សារអេឡិចត្រូនិច
ក្រុមបាញ់ប្លន់យកម៉ូតូ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ តាមបង្ក្រាបបាន២នាក់ និងក្រុមគ្រឿងញៀន៥នាក់


ក្រុមដៃដល់ដែលបាញ់ប្លន់យកម៉ូតូមួយគ្រឿង នៅសង្កាត់វាលវង់ ខណ្ឌ៧មករា បណ្ដាលឲ្យស្ដ្រីម្ចាស់ម៉ូតូរងរបួសធ្ងន់ និងបាញ់ប្លន់យកម៉ូតូមួយគ្រឿងទៀត នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវបាន កម្លាំងនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការតាមបង្ក្រាប និងចាប់ខ្លួនចំនួន២នាក់ ព្រមទាំងដកហូតកាំភ្លើង ម៉ូតូ និងសម្ភារជាវត្ថុតាងជាច្រើនផ្សេងទៀត។

ក្នុងប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះ កម្លាំងនគរបាលក៏បានឃាត់ខ្លួនក្រុមជក់គ្រឿងញៀន ចំនួន ៥នាក់ផងដែរ ខណៈដែលពួកគេកំពុងស្ថិតនៅក្នុងផ្ទះជួលតែមួយ តាមផ្លូវបេតុង ភូមិសង្កាត់អូរបែកក្អម ខណ្ឌសែន សុខ។

ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ យកមកបង្ហាញមុខជាសាធារណៈ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មុនបញ្ជូនខ្លួនទៅកាន់ តុលាការ ដើម្បីកាត់ទោស។

របាយការណ៍របស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ទាំងនេះ បានធ្វើ ឡើងកាលពីថ្ងៃទី១១​ ខែវិច្ឆិកា ក្រោមការបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានី ភ្នំពេញ និងក្រោមការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារង សៀង សុខ ដោយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ កម្លាំងនគរបាលខណ្ឌទួលគោក កម្លាំងនគរបាលខណ្ឌ៧មករា និងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី១៖ ឈ្មោះ ម៉ែន រ័ត្ន អាយុ៣៤ឆ្នាំ រស់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ក្រុម៦ ភូមិ-សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងជនសង្ស័យទី២៖ឈ្មោះ ឥន ចាន់ដារ៉ូត អាយុ២៤ឆ្នាំ រស់នៅផ្ទះជួលគ្មានលេខ ផ្លូវទេពថន សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលពួកគេទាំង២នាក់ អមដោយក្រុមជក់គ្រឿងញៀន៥នាក់ទៀត ដដែលបក្ខពួកត្រូវ បានបង្ក្រាបនៅថ្ងៃតែមួយ។

ក្រោយចាប់ខ្លួនកម្លាំងនគរបាលបានដកហូតកាំភ្លើងខ្លី ថ្នាំញៀន ម៉ូតូ និងស្លាកលេខម៉ូតូ ព្រមទាំងវត្ថុតាងជាច្រើន ផ្សេងទៀត។

បើយោងតាមរបាយការណ៍ជនសង្ស័យទាំងនេះ ដែលមានគ្នា៣នាក់ បានបាញ់ប្លន់យកម៉ូតូពីស្ដ្រីម្នាក់ នៅយប់ ថ្ងៃទី០៧ ខែវិច្ឆិកា នៅសង្កាត់វាលវង់ ខណ្ឌ៧មករា បណ្ដាលឲ្យស្ដ្រីម្ចាស់ម៉ូតូរងរបួសជាទម្ងន់ ហើយមកដល់ព្រឹក ព្រលឹមថ្ងៃទី១០ ខែវិច្ឆិកា ជនដដែលនេះ បានទៅប្លន់បុរសម្នាក់នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ដោយបាញ់ គំរាមមួយគ្រាប់ផងដែរ៕