សារអេឡិចត្រូនិច
យន្តហោះដឹកអ្នកដំណើរផលិតក្នុងស្រុកជាលើកដំបូងរបស់ចិន


យន្តហោះដឹកអ្នកដំណើរ C919 ផលិតក្នុងប្រទេសចិនបានបញ្ចប់ការហោះហើរសាកល្បងលើកទី៣ របស់ខ្លួននៅ ថ្ងៃសុក្រទី៣វិច្ឆិកានេះ ដោយធ្វើឱ្យប្រទេសអាស៊ីមួយនេះបោះជំហានខិតកាន់តែជិតទៅនឹងគោលដៅរបស់ខ្លួនក្នុងការ ក្លាយជាអ្នកផលិតយន្តហោះស៊ីវិលមួយលើសកលលោក។ នេះបើតាមក្រុមហ៊ុនផលិតយន្តហោះប្រាប់ឱ្យដឹងដូច្នេះ

យន្តហោះ C919 ដែលនឹងប្រកួតប្រជែងជាមួយយន្តហោះ Boeing 737 និងយន្តហោះ Airbus SE A320 គឺជា និមិត្តរូបនៃមហិច្ឆតាយន្តហោះស៊ីវិលរបស់ចិន និងការជំរុញរបស់ប្រធានស៊ីជីនពីងដើម្បីបង្កើនសមត្ថភាពផលិតកម្ម របស់ខ្លួន។

ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Commercial Aircraft Corp of China Ltd (COMAC) និយាយថា យន្តហោះនេះបានហោះចេញពីម៉ោង ៧:៣៨នាទីព្រឹក ដោយហោះរយៈពេល ៣ម៉ោងនិង ៤៨នាទីមុនពេលចុះ ចតនៅម៉ោង ១១:២៦នាទីព្រឹកម៉ោងក្នុងស្រុក។ ការហោះហើរនេះធ្វើឡើង ៣៦ថ្ងៃ បន្ទាប់ពីការសាកល្បងលើកមុន

ទិន្នន័យពីវេបសាយតាមដានជើងហោះហើរ Flightradar 24 បានបង្ហាញថា យន្តហោះនេះបានហោះនៅកម្ពស់ ប្រហែល ៣.០៤៨ម៉ែត្រ យ៉ាងយូរ ពេលវាហោះជុំវិញទីក្រុងសៀហៃ។

អនុប្រធានក្រុមហ៊ុន COMAC លោក ស៊ី ចៀនចុង បាននិយាយមុននេះថា គម្លាតរវាងជើងហោះហើរសាកល្បងនា ពេលអនាគតរបស់យន្តហោះ C919 នឹងមានរយៈពេលខ្លីជាងគម្លាតជិត ៥ខែរវាងការសាកល្បងលើកទី១ និងទី២។

នោះជារយៈពេលយូរខ្លាំងណាស់ បើប្រៀបធៀបនឹងយន្តហោះផ្សេងទៀតដូចជា Airbus A350 ដែលមានគម្លាត សាកល្បងតែ ៥ថ្ងៃប៉ុណ្ណោះ។

កាលពីខែមុន មន្ត្រីក្រុមហ៊ុនម្នាក់បាននិយាយថា អាកាសធាតុមិនល្អបានរារាំងផែនការហោះហើរសាកល្បងលើកទី ៣ របស់យន្តហោះ C919 ដែលត្រូវបានរំពឹងទុកថានឹងចាប់ផ្តើមក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ពីការសាកល្បង លើកទី២។

កាលពីថ្ងៃសុក្រនេះ ក្រុមហ៊ុន COMAC មិនបានឆ្លើយតបនឹងសំណួរបន្ថែមទាក់ទងនឹងគម្លាតពេលវេលាបន្ទាប់ពីការ សាកល្បងលើកទី៣នេះទេ។

ក្រុមហ៊ុនអាកាសចរណ៍ Avolon ដែលជាក្រុមហ៊ុនជួលយន្តហោះចិនដែលមានមូលដ្ឋាន នៅប្រទេសចិនបាននិយាយ កាលពីថ្ងៃចន្ទថា យន្តហោះ C919 មិនត្រូវបានរំពឹងថានឹងបញ្ចូលក្នុងសេវាកម្មពាណិជ្ជកម្មមុនឆ្នាំ ២០២០ នោះទេ៕