សារអេឡិចត្រូនិច
ធនាគារ​អេស៊ីលីដា​នៅ​ឡាវ ​និង​ភូមា​បង្ហាញ​កំណើន​ខ្លាំង​ ​


​ភ្នំពេញ​៖ ជាមួយ​ការ​ពង្រីក​ទីផ្សារ​ទៅ​កាន់​បរទេស ធនាគារ​អេ​ស៊ី​លី​ដា​នៅ​ប្រទេស​ឡាវ និង​ភូមា​បាន​បង្ហាញ​ការ​រីក​ចំរើន​ខ្លាំង​ក្នុង​ដំណាច់ត្រីមាស​ទី​៣​ឆ្នាំ​នេះ ធៀប​នឹង​ដំណាច់ឆ្នាំ​មុន​។
 
ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា​ភី​អ៊ិ​ល​ស៊ី​លោក​អ៊ិ​ន ចាន់​នី​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពីដើម​ស​ប្តា​ហ៍​នេះ​ថា​ធនាគារ​អេ​ស៊ី​លី​ដា​នៅ​ប្រទេស​ឡាវ​មានការ​រីក​ចំរើន​ខ្លាំង ដោយ​ទំហំ​ឥណទាន​បាន​កើន​ពី​១១៩​លាន​ដុល្លារ កាលពី​ដំណាច់ឆ្នាំ​មុន​ដល់​១៣០​លាន​ដុល្លារ ស្មើនឹង​កំណើន​៨,៧​ភាគរយ និង​ការ​ដាក់​ប្រាក់​បញ្ញើរ បាន​កើន​ពី​៨៦​លាន​ដល់​៩២​លាន​ដុល្លារ នៅ​ដំណាច់ត្រីមាស​ទី​៣​ឆ្នាំ​នេះ​។
 
លោក​បន្ត​ថា នៅ​ប្រទេស​ឡាវ យើង​ផ្តោត​អតិថិជន​គោលដៅ​ចំពោះ​សហគ្រាស​ធុន​តូច និង​មធ្យម និង​នៅ​ប្រទេស​ភូមា​យើង​ផ្តោត​លើ​សហគ្រាស​ខ្នាត​តូច​បំផុត​។
 
នៅ​ប្រទេស​ភូមា អេ​ស៊ី​លី​ដា​បាន​ប្រតិបត្តិការ ក្នុង​រូបភាព​ជា​មីក្រូហិរញ្ញវត្ថុ ដោយសារ​ច្បាប់​របស់​ប្រទេស​នេះ​មិន​ទាន់​អនុញ្ញាត្ត​ឲ្យ​ជនបរទេស​បើក​ធនាគារ​នៅឡើយ​។
 
លោក​អ៊ិ​ន ចាន់​នី​បាន​បន្ត​ថា នៅ​ប្រទេស​ភូមា​យើង​ផ្តោត​លើ​ការ​ផ្តល់​ឥណទាន ដោយ​មិន​ផ្តោត​លើ​ការ​ដាក់​ប្រាក់​បញ្ញើ​នោះ​ទេ​ដោយសារ​ច្បាប់​ប្រទេស​ភូមា​មិន​ទាន់​អនុញ្ញាត​។ លោក​បន្ត​ថា ការ​ផ្តល់​ឥណទាន​នៅ​ប្រទេស​ភូមា មាន​កំណើន​គួរ​ឲ្យ​ចាប់ អារម្មណ៍​ផង​ដែរ​ដោយ​រយៈពេល​៩​ខែ​ឆ្នាំ​នេះ ការ​ផ្តល់​ឥណទាន​បាន​កើន​ដល់​២១​លាន​ដុល្លារ ធៀប​នឹង​ដំណាច់ឆ្នាំ​មុន​មាន​ទំហំ​ឥណទាន​១៣,៥​លាន​ដុល្លារ​ប៉ុណ្ណោះ​៕