ក្នុងឆ្នាំនេះការប្រមូលផលស្រូវបានច្រើនជាងឆ្នាំមុន ដោយអាកាសធាតុអំណោយផល
ថ្ងៃ ពុធ ទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម៉ោង ០៩:២១
ខេត្តព្រៃវែង៖ រដូវរំហើយចូលមកដល់វាក៏ជាពេលដែលកសិករមួយចំនួននៅខេត្តព្រៃវែងចាប់ផ្ដើមប្រមូលផលជាបណ្ដើរៗ។ជាមួយគ្នានោះដោយកត្តាអាកាសធាតុអំណោយផលធ្វើឲ្យកសិករច្រូតកាត់ប្រមូលផលស្រូវបានច្រើនជាងឆ្នាំមុន ខណៈឆ្នាំមុនមានជំនន់ទឹកភ្លៀងធ្វើឲ្យលិចលង់ស្រូវរលួយរាប់សិបហិកតាទាំងស្រូវខ្ចីនិងស្រូវទុំ។
លោក ម៉ម ផល អាយុ ៦៤ឆ្នាំ រស់នៅភូមិព្រៃខ្វែក ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានឲ្យដឹងថាឆ្នាំនេះទិន្នផលស្រូវនៅភូមិរបស់គាត់បានច្រើនជាងឆ្នាំមុន ដោយអាកាសធាតុអំណោយផលមិនមានជំនន់ទឹកភ្លៀងដូចឆ្នាំទៅ ធ្វើឲ្យស្រូវពេញកំលាំងលូតលាស់បានល្អមិនជួបបញ្ហាជំងឺ ងាយស្រួលក្នុងការថែទ្រាំ។
លោកតាបន្តថា ពលរដ្ឋនៅស្រុកស្វាយអន្ទរ ក៏ដូចជាស្រុកកញ្ជ្រៀច និងស្រុកមេសាង ខេត្តព្រៃវែង ភាគច្រើនមានមុខ របរជាអ្នកធ្វើស្រែ ហើយពួកគេតែងតែយកពូជស្រូវផ្ការំដួរ ក្រសាំងទាប អ៊ីអ័រ និងស្រូវដំណើប។ល។ ទាំងនេះជាឈ្មោះស្រូវពូជដែលកសិករចូលចិត្តធ្វើ ព្រោះបានផលច្រើនជាងពូជផ្សេងៗ។ដោយឡែកពលរដ្ឋនៅស្រុកកញ្ជ្រៀចបានឲ្យដឹងថាសម្រាប់ទិន្នផលដែលទទួលបានក្នុងឆ្នាំនេះជាមធ្យមចាប់ពី៤ទៅ៦តោនក្នុងមួយហិកតាដោយឆ្នាំមុនពួកគាត់ប្រមូលផលបានតែ២ទៅ៤តោនក្នុងមួយហិកតា។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេតព្រៃវែង បានឲ្យដឹងថា ឆ្នាំនេះដោយអាកាសធាតុអំណោយទានធ្វើឲ្យស្រូវលូតលាស់ល្អទើបទិន្នផលស្រូវឡើងជាងឆ្នាំទៅ ដូចជាស្រូវផ្ការំដួរដែលកសិករនៅខេត្ត ព្រៃវែងយើងចូលចិត្តដាំដុះមានចំនួនរហូតដល់ជាង១ម៉ឺនហិតា។ លោកបន្តថា កត្តាអាសារធាតុល្អដូចឆ្នាំនេះ កសិករមានភាពងាយស្រួលក្នុងការប្រមូលផលទាន់ពេលវេលា ហើយក៏បានធ្វើឲ្យជីវភាពពលរដ្ឋប្រសើរឡើងផងដែរ៕