សារអេឡិចត្រូនិច
​ឈុត​បុរាណ ជំនាន់​បារាំង ពេល​សម្ពោធ​រឿង “​សសរកន្លោង​”


តារា​សម្តែង​ស្រី​ប្រុស ជាច្រើន​ដួង បាន​អង្រួន​ចិត្ត ទស្សនិកជន ក្នុង​ឈុត​សម្លៀក​ប្រពៃណី​ខ្មែរ នា​ជំនាន់​បារាំង បានធ្វើ​ឲ្យ​មហាជន ជាច្រើន​នាក់ ផ្អើល​មើល​កកកុញ នឹង​អង្រួន​កម្មវិធី ឲ្យ​កាន់តែ​គគ្រឹកគគ្រេង ក្នុង​កម្មវិធី​សម្ពោធ​រឿង​ថ្មី ដែលជា​ស្នាដៃ​ទី​២ របស់​ផលិតកម្ម ឥន្ទ្រា​និ​ម្មិត្រ រឿង “​សសរកន្លោង​” ដែលមាន​តារា​ជួរមុខ​ជាច្រើន បង្ហាញខ្លួន កាលពី​យប់​ថ្ងៃទី​៨ វិច្ឆិកា ២០១៧ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​។

​លោក​រ៉ូ​ណាន់ ចាន់ណា ម្ចាស់​ផលិតកម្ម ឥន្ទ្រា​និ​ម្មិត្រ បាន​ថ្លែងថា ហេតុផល​ដែល​តម្រូវ​ឲ្យ​តួអង្គ ក្នុង​រឿង​ស្លៀក​សម្លៀកបំពាក់ចងក្បិន​ ខុសប្លែក​ពី​រឿង​មុនៗ ដោយសារតែ​ចង់​ឲ្យ មហាជន មានការ​ភ្ញាក់ផ្អើល​។ ម្យ៉ាងទៀត​រឿង     “​សសរកន្លោង​” ទាក់ទង​ទៅនឹង​សម័យកាល អាណានិគមនិយម​បារាំង ព្រោះ​នៅ​សម័យ​កាលនោះ ការនិយម​ស្លៀកពាក់ របស់​ប្រជាពលរដ្ឋ គឺ​ក្បិន​។​
​ ​
​លោក​បាន​បន្តថា ភាពយន្ត​នេះ នឹង​ទទួលបាន​ជោគជ័យ ក្នុងពេល​ដាក់​បញ្ចាំង លក់​សំបុត្រ ចាប់តាំងពី​ថ្ងៃទី​៩ វិច្ឆិកា តទៅ​នោះ​ផងដែរ ដោយសារតែ​លោក​សម្អាងថា ភាពយន្ត​មួយ​នេះ ទទួលបាន​ចាប់អារម្មណ៍ ពី​សំណាក់​អ្នក​ធ្លាប់​ជឿជាក់លើ​ស្នាដៃ​រឿង «​កំណត់ហេតុ​នាថ​នាថ​» របស់លោក​កន្លងមក​។ លោក​បាន​និយាយថា ភាពយន្ត​រឿង        «​សសរកន្លោង​» លោក​សម្រិតសម្រាំង​ទាំង​ប្លង់ សំឡេង និង​រំលេច​ឈុត​ភ័យខ្លាច​ច្រើន រួមជាមួយ​នឹង​ឈុត​ឆាកកំប្លែង ជាច្រើន​ផងដែរ​។

​លោក​បាន​បន្តថា ភាពយន្ត​នេះចំណាយ​ទុនប្រមាណ​ជាង ៧ម៉ឺន​ដុល្លារ​អាមេរិក និង​ត្រូវ​រៀបចំ​ផលិត​អស់ ជាច្រើន​ខែ ដើម្បី​ប្រាកដថា ជា​ភាពយន្តដែលមាន​គុណភាព ប្រកួតប្រជែង​។​

​តួ​សម្ដែង​នៅក្នុង​រឿងនេះ មាន​កញ្ញា យ៉ែម ស្រី​ពេជ្រ អ្នកនាង ប៉េងប៉ោង លោក ភី​ម៉ៃ លោក ទ្រី តារា​វុ​ធ អ្នកនាង ឆ័យលី ដា​ឡែ​ន លោក ហេង ចាន់​វិសាល លោក ហ៊ុន សុ​ភី ព្រមទាំង Freshie Boy Freshie Girl ក្មេងៗ ជាច្រើន​ដួង​ទៀត​។ រឿងនេះ គ្រោង​នឹងដាក់​បញ្ចាំង នៅ​គ្រប់​រោងភាពយន្ត​ទំនើបៗ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខ​នេះហើយ​៕