សារអេឡិចត្រូនិច
សាស្ត្រាចារ្យ​តន្ត្រី​​ និង​តារា​ចម្រៀង​​វ័យ​ក្មេង​២រូប​ នឹងទៅ​សម្ដែង​ក្នុង​មហោស្រព​តន្ត្រី​ធំ​១នៅ​ហ្វីលីពីន


នៅ​យប់​នេះ​ថ្ងៃ​​ សុក្រ ទី១០​ខែ​ វិច្ឆិកា ឆ្នាំ​២០១៧​នេះ​ តារា​ចម្រៀង​​វ័យ​ក្មេង​២​រូប​ និង​សាស្ត្រាចារ្យ​តន្ត្រី​៤​រូប​ទៀត នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ ដើម្បី​ចូល​រួម​កម្មវិធី​ "មហោស្រព​តន្ត្រី​អាស៊ាន" ឬ “ASEAN MUSIC FESTIVAL” ដែល​នឹង​រៀប​ចំ​ឡើង​​រយៈ​ពេល​៥​ថ្ងៃ នៅ​ប្រទេស​ ហ្វីលីពីន។

“ASEAN MUSIC FESTIVAL” គឺ​ជា​ព្រឹត្តិការណ៍​សិល្បៈ​ដ៏​ប្រចាំ​ឆ្នាំ ដែល​មាន​វត្ត​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស​ចូល​រួម​។ ក្នុង​នោះ​តារា​ចម្រៀង​​២​រូប​ គឺកញ្ញា ចំរើន សុភា និង លោក ឈិត សុវណ្ណនិមិត្ត ឬ Ting Tong នឹង​តំណាង​កម្ពុជា​​ចូលរួម​​។

Ting Tong ​​បញ្ជាក់​ថា មូល​ហេតុ​ដែល​អ្នក​ទាំង​២​ត្រូវ​បាន​ជ្រើស​តាំង​ឲ្យ​តំណាង​ជាតិ​ទៅ​សម្ដែង​​ ព្រោះ​រូប​លោក​ជា​សិល្បករ​ដែល​មាន​ទេពកោសល្យ​ ទាំង​ផ្នែក​​បុរាណ​ និង​សម័យ​​ថែម​ទាំង​ចេះ​និពន្ធ​ចម្រៀង​ថ្មី​ដោយ​ខ្លួន​ឯង​ថែម​ទៀត ជា​ពិសេស​លោក​មាន​ចម្រៀង​តំណាង​ជាតិ​យក​ទៅ​សម្ដែង​ទៀត​ផង។ ចម្រៀង​តំណាង​ជាតិ​ដែល​ Ting Tong ​នឹង​លើក​យក​ទៅ​បង្ហាញ​គឺបទ "សម្បត្តិ​រដ្ឋ​ខេមរា" ដែល​ជា​ចម្រៀង​​ក្បួន​ដង្ហែ​​អង្គរ​សង្ក្រាន្ត​​​ ឆ្នាំ​២០១៧ និង​ស្នាដៃ​ផ្ទាល់​របស់​លោក។

ចំណែក​ឯ​កញ្ញា​ ចំរើន សុភា គឺ​ជា​សិល្បការិនី​ពហុ​ជំនាញ​​វ័យ​ក្មេង​ដែល​ពោរ​ពេញ​ដោយ​​ទេពកោសល្យ​ និង​បទពិសោធន៍​ ដូច្នេះ​កញ្ញា​​ នឹង​មាន​ទស្សនីយភាព​ជា​ច្រើន​​ដើម្បី​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​​។

លោក​​បាន​ឲ្យ​ដឹង​ទៀត​ថា មិន​មែន​មាន​តែ​រូប​លោក​ និង​បង​ស្រី​របស់​ កញ្ញា​ចំរើន សុភ័ក្រ្ត​ នោះ​ទេ សម្រាប់​កម្មវិធី​នេះ​ នៅ​មាន​សាស្ត្រាចារ្យ​តន្ត្រី​៤​រូប​ទៀត​ ដូចជា លោក ចាំ​ កុសល លោក​ ជូ បញ្ញារិទ្ធ លោក សួស សិដ្ឋា និង លោក យន ទុំ ដែល​អ្នក​ទាំង​៤​សុទ្ធ​តែ​ជា​​តន្ត្រីករ​​មក​ពី "នាយកដ្ឋាន​សិល្បៈ និង​ទស្សនីយភាព"៕​​

ប្រភព៖ Sabay