ប្រៃសណីយ៍កម្ពុជាដំណើរការ eSolution ឆ្នាំក្រោយ
ថ្ងៃ ព្រហស្បត្ត៏ ទី ៥ ខែ តុលា ឆ្នាំ ២០១៧ ម៉ោង ១៤:០៨
ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគរួម Post eSolution នឹងបើកដំណើរការនៅដើមឆ្នាំក្រោយជាមួយនឹងការចាប់ផ្តើមវិនិយោគដំបូង ១,៥ លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធបច្ចេកវិទ្យា។ នេះបើយោងតាមលោក ឱក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជាដែលគ្រប់គ្រងដោយរដ្ឋ។
Post eSolution ជាក្រុមហ៊ុនវិនិយោគរួមទៅពាណិជ្ជកម្មអេឡិចត្រូនិកថ្មីមួយដែលបង្កើតឡើងដើម្បីចាប់យកកំណើនពីប្រតិបត្តិការអនឡាញនៅកម្ពុជា និងការធ្វើពិពិធកម្មលើចរន្តប្រាក់ចំណូលរបស់ខ្លួន។
មានក្រុមហ៊ុន ៣ ដែលវិនិយោគលើក្រុមហ៊ុនថ្មីនេះក្នុងនោះប្រៃសណីយ៍កម្ពុជាមាន ១០ ភាគរយក្រុមហ៊ុន ZVs Investment Co.,Ltd ៥០ ភាគរយ និង ៤០ ភាគរយកាន់កាប់ដោយក្រុមហ៊ុន Paxxa Mobile Solution Co.,ltd។ នេះបើយោងតាមលោក បូរ៉ា។
លោកបានថ្លែងថាដោយសារកំណើនពាណិជ្ជកម្មអេឡិចត្រូនិករបស់ទីផ្សារនេះក្រុមហ៊ុន Cambodia Post eSolution ជាគន្លឹះដ៏សំខាន់ក្នុងការប្រែក្លាយពីអាជីវកម្មធម្មតាទៅជាពាណិជ្ជកម្មអេឡិចត្រូនិក។
លោក ឱក បូរ៉ា ថ្លែងថា៖ «ដោយសារក្រុមហ៊ុនប្រៃសណីយ៍កម្ពុជារបស់យើងទទួលបានជោគជ័យរួចហើយលើសេវាដឹកជញ្ជូនទំនិញដូចនេះវាគឺជាឱកាសក្នុងការពង្រីកសេវារបស់យើងទៅជាសេវាពាណិជ្ជកម្មអេឡិចត្រូនិក យើងនឹងសហការជាមួយអាជីវកម្មក្នុងស្រុកទាំងអស់ក្នុងការផ្ញើផលិតផលរបស់ពួកគេតាមរយៈគេហទំព័ររបស់យើង ហើយយើងនឹងគិតប្រាក់នៅពេលទទួលទំនិញ និងដឹកជញ្ជូន»។
លោកថា មានអាជីវកម្ម និងសហគ្រាសក្នុងស្រុកជាង ៥០ ០០០ ។
ក្រុមហ៊ុន Cambodia Post eSolution នឹងផ្ដល់ការផ្ញើសំបុត្រអេឡិចត្រូនិក និងពាណិជ្ជកម្មអេឡិចត្រូនិក សេវាសំបុត្រអនឡាញតាមរយៈសេវាធនាគារអេឡិចត្រូនិក និង ការសម្រួលដល់ការទូទាត់ដល់គ្រឹះស្ថានរដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធដូចជានាយកដា្ឋនពន្ធដារ។ លោកថ្លែងថាបច្ចុប្បន្នក្រុមហ៊ុនប្រៃសណីយ៍កម្ពុជាបានពង្រីកអ្នកបើកបរដឹកជញ្ជូនទំនិញតាមម៉ូតូរួចហើយដល់ ១៣០ នាក់។
លោកថ្លែងថា៖ «ពេលនេះយើងកំពុងរៀបចំផែនការ និងយុទ្ធសាស្ដ្រអាជីវកម្ម យើងនឹងចាប់ផ្ដើមគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក នៅដើមឆ្នាំក្រោយហើយយើងសង្ឃឹមដំបូងថានឹងបង្កើនចំណូលសម្រាប់វិស័យឯកជន និងជោគជ័យទាំងអស់គ្នាតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកនេះ»។
ចំណូលប្រៃសណីយ៍កម្ពុជានៅឆមាសទី ១ ឆ្នាំ ២០១៧ កើន ៦៣,៧៨ ភាគរយដល់ ៤,២១ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅដែលមានចំនួន ២,៥៧ លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុន៕
ប្រភព: postkhmer.com