សារអេឡិចត្រូនិច
កសិដ្ឋាន​មួយ​នៅ​ខេត្ត​កំពត​ ចិញ្ចឹម​ជ្រូកព្រៃ​រាប់​រយ​ក្បាល​សម្រាប់​សេវាទេសចរណ៍


ស្ថិត​នៅលើ​ផ្ទៃ​ដីជាង ២ហិកតា នៃ​​តំបន់​រមណីយដ្ឋាន​ឋានសួគ៌បូក​គោ កសិដ្ឋានចិញ្ចឹម​ជ្រូកព្រៃមួយ​ត្រូ​វ​​បាន​​បង្កើត​​​ឡើង​ ​ក្នុង​គោលបំណងបម្រើ​ឱ្យការ​​ទស្សនាកម្សាន្ត​របស់​ភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ​​​​។​

ប្រ​ហាក់​ប្រ​ហែល​​គ្នា​ទៅ​នឹងកសិដ្ឋានចិញ្ចឹមជ្រូកស្រុក​ដែរ កសិដ្ឋាន​នេះ​មាន​រោង​ប្រក់​ដំបូល​​ដើម្បី​ឱ្យជ្រូកជ្រក​​ពេល​មាន​ភ្លៀង​ផ្គរ កន្លែងដាក់​ចំណី​ និងថ្លុកទឹកសម្រាប់​ជ្រូកដេកននៀលផងដែរ ។

លោក នួន ហន អ្នក​​គ្រប់​គ្រប់​នៅកសិដ្ឋាន​ចិញ្ចឹមជ្រូក​ព្រៃ​នៃរមណីយដ្ឋាន​ឋានសួគ៌បូក​គោ​បាន​ថ្លែង​ថាជ្រូក​ទាំង​នេះ​មិន​មែន​ចិញ្ចឹម​សម្រាប់​​កាប់​សាច់​នោះទេ។ លោក​ថា​ជ្រូក​ទាំងនេះ​ចិញ្ចឹម​ក្នុង​គោល​បំណង​ដាក់​ឲ្យ​អ្នក​ទេសចរ​ទស្សនា​ប៉ុណ្ណោះ។​

លោក​បានបន្ថែម បច្ចុប្បន្ន​ជ្រូកព្រៃ​​​ក្នុង​កសិដ្ឋាន​មានជាង៦០០​ក្បាល​ ខណៈពេល​បង្កើតដំបូង​​​​​កាលពីជាង ៥ឆ្នាំ​ មុន​មានប្រមាណ​ ១០០ក្បាល​ប៉ុណ្ណោះ។ ពេល​នោះ​លោក​ថា​កសិដ្ឋាន​បានទិញជ្រូក​តពីអ្នក​ភូមិ បន្តបន្ទាប់​មក​បានធំធាត់ និងកើត​កូន​​ជាបន្តបន្ទាប់​។ លោក​បន្តថាៈ «យើង​មានបាជ្រូកព្រៃ ​ដើម្បី​បង្កាត់​កូន​ ហើយ​បើជ្រូក​នៅ​តែបន្ត​កើ​ន​ឡើង យើង​អាច​នឹង​ពង្រីក​ផ្ទៃដី​កសិដ្ឋាន​​​បន្ថែមទៀត»។

លោក នួន ហន ឲ្យ​ដឹងដែរថា​ការ​ចិញ្ចឹមជ្រូក​ព្រៃគឺ​មាន​ភាពងាយ​ស្រួល​ជាង​ការ​​ចិញ្ចឹ​មជ្រូកស្រុក ដោយ​សា​រតែ​ជ្រូក​ព្រៃអាច​ធន់​​នឹងជំងឺ​។ ដំបូង​​ឡើយ​លោក​ថា​ជ្រូកព្រៃស៊ីតែឫសឈើ ស្លឹក​ឈើ ពោត និង​ដំឡូង​ប៉ុណ្ណោះ​តែ​​បច្ចុប្បន្ន​​ចំណីដែលកសិដ្ឋាន​​ឱ្យ​ស៊ីជាប្រចាំ​ គឺជាកាកសំណល់​សល់ពីសណ្ឋាគារ​ ដោយ​​ឱ្យ​ស៊ី​ពីរ​​ដង​ក្នុងមួយ​ថ្ងៃ​ គឺព្រឹក​ម្តង និង​ល្ងាច​ម្តង។

លោក​បញ្ជាក់​ថា​ ជ្រូកព្រៃ​ទាំងនេះ​មាន​ការថែទាំ​ជាប្រចាំ​ពី​ពេទ្យ​សត្វ​របស់កសិដ្ឋាន​ផង​ដែរ​ដោយថា​ដើម្បី​ទប់ស្កាត់​ជំងឺ​មួយ​ចំនួន​ដូច​ជា​ជំងឺ​ប៉េស ជំងឺអុតជ្រូក និង​ជំងឺ​ក្រិន​ ជា​ដើម។

កន្លងម​ក​ការ​​ចិញ្ចឹមជ្រូកព្រៃធ្លាប់​មាននៅតែ​កសិដ្ឋានឯកឧត្តម​ ម៉ុង ឫទ្ធី ​ក្នុងតំបន់​កែ​វផុសមួយ​ទេ ប៉ុន្តែបច្ចុប្បន្ន​​​ការចិញ្ចឹមជ្រូកព្រៃទ្រង់ទ្រាយធំ​​មួយ​ទៀត មាន​នៅតំបន់​រមណីយដ្ឋានឋានសួគ៌បូក​គោ។

ដូច្នេះ​បើអ្នក​ទេស​ចរ​ដែលទៅ​​​ទស្សនា​នៅរមណីយដ្ឋានឋានសួគ៌បូកគោ​អាច​ឈៀងចូលទស្សនា​កសិដ្ឋានចិញ្ចឹ​មជ្រូក​ព្រៃបាន​។ បើ​តាម​អ្នក​គ្រប់​គ្រង​កសិដ្ឋាន​នេះ ជារៀង​រាល់​ថ្ងៃ​មាន​អ្នក​ទេសចរ​ទៅ​ទស្សនា​ជ្រូកព្រៃ​ក្នុង​កសិដ្ឋាន​ជា​ហូរ​ហែ ហើយ​ថា​ការទស្សនា​នេះ​មិន​គិត​ថ្លៃ​អ្វី​នោះទេ៕ 

ប្រភព៖ Sabay