សារអេឡិចត្រូនិច
ដេវីដ ល្វី​ស ត្រូវលោក អែន​តូ​នី​ញ៉ូ កុន​តេ ដកពីខ្សែការពារ


លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ដាក់ទណ្ឌកម្ម​លើ​កីឡាករ ដេវីដ ល្វី​ស (David Luiz) និង​បាន​ព្រមាន​កីឡាករ​ផ្សេងទៀត​ក្នុង​ក្រុម ហើយ​ថា ពួកគេ​អាច​ជួប​វាសនា​ដូចជា​កីឡាករ ដេវីដ ល្វី​ស ដែរ​។​
​ ​
​ពីរ​បី​សប្តាហ៍ បន្ទាប់ពី​សរសើរ ល្វី​ស ថាជា​ខ្សែការពារ​ឆ្នើម​របស់លោក​នោះ គ្រូបង្វឹក​ក្រុម​តោ​ខៀវ​រូបនេះ បាន​ដក​ខ្សែការពារ​រូបនេះ​ចេញពី​ការប្រកួត​ដ៏​សំខាន់​របស់​ឆេ​ល​ស៊ីក្នុង​រដូវ​កាល​នេះ ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ហើយ​បន្ទាប់មក​បានដាក់​ការសង្ស័យ​ជុំវិញ​អនាគត​របស់​កីឡាករ​រូបនេះ​ផងដែរ​។​
​ ​
​ល្វី​ស ទទួល​ទណ្ឌកម្ម​ចំពោះ​អ្វីដែល​ខ្លួន​បានធ្វើ​ដោយសារតែ​សួរដេញដោល​ពី​យុទ្ធសាស្ត្រ​របស់លោក កុន​តេ ក្នុង​កិច្ចប្រជុំ​របស់​ក្រុម​កាលពី​សប្តាហ៍​មុន ហើយ​ត្រូវបាន​ដក​ចេញពី​ក្រុម​ជម្រើស​របស់​ឆេ​ល​ស៊ី​មុន​ជំនួប ជាមួយ​ក្រុម​យូ​ណាយ​ធី​ត ដោយសារតែ​ព្យាយាម​ជំទាស់​នឹង​ការណែនាំ​របស់​អ្នកចាត់ការ​។​
​ ​
​ស្របពេល​គ្រូបង្វឹក​រូបនេះ​មមាញឹក​ជាមួយ​កីឡាករ កាលពី​ថ្ងៃ​សៅរ៍​នោះ​ដេវីដ ល្វី​ស មាន​អារម្មណ៍​មិន​សប្បាយចិត្ត ខណៈ​កីឡាករ​រូបនេះ​ត្រូវ​អង្គុយ​មើល​នៅ​ជ្រុង​ម្ខាង ហើយ​ហាក់ដូចជា​ក្មេង​រើស​បាល់​។​
​ ​
​កន្លងមក លោក កុន​តេ ធ្លាប់​ព្រមាន ល្វី​ស ជុំវិញ​ប្រតិកម្ម​របស់​កីឡាករ​រូបនេះ​ដែល​ធ្វើ​ឲ្យ​ក្រុម​ឆេ​ល​ស៊ី​បាន​ត្រឹម ស្មើ​ក្រុម Roma 3-3 ។​
​ ​
​កីឡាករ​វ័យក្មេង អែន​ឌ្រា​ស គ្រី​ស្ទេ​ន​សេន (Andreas Christensen) ធ្វើ​បានល្អ​ក្នុង​តំណែង​របស់ ល្វី​ស បន្ទាប់ពី​បង្ហាញមុខ​ត្រឹម​បួន​លើក​សម្រាប់​ក្រុម​ឆេ​ល​ស៊ី​។​
​ ​
​លោក កុន​តេ បាន​និយាយថា “​វា​គឺជា​ការសម្រេចចិត្ត​បែប​យុទ្ធសាស្ត្រ ។ ល្វី​ស ត្រូវតែ​ខិតខំ​ឲ្យ​បាន​ខ្លាំងក្លា បើ​មិន​ដូច្នេះ​ទេ​នឹង​អង្គុយ​មើល​រហូត​ហើយ​”​។​
​ ​
​លោក​បន្តថា “​ខ្ញុំ​ត្រូវតែ​ធ្វើការ​សម្រេចចិត្ត​សម្រាប់​ក្លឹប មិនមែន​សម្រាប់​កីឡាករ​ម្នាក់​នោះទេ​។ ពេលខ្លះ ខ្ញុំ​អាច​នឹងមាន​កំហុស ហើយ​ពេលខ្លះ ខ្ញុំ​អាចធ្វើ​បានល្អ​បំផុត​សម្រាប់​ក្រុម​ទាំងមូល​”៕