សារអេឡិចត្រូនិច
នាង​ត្រចៀកកាំ និង​ស្វាមី ត្រូវបាន​ពិន័យ​និង​ហាមឃាត់​ពី​ទីផ្សារ​មូល​ប​ត្រ​ចិន​រយៈពេល ៥ ឆ្នាំ​


គណៈកម្មាធិការ​និយតកម្ម​មូល​ប​ត្រ​ចិន (CSRC) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ​ទី​៨ ​វិច្ឆិកា ២០១៧​ ​ថា តារា​សម្តែង​ចិន​នាង​ចាវ វៃ  (​ត្រចៀកកាំ​) និង​ប្តី​របស់​នាង ឈ្មោះ ហ័ង យូ​ឡុង ត្រូវបាន​ពិន័យ​និង​ហាមឃាត់​ពី​ទីផ្សារ​មូល​ប​ត្រ​ចិន​រយៈពេល ៥ ឆ្នាំ​ដោយសារ​ការប្រើប្រាស់​ព័ត៌មាន “​ក្លែងក្លាយ​ដើម្បី​បំភ័ន្ត​ទីផ្សារ​”​។​

ក្រុមហ៊ុន​របស់​នាង​ត្រចៀកកាំ Longwei Culture & Media បានប្រកាស​កាលពី​ខែធ្នូ​ថា​ខ្លួន​នឹង​ចំណាយ​ប្រាក់ ៣ ពាន់​លាន​យ័ន (​ជាង ៤៥២ លាន​ដុល្លារ​) ដើម្បី​ទិញ​ក្រុមហ៊ុន​គំនូរជីវចល​មិនសូវ​ល្បី​មួយ ឈ្មោះថា Zhejiang Sunriver Culture ដែល​បាន​ចុះបញ្ជី​នៅក្នុង​ទីក្រុង​សៀង​ហៃ​។​

​ទោះយ៉ាងណា នៅ​ដើមខែ​កុម្ភៈ ក្រុមហ៊ុន​របស់​នាង​បាន​និយាយថា ខ្លួន​នឹង​ច្រានចោល​ការដេញថ្លៃ​ទិញ​ភាគហ៊ុន​ចំនួន ២៩ ភាគរយ​របស់​ក្រុមហ៊ុន​គំនូស​ជីវ​ច​ល​ខាងលើ បន្ទាប់ពី​និយតករ​បានចេញ​លិខិត​ស្នើសុំ​ព័ត៌មាន​បន្ថែម​អំពី​កិច្ចព្រមព្រៀង​នេះ​។​

​ការស៊ើបអង្កេត​របស់ CSRC បាន​រកឃើញថា នាង​ត្រចៀកកាំ​និង​ក្រុមហ៊ុន​របស់​នាង​បាន​រំលោភ​លើ​ច្បាប់​នៃ​ការបញ្ចេញ​ព័ត៌មាន ដោយ​ប្រកាស​និង​បំភ័ន្ត​អំពី​ចេតនា​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​ដទៃ​ដោយ​គ្មាន​ធនធាន​គ្រប់គ្រាន់​ឬ​ការគាំទ្រ​ពី​ស្ថាប័នហិរញ្ញវត្ថុ​ណាមួយ​សោះ​។​

​យោងតាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន Zhejiang Sunriver Cultural ឱ្យដឹងថា សម្រាប់​បញ្ហា​នេះ ភាគី​ទាំង​ពីរបាន “​ធ្វើឱ្យមាន​ការភ័ន្តច្រឡំ​យ៉ាងខ្លាំង​ដល់ទី​ផ្សារ​ជាមួយនឹង​ព័ត៌មាន​ក្លែងក្លាយ​”​។​

​ពាក្យបណ្តឹង​បានលើកឡើង​ទៀតថា​ដំណឹង​នៃ​ការទិញ​ភាគហ៊ុន​ក្រុមហ៊ុន​នេះ “​បាន​ប៉ះពាល់​ទីផ្សារ​យ៉ាងខ្លាំង​” ដោយសារតែ​ភាពល្បីល្បាញ​និង​ប្រជាប្រិយភាព​របស់​នាង​ត្រចៀកកាំ​។​

​ចំពោះ​បទល្មើស ភាគី​ទាំងពីរ​ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចំនួន ៣០០.០០០ យ័ន​រៀងៗ​ខ្លួន​៕