សារអេឡិចត្រូនិច
​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ឆ្នាំ​២០១៨ ​នឹង​សាងសង់នៅខេត្តសៀមរាប


ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី ស្ថិត​ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប​នឹង​ចាប់ផ្តើម​សាងសង់​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​២០១៨​ខាងមុខនេះ ប្រសិនជា​គ្មាន​ការប្រែប្រួល​ទេនោះ​។​
​ ​
​លោក​ស៊ិន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​បាន​ថ្លែង​ឲ្យ​Propertyarea.asia​ដឹង​តាម​ទូរ​​ស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​៧ វិច្ឆិកា​នេះ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​វិនិយោគ​ព្រលានយន្តហោះ​នេះ កំពុង​ដុតដៃដុតជើង​សាងសង់​ផ្ទះ​ស្នាក់​​នៅ​សម្រាប់​វិស្វករ ស្ថាបត្យករ និង​កម្មករ​នៅក្បែរ​ព្រលានយន្តហោះ​នេះ​មុន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៅពេល​​ខាងមុខ​។​លោក​បន្តថា បច្ចុប្បន្ន​គ្រឿងចក្រ​នានា​បាន​យកទៅ​រៀបចំ​រួចរាល់​ហើយ ដើម្បី​ចាប់ផ្តើម​សាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ​។​
​ ​
​ក្រុមហ៊ុន​YUNAN Development Group ជា​អ្នកវិនិយោគ​ព្រលានយន្តហោះ​នេះ ដោយ​គ្រោង​បោះទុន​៩០០​លាន​ដុល្លារ​អាមេរិក​។​
​ ​
​លោក​សិរី​វុត្ថា​បាន​បន្តថា ព្រលានយន្តហោះ​នេះ នឹង​សាងសង់​ជា​ពីរ​ដំណាក់កាល​ដោយ​ដំណាក់កាល​ទី​១​គ្រោង​ចំណាយ​ថវិកា​៥០០​លាន​ដុល្លារ ដែល​អាច​ចុះចត​យន្តហោះ​ខ្នាត​មធ្យម​សម្រាប់​យន្តហោះ​ខ្នាត​4E និង​ដំណាក់កាល​ទី​២​ទើប​អាច​ចុះចត​យន្តហោះ​ខ្នាត​យក្ស​បាន ហើយ​ដំណាក់កាល​ចុងក្រោយ​នេះ គ្រោង​ចំណាយ​ថវិកា​ជាង​៣០០​លាន​ដុល្លារ​បន្ថែមទៀត​។ លោក​បន្តថា ការសាងសង់​ព្រលានយន្តហោះ​នេះ អាច​ចំណាយពេល​ពី​៣​ទៅ​៥​ឆ្នាំ ដើម្បី​បញ្ចប់​ទាំង​ដំណាក់កាល​ទី​១​និង​ដំណាក់កាល​ទី​២៕