សារអេឡិចត្រូនិច
ក្រុមហ៊ុន Toyota នឹង​ទទួល​ការ​កក់​សម្រាប់​រថយន្ត C-HR


ការបញ្ជាទិញ​រថយន្ត C-HR ថ្មី​សន្លាង​របស់​ក្រុមហ៊ុន Toyota នឹងត្រូវ​បានធ្វើ​ឡើង​នៅឯ​ពិព័រណ៍​រថយន្ត​ឆ្នាំ ២០១៧ នៅមុន​ការលក់​ជា​ផ្លូវការ​នៅ​ថៃ​នា​ដើម​ឆ្នាំក្រោយ​។​

​អ្នកនាំពាក្យ​ក្រុមហ៊ុន Toyota Motor Thailand បាន​បញ្ជាក់ថា រថយន្ត​ប្រភេទ SUV របស់ខ្លួន​នឹង​ទាក់ទាញ​សាធារណជន​ថៃ​ជា​លើកដំបូង​នៅក្នុង​ការតាំង​បង្ហាញ​រថយន្ត​នា​ចុងឆ្នាំ​នេះ ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ៣០ ខែវិច្ឆិកា​ដល់​ថ្ងៃទី ១១ ខែធ្នូ​នៅ​ស្រុក​មួង​ថោង​ថា​នី ខេត្ត​ណុន​ថា​បុរី​។​

​ជាមួយនឹង​តម្លៃ​ត្រូវបាន​ព្យាករណ៍​ថា​នឹង​ចាប់ផ្តើម​នៅ​ខ្ទង់​ប្រហែល ៩០០.០០០ បាត (​ជាង ២៧.០០០ ដុល្លារ​) រថយន្ត C-HR នឹង​តម្រង់​ទិសដៅ​ប្រកួតប្រជែង​ដោយផ្ទាល់​ជាមួយ​រថយន្ត​ពេញនិយម​ដូចជា Honda HR-V និង Mazda CX-3 ។​

​ម៉ាស៊ីន​ពីរ​គឺ​ទំនងជា​នឹង​បំពាក់​សម្រាប់​រថយន្ត C-HR នៅក្នុង​ប្រទេស​ថៃ​គឺ ម៉ាស៊ីន​សាំង ១,៨ លីត្រ​សមត្ថភាព E85 និង​ម៉ាស៊ីន​សាំង​និង​អគ្គិសនី​ជាមួយនឹង​សមត្ថភាព E85 ដូចគ្នា​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​និយាយថា រថយន្ត C-HR ដែល​ប្រើ​ថាមពល​កូនកាត់ (​សាំង​និង​អគ្គិសនី​) នឹងមិន​ត្រឹមតែ​ត្រូវបាន​ប្រើ​ដើម្បី​បង្វែរ​ចំណាប់អារម្មណ៍​របស់​អ្នកប្រើប្រាស់​ចេញពី​រថយន្ត​ម៉ូ​ដែល​កំពូល HR-V ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើម្បី​យកឈ្នះ​បេះដូង​របស់​ម្ចាស់​រថយន្ត​កូនកាត់ Prius ជំនាន់​ទី​បី ដែល​ធ្លាប់​មានតម្លៃ​ចាប់ផ្តើម​ពី ១,២ លាន​បាត​ទៀតផង​។​

​រថយន្ត C-HR ដែល​ប្រើប្រាស់​ម៉ាស៊ីន​ធម្មតា​នឹងត្រូវ​ដាក់លក់​ក្នុងតម្លៃ ៩០០.០០០ បាត​ក្នុង​មួយគ្រឿង ខណៈ​សង្ឃឹម ថានឹង​ទាក់ទាញ​ម្ចាស់​រថយន្ត​ឱ្យ​ងាក​ចេញពី​រថយន្ត​តម្លៃ​ទាប​ជាង ម៉ាក Ford Ecosport និង Nissan Juke​។​

​យោងតាម​នាយក​ប្រតិបត្តិ ការមកដល់​យឺតយ៉ាវ​របស់​រថយន្ត C-HR នៅក្នុង​បន្ទប់​តាំងពិព័រណ៍​នៅ​ថៃ​គឺ​ដោយសារតែ​ការតុបតែង​តួ​រថយន្ត​សម្រាប់​ស្ថានភាព​ផ្លូវ​របស់​ថៃ និង​ដើម្បីឱ្យ​ស្របតាម​ការយក​ពន្ធ​ថ្មី​លើ​រថយន្ត​ប្រភេទ​អគ្គីសនី​៕