សារអេឡិចត្រូនិច
អគារ​ខ្ពស់កប់ពពក​របស់​ម​ហា​សេដ្ឋី លី កាស៊ី​ង លក់បាន​ជាង ៥ ពាន់​លាន​ដុល្លារ​នៅ​ហុងកុង


របាយការណ៍​មួយ​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​តុលា​ថា អគារ​ខ្ពស់កប់ពពក​មួយ ដែល​ជា​កម្មសិទ្ធិ​របស់​អ្នកមាន​បំផុត​របស់​ហុងកុង​គឺ​លោក​លី កា​ស៊ី​ង បាន​លក់​ក្នុង​តម្លៃ​កំណត់​ត្រា ជាង ៥ ពាន់​លាន​ដុល្លារ ដែល​នេះ​បង្ហាញ​ថា​វិស័យ​អចលនទ្រព្យ​ដែល​កំពុង​កើនឡើង​យ៉ាង​ខ្លាំង​របស់​ទីក្រុង​នេះ​មិន​បង្ហាញ​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​ទេ​។

យោង​តាម​ប្រភព​ព័ត៌មាន Hong Kong Economic Journal ដែល​ដកស្រង់​ប្រភព​សុំ​មិន​មានឈ្មោះ​បានឱ្យ​ដឹង​ថា ក្រុមហ៊ុន CK Asset របស់​លោក​លី​កា​ស៊ី​ង បាន​លក់​ភាគហ៊ុន ៧៥ ភាគរយ​របស់​ខ្លួន​នៅ​ក្នុង​អគារ The Centre ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្តាល​ទីក្រុង​ហុងកុង​ដ៏​មមាញឹក ដល់​ក្រុមហ៊ុន​ពហុ​ផលិតកម្ម​មួយ ដឹកនាំ​ដោយ​ក្រុមហ៊ុន​ថាមពល​ចិន​។

កាសែត​នេះ​បាន​រាយការណ៍​ថា អគារ​ខ្ពស់​បំផុត​លំដាប់​ទី​៥​របស់​ទីក្រុង​នេះ​នឹង​ក្លាយជា​អគារ​ពាណិជ្ជកម្ម​ថ្លៃ​បំផុត​របស់​ហុងកុង​ដែល​មិន​ធ្លាប់​លក់​ពី​មុន​មក ប្រសិនបើ​កិច្ចព្រមព្រៀង​តម្លៃ ៤០,២ ពាន់​លាន​ដុល្លារ​ហុងកុង (៥,១៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​) សម្រេច​បាន​មែន​នោះ​។

ការ​លក់​នេះ​នឹង​លើស​ពី​ការ​ធ្វើ​ប្រតិបត្តិការ​មួយ​នៅ​ដើមឆ្នាំ​នេះ ជាទី​ដែល​ជាទី​តាំង​ពាណិជ្ជកម្ម​សំខាន់ ដែល​កាន់កាប់​ដោយ​កន្លែង​ចត​រថយន្ត​ច្រើន​ជាន់​នៅ​កណ្តាល​ទីក្រុង ត្រូវ​បាន​លក់​ក្នុង​តម្លៃ ២៣,២៨ ពាន់​លាន​ដុល្លារ​ហុងកុង​ដោយ​រដ្ឋាភិបាល​ឱ្យទៅ​ក្រុមហ៊ុន Henderson Land ដែល​ជា​កម្មសិទ្ធិ​របស់​បុរស​មាន​បំផុត​ទី​២​របស់​ហុងកុង គឺ​លោក លី ស៊ូ គី ។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន CK Asset បាន​និយាយ​ថា មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ភ្លាម​ៗ​ទេ​។

ភាគហ៊ុន​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CK Asset ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​លោក​លី​កា​ស៊ី​ង បាន​កើនឡើង ២,៦២ ភាគរយ​ស្មើនឹង ៦៦,៥០ ដុល្លារ​ហុងកុង​ក្នុង​ការ​ជួញដូរ​នៅ​ហុងកុង​កាលពី​ថ្ងៃ​ចន្ទ ទី​១៦​តុលា​។

របាយការណ៍​នេះ​បាន​បន្ថែម​ថា​កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​បាន​ប្រកាស​ឆាប់​ៗ​នេះ ហើយ​ឈ្មោះ​នៃ​អគារ​នេះ​អាច​ត្រូវ​បាន​ផ្លាស់​ប្តូរ​។

ទីផ្សារ​អចលនទ្រព្យ​ដែល​កើនឡើង​ខ្លាំង​នៅ​ហុងកុង​បាន​ក្លាយជា​បញ្ហា​នយោបាយ ខណៈ​ការ​ចំណាយ​ក្នុង​ទីក្រុង​ថ្លៃ​បំផុត​មួយ​នៅ​លើ​ពិភពលោក​នេះ នៅ​តែ​បន្ត​កើនឡើង ដោយ​បង្ខំ​ឱ្យ​អាជីវកម្ម​ខ្នាត​តូច​មួយ​ចំនួន​បិទទ្វារ ដោយសារ​តម្លៃ​ជួល​ខ្ពស់កប់ពពក​ពេក ស្រប​ពេល​ប្រជាពលរដ្ឋ​ជា​ច្រើន​មិន​អាច​មាន​លទ្ធភាព​ទិញ​ឬ​ជួល​ផ្ទះ​សមរម្យ​ស្នាក់​នៅ​បាន​ទេ​។

តម្លៃ​អចលនទ្រព្យ និង​អគារ​ពាណិជ្ជកម្ម ត្រូវ​បាន​ជំរុញ​ឱ្យ​កើនឡើង​ខ្ពស់ ដោយ​ការ​លំហូរ​ចូល​លុយ​ពី​វិនិយោគិន​និង​អ្នក​អភិវឌ្ឍន៍​ចិនដីគោក​៕