សារអេឡិចត្រូនិច
ឆ្នោត​កីឡា​ជាតិ​​បាន​ឧបត្ថម្ភ​អត្តពលិក​មួយ​ចំនួន​កាល​ពី​ព្រឹក​មិញ


ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ​កាល​ពី​ព្រឹក​មិញ​នេះ​ បាន​រៀបចំ​កម្មវិធី​ជួប​សំណេះសំណាល​ជា​មួយ​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ និង​បាន​ឧបត្ថម្ភ​ជា​ថវិកា​មួយ​ចំនួន​ដល់​អត្តពលិក​ឆ្នើម​។​

ឯកឧត្តម​​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ឲ្យ​ដឹង​ថា​ ឆ្នោត​កីឡា​ជាតិ​ជា​ក្រុម​ហ៊ុន​មួយ​ដែល​ជួយ​​ដល់​វិស័យ​កីឡា​របស់​កម្ពុជា។​ ​បើ​ក្រុម​ហ៊ុន​មួយ​នេះ​រីកចម្រើន​ និង​ដំណើរ​ការ​ទៅ​បាន​ល្អ​នោះ​ ទំហំ​នៃ​ការ​ជួយ​ជ្រោមជ្រែង​ក៏​ដូច​ជា​ការ​ឧបត្ថម្ភ​នានា​រឹតតែ​ខ្លាំង​ទៅ​​ទៀត។​ កីឡាករ​ កីឡា​ការិនី​ទាំង​អស់​គួរតែ​ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត​​ដល់​មហាជន​ ដើម្បី​បាន​ដឹង​ និង​លេង​គាំទ្រ​​ឲ្យ​បាន​ច្រើន។​

ឯកឧត្តម​អគ្គលេខាធិការ​​បន្ត​ថា​ ការ​ផ្សព្វផ្សាយ​ឲ្យ​មហាជន​បាន​ដឹង​ និង​លេង​នេះ​ ទី១​ បាន​ផ្សង​សំណាង​ដើម្បី​ឈ្នះ​ផង​ និង​ដើម្បី​ជួយ​លើក​ស្ទួយ​វិស័យ​កីឡា​កម្ពុជា​ឲ្យ​រឹតតែ​រីកចម្រើន​​ផង។​ ឯកឧត្តម​បាន​​អរ​គុណ​ដល់​ក្រុម​ហ៊ុន​ដែល​បាន​រួម​សហការ​ជា​មួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ និង​បាន​ឧបត្ថម្ភ​​ថវិកា​ដល់​អត្តពលិក​ឆ្នើម​ដូច​ជា​ ឃីម​ ឌីម៉ា​ ស៊ន​ សៀវម៉ី​ តឹក​ ប៊ុនវី​ រួម​កីឡាករ​ កីឡា​ការិនី​ដែល​មាន​ជីវភាព​ខ្វះខាត​មួយ​ចំនួន​ទៀត​ កាល​ពី​​ព្រឹក​មិញ​។​

ការ​សំណេះសំណាល​របស់​ក្រុម​ហ៊ុន​ឆ្នោត​ជាតិ​ជា​មួយ​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ព្រឹក​មិញ​នេះ​ធ្វើ​ឡើង​នៅ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​(NOCC)​ ដែល​មាន​តំណាង​មក​ពី​ក្រុម​ហ៊ុន​ឆ្នោត​កីឡា​ជាតិ​ ឯកឧត្តម​​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​បណ្ដា​គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ជា​ច្រើន​ប្រភេទ​កីឡាករ​ទៀត​ផងដែរ៕​

ប្រភព៖ Sabay