សារអេឡិចត្រូនិច
កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ថ្នាក់​តំបន់​អាស៊ី ប៉ាស៊ីហ្វិក និង​កា​រា​បៀ​ន


ភ្នំពេញ៖ កិច្ចប្រជុំ​ថ្នាក់​តំបន់ (​អាស៊ី ប៉ា​ស៊ី​ហ្វិ​ក និង​កា​រា​បៀ​ន​) សម្រាប់​ត្រៀម​រៀបចំ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១១​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ប្រ​ពឹត្ត​ទៅ​ដោយ​ជោគជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧​នេះ នៅ​ខេត្តសៀមរាប​ប្រទេស​កម្ពុជា​ក្រោម​អធិបតីភាព​របស់ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។

លោក ប៉ាន សូរ​ស័ក្តិ បាន​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​នេះ គឺ​បាន​ជជែក​និង​ពិភាក្សា ព្រមទាំង​ពិគ្រោះ​យោបល់​អំពី​កាលានុវត្តភាព បញ្ហា ប្រឈម និង​ដំណោះស្រាយ​លើ​បញ្ហា​នានា ដូច​ជា​ការ​លើក​ស្ទួយ​ផលិតផល​ធ្វើ​ពី​កប្បាស វិស័យ​ជលផល គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​មិន​កំណត់​ពន្ធគយ និង​បរិមាណ​ដែល​មិន​ទាន់​បាន​ដោះស្រាយ​រួច​ស្រេច​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ក្នុង​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កន្លង​ទៅ ដើម្បី​លើកយក​មក​ពិភាក្សា​បន្ត​នៅ​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១១ នៅ​ពេល​ខាង​មុខ​។

ជុំវិញ​ចំ​ណុ​ន​នេះ លោក ហង់​រី ម៉ុង​សូ (Henri NONEAU) ឯកអគ្គរាជទូត​នៃ​ស្ថាន​បេស​កម្ម​អចិន្ត្រៃយ៍​របស់​អង្គការ​ជាតិ​នៃ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​នៅ​អង្គការសហប្រជាជាតិ និង​អង្គការ​ពាណិជ្ជកម្ម ពិភពលោក​ឲ្យ​ដឹង​ថា​ក្នុង​រយៈពេល​ពីរ​ខែ​ខាង​មុខ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១១​របស់​អង្គការ ពាណិជ្ជកម្ម​ពិភពលោក នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង បូ​ណូ​ស អែរ ( Buenos Aires) ប្រទេស​អា​ហ្ស៉​ង់​ទី​ន ។
 
លោក​ឯកអគ្គរាជទូត បាន​លើក​ឡើង​បន្ត​ថា ដោយ​មានការ​ខិតខំ​ប្រឹងប្រែង និង​កិច្ច សហការ​ពី​សំណាក់​ក្រសួងពាណិជ្ជកម្ម​និង​អង្គការ​អន្តរជាតិ​នៃ​បណ្តា​ប្រទេស​ប្រើ​ភាសា​បារាំង (OIF) កិច្ចប្រជុំ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា​ឲ្យ​មានការ​ចូលរួម​ពី​សំនាក់​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា និង​ពិគ្រោះ​យោបល់​ជុំវិញ​ប្រធានបទ​ខាងលើ​។
 
លោក​បន្ត​ថា លោក​ប្រាថ្នា​ចង់​ឃើញ​នូវ​ពិភពលោក​មួយ​ដែល​រីក​ចម្រើន មាន​ចរាចរ​ទំនិញ និង​កម្លាំង​ពលកម្ម មាន​បំ​លាស់​ប្តូរ​បច្ចេកវិទ្យា និង​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។
 
សូម​បញ្ជាក់​បន្ថែម​ថា កិច្ចប្រជុំ​ថ្នាក់​តំបន់ (​អាស៊ី ប៉ា​ស៊ី​ហ្វិ​ក និង​កា​រា​បៀ​ន​) ខាងលើ​នេះ មានការ​ចូលរួម​ពី​គណប្រតិភូ​មក​ពី​បណ្តា​ប្រទេស​ជា​សមាជិក​អង្គការ OIF រួម​មាន​៖ បារាំង បេ​ណាំង វៀតណាម ហៃ​ទី និង​ឡាវ ព្រមទាំង​តំណាង​របស់​អង្គការ​អន្តរជាតិ​នានា​ប្រមាណ​១០០​នាក់​៕