សារអេឡិចត្រូនិច
ការនាំ​ម៉ូតូ​ពី​ថៃ​មក​កម្ពុជា​តាម​ខេត្តបន្ទាយមានជ័យ មន្ត្រី​គយ​ថា ក្រុមហ៊ុន​នាំចូល​គឺមាន​ច្បាប់​


បន្ទាយ​មាន​ជ័យ​៖ ការ​នាំ​ម៉ូតូ​ពី​ថៃ​មក​កម្ពុជា​តាម​ខេត្តបន្ទាយមានជ័យ  មន្ត្រី​គយ​និយាយ​ថា ចូល​តាម​ច្រកព្រំដែន​អន្តរជាតិ​ឬ​ច្រក​តំបន់ ឬ​ជួនកាល​តាម​ច្រករបៀង​ផង​ក៏​មាន​អាជ្ញាប័ណ្ណ​ឬ​ច្បាប់​អនុញ្ញាតិ​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ដែរ​។ អ្នក​នាំ​ចូល​បាន​ប្រកាស​ដល់​គយ​ជា​មុន​។

លោក ជា ប៊ុ​ន​ថន ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកព្រំដែន​តំបន់​បឹង​ត្រកួន​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​អោយ​ដឹង​តាម​ទូរស័ព្ទ​ថ្ងៃ​ទី​១៨ ខែតុលា​ថា ការ​នាំ​ចូល​ម៉ូតូ​គ្រប់​ប្រភេទ​ពី​ប្រទេស​ថៃ​តាម​ច្រក​តំបន់​បឹង​ត្រកួន ឬ​ជួនកាល​សល់​ខ្លះ​នាំ​ចូល​តាម​ច្រករបៀង​គឺ​មនុស្ស​នាំ​ចូល​របស់​ក្រុមហ៊ុន​បាន​សុំ​អាជ្ញាប័ណ្ណ​នាំ​ចូល​(​អ៊ី​ន​វ៉​យ​:Invoice) ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ជា​មុន ឯ​មន្ត្រី​គយ​តាម​ច្រក​និង​គោលដៅ​ចាំ​ទទួល​ពិនិត្យ ផ្ទៀងផ្ទាត់​ឯកសារ​។

លោក​បន្ត​ថា ៖ ការ​បង់​ពន្ធគយ​បែប​នេះ មិន​ស្ថិត​ក្នុង​ខ្ទង់​បង់​ពន្ធគយ​ធម្មតា​និង​បូក​បន្ថែម​ការ​ផាកពិន័យ​ឡើយ​។ តែ​ការ​នាំ​ចូល​គ្មាន​ក្រុមហ៊ុន គ្មាន​អ៊ី​ន​វ៉​យ​នឹង​ត្រូវ​បង់​ពន្ធគយ​និង​ថែម​ការ​ផាកពិន័យ​។

លោក ជា ប៊ុ​ន​ថន និយាយ​បន្ត​ថា  នៅ​ច្រក​នេះ​កន្លង​មក​និង​ប​ច្ចប្ប​ន្ន​មាន​ក្រុមហ៊ុន​៤-៥ បាន​ឆ្លាស់​វេន​គ្នា​សុំ​អ៊ី​ន​វ៉​យ​ពី​អគ្គនាយកដ្ឋាន​គយ ហើយ​នាំ​ចូល​តាម​នេះ ក្នុង​១​ក្រុមហ៊ុន​តូច​ៗ មាន​២​ទៅ​៥​គ្រឿងក្នុង​១​ថ្ងៃ​ៗ​។

លោក​អះអាង​ថា ការ​នាំ​ម៉ូតូ ឬ​ដល់​រថយន្ត​ផង​ដែរ មុន​មែន​អាច​នាំ​តែ​តាម​ច្រកព្រំដែន​អន្តរជាតិ​ដូច​ជា​ប៉ោយ​ប៉ែ​ត​នោះ​ទេ​។ គឺ​អគ្គនាយកដ្ឋាន​គយ​អាច​ចារ​អនុញាត​ឲ្យ​នាំ​ចូល​តាម​ច្រកព្រំដែន​ផ្សេង​ទៀត​ក៏​បាន​។ ដូច​ជា​កាល​ឆ្នាំ​២០១៦  ច្រក​នេះ​ក៏​នាំ​ចូល​ឡាន​ថ្មី​២០-៣០​គ្រឿង​ផង​ដែរ​។

