សារអេឡិចត្រូនិច
នាយករដ្ឋមន្ត្រី​ជប៉ុន ប្តេជ្ញា​ដោះស្រាយ​បញ្ហា​គំរាមកំហែង​របស់​កូរ៉េខាងជើង ក្រោយ​ជាប់ឆ្នោត​ម្តងទៀត​


នាយក​រដ្ឋមន្ត្រី​ជប៉ុន ហ្សី​ន ហ្សូ​អា​បេ (Shinzo Abe) បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ដោះស្រាយ​បញ្ហា​ឲ្យ​តឹង​រឹង​ជាមួយនឹង​កូរ៉េ​ខាងជើង បន្ទាប់​ពី​រូប​លោក​ទទួល​បាន​ជ័យ​ជំនះ​ម្តងទៀត​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់ BBC នៅ​ថ្ងៃ​ច័ន្ទ​នេះ​។

លោក​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា “​កិច្ចការ​បន្ទាប់​របស់ខ្ញុំ​គឺ​ដោះស្រាយ​បញ្ហា​របស់​កូរ៉េ​ខាងជើង​។ សម្រាប់​បញ្ហា​នោះ វា​នឹង​ត្រូវការ​ផ្នែក​ការទូត​ដ៏​តឹងតែង​”​។

លោក​បាន​និយាយ​ថា គាត់​បាន​ស្នើ​ឲ្យ​មានការ​បោះ​ឆ្នោត​មុន​អាណត្តិ​មួយ​ឆ្នាំ គឺ​ដើម្បី​បន្ថែម​អាណត្តិ​របស់​គាត់ ក្រោយ​ពេល​ប្រទេស​មាន​វិបត្តិ​ជា​ច្រើន ហើយ​ក្នុង​ចំណោម​វិបត្តិ​ទាំងនោះ​មាន ការ​គំរាមកំហែង​របស់​ទីក្រុង​ព្យុ​ង​យ៉ាង​។

បើ​តាម​ការ​ស្ទង់​មតិ​លើ​ប្រជាជន​ដែល​បាន​ចាក​ចេញពី​កន្លែង​បោះ​ឆ្នោត លោក​អា​បេ​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ ហើយ​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម (LDP) របស់​លោក​អាច​នឹង​ឈ្នះ​អាសនៈ​ពី ២៥៣ ទៅ ៣០០ ក្នុង​ចំណោម​អស​ន​៖​ទាំង ៤៦៥​ក្នុង​សភា​។

បច្ចុប្បន្ន ជប៉ុន​កំពុង​ទទួល​រង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ពី​កូរ៉េ​ខាងជើង ដែល​ពិភពលោក​មើលឃើញ​ថា ជិត​សម្រេច​បាន​អាវុធ​ប្រល័យ​លោក​ហើយ ដោយសារ​តែ​ប្រទេស​ផ្តាច់​ការ​មួយ​នេះ មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​លើ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ កូរ៉េ​ខាងជើង​បាន​ធ្វើការ​បាញ់​សាកល្បង​មី​ស៊ី​ល​ចំនួន ២​ដង​ហោះ​លើ​ប្រទេស​ជប៉ុន​៕