សារអេឡិចត្រូនិច
Samsung បោះ​ចោល​គម្រោង​ដាក់ទ្រនាប់​ស្កេន​ក្រោម​អេក្រង់​ Galaxy S9​​


​​​​​​​​​​​​​​​​​​​​​​​​ក្រុមហ៊ុន​ Samsung បាន​សម្រេច​ចិត្ត​ថា​នឹង​មិន​បញ្ចូល​នូវ​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ក្រោម​ផ្ទៃ​អេក្រង់​ Galaxy S9 ឡើយ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក។

Galaxy S9 និង S9+ នឹង​បន្ត​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ​ដូច​ជា​ Galaxy S8 និង S8+ ដដែល។ ការ​ចេញ​ផ្សាយ​ខាង​លើ​បាន​លេច​ចេញ​ឡើង​ ក្រោយ​គេ​ប៉ាន់​ស្មាន​ថា​ Samsung បាន​​ធ្វើ​ការ​សម្រេច​ចុង​ក្រោយ​លើ​​លក្ខណៈ​សម្បត្តិ​ Hardware របស់​ Galaxy S9 រួច​ហើយ ដោយ​ការ​ផលិត​​សាក​ល្បង​បាន​ចាប់​ផ្ដើម​តាំង​ពី​ខែ​តុលា​មក​ម្ល៉េះ។ ការ​ផលិត​ទ្រង់ទ្រាយ​ធំ​នឹង​ចាប់​ផ្ដើម​នៅ​ខែ​ធ្នូ។

​កន្លង​មក​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​មួយ​នេះ​​តែង​មាន​​បំណង​ចង់​បំពាក់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ក្រោម​ផ្ទៃ​អេក្រង់​លើ​ស្មាតហ្វូន​កំពូលៗ​របស់​ខ្លួន​ ប៉ុន្តែ​មិន​បាន​ជោគជ័យ​ព្រោះ​​ផល​វិបាក​លើ​ផ្នែក​បច្ចេកទេស។ ​ការ​សម្រេច​ចិត្ត​​មិន​ប្រើ​បច្ចេកវិទ្យា​នេះ​នៅ​លើ​ Galaxy S9 ​​មិន​មាន​ន័យ​ថា​ Samsung បោះ​ចោល​បច្ចេកវិទ្យា​នេះ​ទាំង​ស្រុង​នោះ​ទេ។ គេ​ជឿ​ថា​ Samsung នឹង​សាក​ល្បង​បំពាក់​បច្ចេកវិទ្យា​នេះ​ម្ដង​ទៀត​​នៅ​លើ​ Galaxy Note 9 ដែល​​ទំនង​នឹង​បង្ហាញ​ខ្លួន​នៅ​ខែ​សីហា​ ឆ្នាំ​ក្រោយ៕

ប្រភព៖ The Investor