ដូច​ជា​កន្លង​មក​និង​ប​ច្ចប្ប​ន្ន​មាន ក្រុមហ៊ុន​៤-៥​បាន​ឆ្លាស់​វេន​គ្នា​អោយ​មនុស្ស​ខ្លួន​សុំ​អាជ្ញាប័ណ្ណ​នាំ​ចូល​ម៉ូតូ​ស៊េរី​ទំនើប​ចម្រុះ​តាម​ច្រក​នេះ ដូច​ជា​ក្រុម​គ្លូ​ប៊​ល ឌី​មេន អ៊ឹម​ផត អិ​ច​ផត​( Global Demand Import Export Co.,Ltd) មាន​ភរិយា​លោក​ខែ​ម សុ​ភ័​ណ្ឌ ជា​អ្នក​នាំ​ចូល​ស្របច្បាប់​ជាដើម​។ ប៉ុន្តែ​ប្រភព​ផ្សេង​ទៀត​ថា កន្លង​មក​មាន​ម៉ូតូ​ស៊េរី​ទំនើប​ដូច​គ្នា​នេះ ត្រូវ​គេ​នាំ​ចូល​តាម​ច្រករបៀង​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ តាម​ច្រករបៀង​ចម្ការ​គ​ស្រុក​ស្វាយចេក ដែល​ស្របច្បាប់​ដែរ​។ ហើយ​ក៏​មានការ​បង្ក្រាប​ខ្លះ​ដោយ​អត់​ច្បាប់​។ ករណី​នោះ លោក​ជា ប៊ុ​ន​ថន​និយាយ​ថា នោះ​ជា​កន្លែង​ទទួលខុសត្រូវ​ផ្ទាល់​ពី​មន្ត្រី​គយ​សាខា​។ សូម​រំលឹក​ថា កន្លង​មក​ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​ក្នុងស្រុក​និង បណ្តាញ​សង្គម​ខ្លះ បាន​ផ្សាយ​ថា ម៉ូតូ​ដែល​ដឹក​នឹង​ឡាន​ទាំង​ឡាន​ៗ​ជា​ម៉ូតូ​គេចពន្ធ​នាំ​ចូល​ពី​ថៃ​ខុសច្បាប់ ។ ហើយ​ក៏​មាន​មន្ត្រី​សមត្ថកិច្ច​ខ្លះ​បាន​ឃុបឃិត អាងខ្នង អាង​អំណាច​ទៅ​រកស៊ី​នាំ​ចូល​ម៉ូតូ​គេចពន្ធ​ជាដើម​។

ករណី​ចោទប្រកាន់​នេះ លោក​ប្រធាន​ការិយាល័យ​គយ​ច្រក​បឹង​ត្រកួន​បាន​បដិសេធ​ថា​. បើ​អ្នក​ឬ​ក្រុមហ៊ុន​នាំ​ចូល​ហ៊ាន​ដឹក​ម៉ូតូ​ទាំង​ឡាន​ចឹ​ង​ហើយ ដូច​ជា​មិន​អាច​ប្រថុយ​គេចពន្ធ​ឡើយ​។ តែបើ​មាន​ចូល​តាម​ច្រករបៀង ហើយ​ជិះ​គេច នោះ​អាច​មាន​បន្លំ​ខ្លះ​។ ទោះ​យ៉ាងណា ក៏​នៅ​ចៀស​មិន​រួច​ពី​ត្រូវ​គយ​ចល័ត​ខេត្ត​និង​គយ​ចល័ត​ក្រសួង​បង្ក្រាប​មិន​ខាន​។ បើ​បង្ក្រាប​មិន​បាន ក៏​ម្ចាស់​នឹង​ចូល​ប្រកាស​បង់ពន្ធ​គយ​និង​បង់​ផាកពិន័យ​ដែរ​។ ដូច្នេះ​ប្រការ​ដែល​ថា មាន​នរណា ទោះ​មាន​អំណាច មានទ្រព្យ​យ៉ាងណា​ក៏​មិន​អាច​ហ៊ាន​ឬ​អាងខ្នង​អាង​ខ្សែ រកស៊ី​នាំ​ចូល​ម៉ូតូ​អត់​ពន្ធ​ដែរ​។ ឯ​មន្ត្រី​គយ​វិញ​ក៏​មិន​ប្រថុយប្រថាន​អោយ​មាន​ករណី​រត់ពន្ធ​បែប​នេះ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដែរ​។

លោក ពេ​ជ វ៉ា​ន់​ធី ជំនួយការ​ប្រធាន​សាខា​គយ​និង​រដ្ឋការ​ខេត្តបន្ទាយមានជ័យ​អោយ​ដឹង​ល្ងាច​ថ្ងៃ​ទី​១៨​តុលា​ថា​៖ ពិតជា​មាន​ក្រុមហ៊ុន​៣-៤ នាំ​ម៉ូតូ​ពី​ថៃ​ចូល​មក​ខេត្តបន្ទាយមានជ័យ​តាម​ច្រក​ទ្វារ​ព្រំដែន​តំបន់​បឹង​ត្រកួន​និង​ច្រក​តំបន់​ម៉ា​ឡៃ​មែន ។ ក្រុមហ៊ុន​ទាំងនោះ នាំ​ចូល​ម៉ូតូ​ដោយ​មាន​អ៊ី​ន​វ៉​យ​(Invoice)​ពី​អគ្គ​នាយ​ដ្ឋា​ន​គយ ហើយ​កន្លង​មក​មក​ពួក​គេ​ក៏​មិន​ហ៊ាន​នាំ​ចូល​ម៉ូតូ​គេចពន្ធ​ដែរ​។ តែបើ​មាន  អាច​ជា​បុគ្គល​ឯកជន​បាន​ឆក់​ឱកាស​ម្តងម្កាល តែ​ក៏​គេច​មិន​រួច​ពី​ការ​បង្ក្រាប​ដែរ​។

