សារអេឡិចត្រូនិច
ប្រធានាធិបតី​ហ្វីលីពីន ឌូ​ធឺ​តេ បញ្ជា​ឱ្យ​បង្កើត​ធនាគារ​ពិសេស​សម្រាប់​ប្រជាជន​ហ្វីលីពីន​នៅ​បរទេស​


ការិយាល័យ​ប្រធានាធិបតី​ហ្វី​លី​ពី​ន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៩​តុលា​ថា ប្រធានាធិបតី​ហ្វី​លី​ពី​ន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​បញ្ជា​ឱ្យ​បង្កើត​សេវ​កម្ម​ធនាគារ​សម្រាប់​ប្រជាជន​ហ្វី​លី​ពី​ន​នៅ​បរទេស​។ ចំណាត់ការ​នេះ គឺជា​ការ​បំពេញ​តាម​ការ​សន្យា​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដែល​បាន​នាំ​ឱ្យ​លោក​បាន​ឡើង​កាន់​អំណាច​នោះ​។

មាន​ប្រជាជន​ហ្វី​លី​ពី​ន​ជិត​១០​លាន​នាក់ ដែល​ធ្វើការ​នៅ​បរទេស ដោយ​ភាគច្រើន​ធ្វើការ​ក្នុង​វិស័យ​សំណង់ ការងារ​គ្រូពេទ្យ ការងារ​ដើរកប៉ាល់ និង​សិល្បៈ ដោយ​បញ្ជូន​លុយ​មក​ផ្ទះ (​នៅ​ហ្វី​លី​ពី​ន​) សម្រាប់​ការ​ជួយ​ទិញ​និង​ប្រើប្រាស់​ទិញ​ផ្សេង​ៗ​ក្នុងស្រុក ដែល​ជា​កម្លាំង​មួយ​ដ៏​សំខាន់​ជួយ​ដល់​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​។

កាលពី​ថ្ងៃ​ចន្ទ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​បញ្ជា​ឱ្យ​ធនាគារ​ហ្វី​លី​ពី​ន Land Bank of the Philippines ទទួល​ធ្វើការ​ផ្តល់​សេវ​កម្ម​ធនាគារ​ដល់​ធនាគារ​ហ្វី​លី​ពី​ន នៅ​បរទេស (Overseas Filipino Bank)​។

ការ​បង្កើត​សេវាកម្ម​ធនាគារ​សម្រាប់​ប្រជាជន​ហ្វី​លី​ពី​ន​ធ្វើ​ការងារ​នៅ​បរទេស​នេះ ត្រូវ​បាន​ធ្វើ​ឡើង ដោយសារ​តែ​ប្រជាជន​ហ្វី​លី​ពី​ន ដែល​រស់នៅ​និង​ធ្វើការ​នៅ​បរទេស​នោះ គឺ​ពឹងផ្អែក​លើ​ស្ថាប័នហិរញ្ញវត្ថុ​ផ្ទេរ​លុយ​ឯកជន ទោះបីជា​តម្លៃ​សេវាកម្ម​ផ្ទេរ​លុយ​ខ្ពស់​ក៏​ដោយ​។ នេះ​បើ​យោង​តាម​បទបញ្ជា​បើក​ធនាគារ​នៅ​បរទេស​នេះ​៕