សារអេឡិចត្រូនិច
ក្រុមអត្តពលិកសីដក់កម្ពុជា ត្រៀម​ទៅ​ប្រកួត ទាំង​គ្មាន​ប្រាក់​រង្វាន់


 ក្រុម​អត្តពលិក​សីដក់​កម្ពុជា ២៤នាក់ (ស្រី៨នាក់) បាន​និង​កំពុង​ប្រើប្រាស់​ឆន្ទៈ​ជំរុញ​ខ្លួនឯង​ឲ្យ​បន្តការ​ហ្វឹកហាត់​រួមគ្នា ដើម្បី​ត្រៀម​ទៅ​ចូលរួម​ការប្រកួត​កីឡា​សីប៉ាក់តាក្រ​ជើងឯក​ពិភពលោក​ដណ្តើម​ពាន​រង្វាន់​ព្រះមហាក្សត្រ​ថៃ លើក​ទី ៣២ ឆ្នាំ ២០១៧ «The 32nd King Cup World Championship 2017» នៅ​ថៃ នា​ថ្ងៃ​ទី ១១ ដល់​ទី១៧ ខែ​ធ្នូ ខណៈ​សំណើសុំ​ឲ្យ​មាន​ការផ្តល់​ប្រាក់​រង្វាន់​ដល់​ពួកគេ ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា ច្រាន​ចោល​នោះ។

លោក ទូច សុភៈ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សីដក់​កម្ពុជា បាន​ប្រាប់​កាល​ពី​ម្សិលមិញ​ថា៖ «យើង​ធ្លាប់​ចូលរួម​ការប្រកួត​នេះ​តាំង​ពី​លើក​ទី១២ ខណៈ​ពេល​នេះ​ដល់​លើក​ទី៣២ ហើយ។ យើង​តែង​ដណ្តើម​បាន​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ ជា​បន្ត​បន្ទាប់ ប៉ុន្តែ​ពួក​យើង មិន​ទទួល​បាន​ប្រាក់​រង្វាន់​ពីការ​ឈ្នះ​បាន​មេដាយ​នោះ​ទេ»។

យ៉ាងណាមិញ សម្រាប់​ការ​ត្រៀម​ចេញ​ទៅ​ប្រកួត​លើក​នេះ សហព័ន្ធ​កីឡា​សីដក់​កម្ពុជា បាន​ដាក់​សំណើសុំ​គោលការណ៍​ប្រាក់​រង្វាន់ ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​ដំបូង​ឡើយ ដំណើរ​នេះ បាន​ទទួលការ​ព្រមព្រៀង​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ប៉ុន្តែ​ចុងក្រោយ​ក្រសួង​អប់រំ បាន​ច្រាន​ចោល​សំណើ​នេះ​វិញ ដោយ​បាន​លើក​ហេតុផល​ថា ក្រសួង​ខ្វះ​កញ្ចប់​ថវិកា​ចំណាយ។

នៅ​ត្រង់​ចំណុច​នេះ​លោក ទូច សុភៈ បាន​និយាយ​ថា៖ «ដំបូង​ឡើយ ក្រុម​អត្តពលិក​របស់​យើង មាន​អារម្មណ៍​សប្បាយ​រីករាយ​នៅ​ពេល​ឭថា ក្រសួង​អប់រំ ព្រមព្រៀង​ផ្តល់​ប្រាក់​រង្វាន់ ប៉ុន្តែ​ចុងក្រោយ​ខាង​ក្រសួង​អប់រំ បាន Cancel វិញ ដោយ​ខ្វះ​ថវិកា​ចំណាយ។ ខ្ញុំ​ពិតជា​មានការ​សោក​ស្តាយ​ខ្លាំង នៅ​ពេល​ឭ​ដំណឹង​នេះ ព្រោះ​ពួកយើង​បាន​ប្រឹង ប្រែង​ខ្លាំង​ណាស់ សម្រាប់​ការ​ទៅ​ចូលរួម​ប្រកួតម្តងៗ ហើយ​ការប្រកួត​ទៀត​សោត មិន​មែន​ងាយស្រួល​នោះ​ទេ» ។

