ឆ្នាំ២០១៦ ប្រាក់ឈ្នួល ១៥៧ដុល្លារ (ប្រាក់ឈ្នួលអប្បបរមា ១៤០ដុល្លារ បូកប្រាក់ធ្វើការទៀងទាត់ ១០ដុល្លារ បូកប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ៧ដុល្លារ )។ ឆ្នាំ២០១៧ ប្រាក់ឈ្នួល ១៧៩ដុល្លារ (ប្រាក់់ឈ្នួលអប្បបរមា ១៥៣ដុល្លារ បូកប្រាក់រង្វាន់ធ្វើការទៀ ងទាត់១០ដុល្លារ បូកប្រាក់សោហ៊ុយធ្វើសំណើរ និងស្នាក់នៅ៧ដុល្លា រ)៕