សារអេឡិចត្រូនិច
បន្ទាប់ពីចេកអំបូងលឿង កម្ពុ​ជាមាន​គម្រោង​នាំ​ចេកពងមាន់​ទៅកាន់​ទីផ្សារ​បរទេស​បន្ថែមទៀត


ភ្នំពេញ​៖ កម្ពុជា​នឹង​នាំ​ចេញ​ចេកពងមាន់​បន្ថែម ក្រៅពី​ចេក​អំបូរ​លឿង​ដើម្បី​ប្រកួតប្រជែង និង​ដណ្ដើម​ទីផ្សារ​ជាមួយ​ប្រទេស ហ្វី​លី​ពី​ន ថៃ វៀតណាម និង​ប្រទេស​ឡាវ និង​ម្យ៉ាងវិញទៀត​គឺ​លើក​ត​ម្កើ​ន​ផលិត​កសិកម្ម​របស់​ខ្មែរ​។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​លោក វេ​ង សា​ខុន​បាន​លើក​ឡើង​ក្នុង​ពិធី​ផ្ដល់​អាហារ​រូ​ករ​ណ៍​ និង​មូលនិធិ​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ឧត្តមភាព​ប្រពលវប្បកម្ម​កសិកម្ម​និរន្តរភាព និង​អាហារ​រូប​ត្ថ​ម្ភ​ជូន​ដល់​មន្ត្រី​សាស្ត្រាចារ្យ និង​និស្សិត​សាលា​ភូមិន្ទ​កសិកម្ម នា​ព្រឹក​ថ្ងៃ ទី​១៨ តុលា​ម្សិល​ម៉ិ​ញ​នេះ​ថា កម្ពុជា​មាន​គម្រោង​នាំ​ចេញ​ចេកពងមាន់ ទៅ​កាន់​ទីផ្សារ​បរទេស​ដើម្បី​ប្រកួតប្រជែង​និង​ដណ្ដើម​ទីផ្សារ​ជាមួយ​ចេក​អំបូរ​លឿង ពី​ប្រទេស​មួយ​ចំនួន និង​លើក​ត​ម្កើ​ន​ផលិតផល​កសិកម្ម​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ចេកពងមាន់​ជា​របស់​ដែល​ដូនតា​ខ្មែរ បាន​បន្សល់​ទុក វា​មាន​លក្ខណៈ​ពិសេស​ជាង​ចេកអំបូង​លឿង​ ប៉ុន្តែ​ក្រសួង​ត្រូវការ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលា​ភូមិន្ទ​កសិកម្ម ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ធ្វើ​យ៉ាងណា​រក្សា​សំបកចេក​ឲ្យ​បាន​មួ​យស​ប្ដា​ហ៍ រឺ​ជាង​មួ​យស​ប្ដា​ហ៍​កុំ​ឲ្យ​ឡើង​ជាំ​ខ្មៅ ព្រោះ​ការ​ឡើង​ខ្មៅ​សំបក​នេះ អាច​ជា​ការ​រាំងស្ទះ​ដល់​តម្រូវការ​ទិញ​។ ឯកឧត្តម​បាន​លើក​ឡើង​ថា ការ​ជ្រើសរើស​សាលា​ភូមិន្ទ​ជា​ដៃគូរ​ស្រាវជ្រាវ ការ​ថែទាំ​សំបកចេក​ឲ្យ​លឿង​ល្អ​បាន​រយៈពេល​យូរ​នេះ​ដោយសារ​តែ​សាលា​ភូមិន្ទ​មាន​មន្ទីរពិសោធន៍​ច្រើន និង​អ្នកជំនាញ​ផ្នែក​កសិកម្ម​ជា​ច្រើន​។

បច្ចុប្បន្ន​នេះ​កម្ពុជា​ក៏​ដាំចេក​អំបូង​លឿង ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ប្រទេស​ដទៃ​ទៀត​ផង​ដែរ ដោយ​ក្នុង​នោះ​លោក វេ​ង សុ​ខុន​បញ្ជាក់​ថា ចេកអំបូង​លឿង​មាន​ដាំ​ក្នុង​ខេត្ត​មណ្ឌល​គី​រី ដោយ​ក្នុង​មួ​យស​ប្ដា​ហ៍​អាច​នាំ​ចេញ​ច្រើន​ជាង​៣០០​ទៅ​៤០០​តោន​។ ចេកអំបូង​លឿង​របស់​ខ្មែរ​ទាំងនេះ ត្រូវ​បាន​នាំ​ចេញ​តាម​ច្រក​វៀតណាម បន្ត​ទៅ​ចិន ជប៉ុន និង​អូស្ត្រាលី​មួយ​ចំនួន​៕