សារអេឡិចត្រូនិច
ថាមពល​នៅ​តែ​ជា​កត្តា​ចម្បង​នៃ​សេដ្ឋកិច្ច​ឡាវ


ក្រុងវៀងចន្ទន៍ៈ របាយការណ៍​ចុងក្រោយ​របស់​ធនាគារ​ពិភពលោក​បាន​បង្ហាញ​ថា​ភាព​រីកចម្រើន​នៃ​វិស័យ​ថាមពល​នៅ​ប្រទេស​ឡាវ​នៅ​តែ​ជា​កត្តា​ជំរុញ​សំខាន់ ចំពោះ​កំណើន​សេដ្ឋកិច្ច​ដែល​កំពុង​ថមថយ​សម្ទុះ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦ ​កន្លង​មក​។

កាលពី​ថ្ងៃ​អង្គារ​របាយការណ៍​នៅ​ខែ​តុលា​ឆ្នាំ ២០១៧ របស់​ធនាគារ​ពិភពលោក​ស្តីពី​របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​បាន​ឲ្យ​ដឹង​ថា​ចក្ខុវិស័យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ដែល​មាន​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​វិញ និង​តម្រូវការ​ក្នុង​ស្រុក​ខ្ពស់​ដែល​បាន​បន្ត​កើតឡើង​បាន​ជំរុញ​ចក្ខុវិស័យ​វិជ្ជមាន​ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​។

ចំពោះ​ប្រទេស​ឡាវ កំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករ​ថា​អាច​នឹង​បន្ត​ថមថយ​សម្ទុះ​មក​នៅ​ត្រឹម ៦,៧ ភាគរយ​នៅ​ឆ្នាំ​ ២០១៧ ខណៈ​ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​ដោយសារ​ការ​ធ្លាក់​ចុះ​ផ្នែក​វិនិយោគ វិស័យ​ទេសចរណ៍​កាន់​តែ​ចុះ​ខ្សោយ និង​ការ​គ្រប់គ្រង​កាន់តែ​ខ្លាំង​លើ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​។

យ៉ាង​នេះ​ក្តី​ការ​នាំ​ចេញ​អគ្គិសនី ផលិតផល​ផលិតកម្ម និង​កសិកម្ម​នឹង​បន្ត​កើនឡើង​ដែល​ត្រូវ​បាន​ជំរុញ​ដោយ​សក្តានុពល​ប្រាក់​ចំណេញ​ខ្ពស់​ទន្ទឹម​នឹង​នោះ​ដែរ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​តម្លៃ​ទង់ដែង​នឹង​ជំរុញ​ដល់​ការ​នាំ​ចេញ​រ៉ែ​ផង​ដែរ​។

ការ​ធ្លាក់​ចុះ​នូវ​ចំនួន​ភ្ញៀវទេសចរ​នៅ​ប្រទេស​ឡាវ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​នឹង​មាន​ផលប៉ះពាល់​ជា​វិជ្ជមាន​លើ​ការ​ប្រមូល​ប្រាក់​ចំណូល​សម្រាប់​ថវិកា​ជាតិ​។

សេដ្ឋវិទូ​ជាន់​ខ្ពស់​ប្រចាំ​ការិយាល័យ​របស់​ធនាគារពិភពលោក​នៅ​ប្រទេស​ឡាវ លោក Somneuk Daovading បាន​លើក​ឡើង​ថា​វិស័យ​ទេសចរណ៍​ក៏​ដើរ​តួនាទី​សំខាន់​មួយ​ផង​ដែរ ចំពោះ​កំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុក​ដោយ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​សម្រាប់​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​គឺជា​កត្តា​ចាំបាច់​ដើម្បី​ជំរុញ​ការ​មក​ដល់​របស់​ភ្ញៀវទេសចរ​នៅ​ប្រទេស​ឡាវ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​។

លោក​បាន​បន្ត​ថា​៖ «​ដើម្បី​ធានា​បាន​នូវ​សមិទ្ធផល​ល្អ​នៃ​ការ​មក​ទស្សនា​ប្រទេស​ឡាវ​នៅ​ឆ្នាំ​ ២០១៨ ​ខាង​មុខ​នេះ​គួរ​តែ​មាន​កញ្ចប់​ទេសចរណ៍​បន្ថែម​នៃ​រមណីយដ្ឋាន​ដែល​ត្រូវ​តែ​ទៅ​ទស្សនា​នៅ​ប្រទេស​ឡាវ និង​បុគ្គលិក​បន្ថែម ដែល​ត្រូវ​បាន​បណ្តុះបណ្តាល​ដើម្បី​ផ្តល់​សេវាកម្ម​អាជីព​នៅ​តាម​សណ្ឋាគារ ភោជនីយដ្ឋាន និង​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​ដែល​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​»៕

ប្រភព: postkhmer.com