លោក ពេ​ជ វ៉ា​ន់​ធី អោយ​ដឹង​បន្ត​ថា​៖ ចំពោះ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​ក្រុមហ៊ុន​ហុងដា ធំ​ជា​អ្នក​នាំ​ចូល​ម៉ូ​តួ ឬ​ក៏​មាន​ក្រុមហ៊ុន​តូ​វ​ខ្លះ​ដែរ ក្នុង​នោះ​មាន​ក្រុមហ៊ុន​Weller Transport & Import Export Co.,Ltd​ជាដើម​។

លោក​បន្ថែម​ថា បើជា​ក្រុមហ៊ុន គេ​តែង​នាំ​ចូល​ម៉ូតូ​ដោយ​ស្របច្បាប់ មាន​សុំ​អ៊ី​ន​វ៉​យ​គយ​មុន ប្រកាស​មុន ហើយ​នាំ​មក​តាម​ច្រកព្រំដែន​ផ្លូវការ​។ ប៉ុន្តែ​ប្រភព​ផ្សេង​ទៀត​អោយ​ដឹង​ថ្ងៃ​ទី​១៩​តុលា​ថា ៖ ដូច​ថ្មី​ៗ​នេះ មាន​ករណី​គយ​ចល័ត​នៃ​អគ្គនាយកដ្ឋាន​ប្រចាំ​ខេត្តបន្ទាយមានជ័យ​ស្ទាក់​ចាប់​ម៉ូតូ​ទំនើប​ៗ​រត់ពន្ធ​និង​ទំនិញ​មួយ​ចំនួន​ខណ​: លោក ឈុ​ន សុ​វ​ណ្ណា​រី ប្រធាន​ក្រុម​ទើប​តស៊ូ​វិល​ចាប់​បាន​តំណែង​នេះ​វិញ​នោះ  ម៉ូតូ​ទាំងនោះ​ជា​របស់​បុគ្គល​ឯក​ជម​ក្រៅពី​ក្រុមហ៊ុន​។ ហើយ​គយ​ចល័ត​របស់​សាខា​ខេត្តបន្ទាយមានជ័យ​ក៏​មាន​ស្ទាក់​បង្ក្រាប​បាន​ដែរ​។ ប៉ុន្តែ គយ​ក៏​មិន​ប​ដិ​សេ​ដ​ដែរ​ថា មាន​បុគ្គល​ខ្លះ​បាន​លួច​បន្លំ​ប្រើ​ឈ្មោះ​ក្រុមហ៊ុន​ដើម្បី​ឆ្មក់​នាំ​ចូល​ម៉ូតូ​រាយ​មួយ​ចំនួន​ដែរ​។

លោក ខែ​ម សុ​ភ័​ណ្ឌ អ្នកមាន​ស្តង់​ម៉ូតូ​លក់​នៅ​ក្រុង​សិរី​សោភ័ណ​អោយ​ដឹង​ថ្ងៃ​ទី​១៨​តុលា​ថា​: ភរិយា​លោក​បាន​ទទួល​ម៉ូតូ​ពី​ក្រុមហ៊ុន​គ្លូ​ប៊​ល ឌី​មេន អ៊ី​ម​ផត​អិ​ច​ផត​ដោយ​បង់​ពន្ធគយ​និង​មាន​អ៊ី​ន​វ៉​យ​ជា​មុន​។ កន្លែង​លោក​មិន​ដែល​អាងខ្នង អាង​អំណាច​នរណា ហើយ​ទៅ​រកស៊ី​ខុសច្បាប់ រាប់​ទាំង​មិន​ដែល​នាំ​ចូល​ម៉ូតូ​គេច​ពន្ធគយ​នោះ​ដែរ​។

ឯ​លោក យឹ​ម សុ​ភ័​ណ ម្ចាស់​ស្តង់​ម៉ូតូ​មួយ​ផ្សេង​ទៀត នៅ​ក្រុង​សិរី​សោភ័ណ​ដែរ​រ​អោយ​ដឹង​ថ្ងៃ​ទី​១៨​តុលា​ដែរ​ថា ៖ គ្រួសារ​លោក​នាំ​ចូល​ម៉ូតូ​បង់​ពន្ធគយ​ត្រឹមត្រូវ​តាម​រយ​:​ក្រុមហ៊ុន Weller Transport & Import Export Co.,Ltd  ដោយ​ភាគច្រើន​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​ជួនកាល​តាម​ច្រក​តំបន់​នៅ​ខេត្ត​បន្ទាយ​មា​មន​ជ័យ​និង​បាត់ដំបង​ជាដើម​៕