សារអេឡិចត្រូនិច
ក្រុមហ៊ុន Ford ហៅ​ឲ្យ​យក​ឡាន ១,៣​លាន​គ្រឿង​ត្រឡប់​ចូល​រោងចក្រ​វិញ ក្រោយពេល​មាន​បញ្ហា​គន្លឹះទ្វារ​


ក្រុមហ៊ុន​ផលិត​រថយន្ត​អា​មេ​រិច​ហ្វ​ត (Ford) បាន​ហៅ​ឲ្យ​មានការ​យក​ឡាន​ប្រភេទ Pickup ចំនួន ១,៣​លាន​គ្រឿង​ត្រឡប់​ចូល​រោងចក្រ​វិញ ដោយសារ​តែ​មាន​បញ្ហា​គន្លឹះទ្វារ ដែល​បញ្ហា​គ​ន្លឺះ​នេះ អាច​ធ្វើ​ឲ្យ​ទ្វារ​បើក ពេល​ឡាន​កំពុង​បើក​។ នេះ​បើ់​តាម​ការ​ចេញផ្សាយ​របស់ CNN នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។

រថយន្ត F-150 Pickup (​ជា​ប្រភេទ​រថយន្ត​ដែល​អាច​ផ្ទុក​ឥ​វ៉ា​ន់​នៅ​ផ្នែក​ខាងក្រោយ​បាន​) ជា​ប្រភេទ​រថយន្ត​ដែល​លក់ដាច់​ជាងគេ​នៅ​អា​មេ​រិច ហើយ​ការ​ហៅ​យក​ឡាន​ត្រឡប់​ទៅ​វិញ​នេះ មាន​ប្រភេទ​ឡាន​សេរី ២០១៥ ២០១៦ និង​សេរី ២០១៧​។ ឡាន​ដែល​ក្រុមហ៊ុន​ឲ្យ​យក​ត្រឡប់​ទៅ​វិញ មាន​ឡាន​ដែល​កំពុង​លក់​នៅ​អា​មេ​រិច កា​ណា​ដា និង​មិច​ស៊ិ​ច​កូ​។

ក្រៅពី​បញ្ហា​គ​ន្លឺះ​ទ្វារ​ដែល​អាច​ធ្វើ​ឲ្យ​វា​បើក​ដោយ​ចៃដន្យ​ដោយ​ខ្លួនឯង គ​ន្លឺះ​ទ្វា​រក៍​មាន​បញ្ហា ដោយ​មិន​អាច​ឲ្យ​អ្នកបើកបរ បើក​វា​បាន​នៅ​ពេល​ត្រូវការ​បើក​។

ក្រុមហ៊ុន Ford បាន​ធ្វើការ​ប៉ាន់​ប្រមាណ​ថា ក្រុមហ៊ុន​នឹង​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ២៦៧​លាន​ដុល្លា​ដើម្បី​ជួសជុល​វា​។

កាលពី​ឆ្នាំ​មុន ក្រុមហ៊ុន​បាន​លក់​ឡាន​ប្រភេទ​នេះ​ដាច់​ចំនួន ៨២០.០០០​គ្រឿង​នៅ​អា​មេ​រិច​៕