អគ្គលេខាធិការ​រូបនេះ​បាន បញ្ជាក់​ថា៖ «បើ​ទោះបី​ជា ការប្រកួត​ពិភពលោក​នេះ គេ​ភ្ជាប់​ទៅ​នឹង​ពាន​ព្រះមហាក្សត្រ​ថៃ ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​អន្តរជាតិ និង​សហព័ន្ធ​អាស៊ី សហការ​ជាមួយ​ថៃ ដោយ​មាន​ប្រទេស​ចូលរួម​ពី ២៧ ទៅ ៣០ ប្រទេស ហើយ​ក្នុង​នោះ​ក៏មាន​ប្រទេស​មក​ពី​អឺរ៉ុប ជាច្រើន​ផងដែរ។ រីឯ​ការប្រកួត​មាន​ភាព​ស្វិតស្វាញ​ខ្លាំង មិន​មែន​ចេះតែ​ដណ្តើម​បាន​មេដាយ​ស្រួលៗ​នោះ​ទេ»។

ជាមួយ​នឹងការ​បដិសេធ ក្នុងការ​ផ្តល់ប្រាក់​រង្វាន់ រួមទាំង​ការមិន​ផ្តល់​ប្រាក់​ហោប៉ៅ​ពី​ក្រសួង​អប់រំ​នេះ គឺ​ការ​ចំណាយ​គ្រប់​យ៉ាង ដែល​អស់​ជាង ២០០០ ដុល្លារ សម្រាប់​ការចេញ​ទៅ​ប្រកួត​ជើងឯក​ពិភពលោក​ខាងមុខ​នេះ ត្រូវ​ធ្លាក់​ទៅ​លើ​សហព័ន្ធ​កីឡា​សីដក់ កម្ពុជា ជា​អ្នករ៉ាប់រង​ទាំងស្រុង ហើយ​បញ្ហា​នេះ​ក៏បាន​ប៉ះពាល់​ដល់​ក្រុម​អត្តពលិក​សីដក់ ដែល​កំពុង​ហ្វឹកហាត់​ជាប្រចាំ​ថ្ងៃ នៅ ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ត្រៀម​ការប្រកួត​នេះ ផងដែរ។

កីឡាករ​សីដក់​ម្នាក់ បាន​ប្រាប់​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ «ខ្ញុំ​នៅ​តែ​មិន​អស់ចិត្ត ចំពោះ​ការ​មិន​ព្រម​ផ្តល់​ប្រាក់​រង្វាន់​ដល់​ពួក​ខ្ញុំ។ បើ​ទោះ​ជាការ​ប្រកួត​ពិភពលោក​នេះ ធ្វើ​នៅ​តែ​ប្រទេស​ថៃ ប៉ុន្តែ​មាន​ប្រទេស​ចូលរួម​ច្រើន ហើយ​ការប្រកួត​មាន​ភាព​ស្វិតស្វាញ​ខ្លាំង មិន​មែន​ចេះ​តែ​ដណ្តើម​បាន​មេដាយ​ស្រួលៗ​នោះ​ទេ។ ផ្ទុយ​ទៅវិញ​ប្រភេទ​កីឡា​ខ្លះ ទៅ​ប្រកួត​ជើងឯក​ពិភពលោក​ដែរ ប្រកួត​តែ ២ ឬ ៣ លើក ក៏ឈ្នះ​បាន​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ តែ​ទទួល​បាន​ប្រាក់​រង្វាន់​ម្នាក់ៗ​រាប់​ម៉ឺនដុល្លារ ប៉ុន្តែ​ពួក​ខ្ញុំ​កម្រិត​ពិភពលោក​ដែរ សុំ​តែ​មេដាយ​មាស ៩លាន​រៀល ប្រាក់ ៨លាន និង​សំរឹទ្ធ ត្រឹម ៧លានរៀល ក្រសួង មិន​ចេញ​គោល​ការណ៍​ឲ្យយើង។ ហេតុអ្វី​ថ្នាក់​លើ​មើល​មិន​ឃើញ​ការ​ព្យាយាម​របស់​ពួក​ខ្ញុំ?»៕