សារអេឡិចត្រូនិច
តារា​ចម្រៀង សន វិជ្ជបុត្រ ដើររ៉ៃ​ប្រាក់​ពី​សប្បុរសជន​​ ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់


តារា​ចម្រៀង​ផលិតកម្ម M លោក សន វិជ្ជបុត្រ រ៉ៃ​ប្រាក់​ពី​សប្បុរសជន​ព្រម​ទាំង​មិត្តភ័ក្ដិ​ ដែល​ជាអ្នក​សិល្បៈដូច​គ្នា ទិញ​ម៉ូតូ​ស្មាស​​ ស៊េរី ២០០៩ មួយ​គ្រឿង​ តម្លៃ​៦០០ ដុល្លារ ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​​មាន​របរ​ជា​អ្នក​រត់​ម៉ូតូ​ឌុប។

ចម្រៀង​ផលិតកម្ម M ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ដោយ​មើល​ឃើញ​ពូ​រត់​ម៉ូតូ​ឌុប មិន​មាន​ផ្ទះ​សម្បែង មិន​មាន​កូនចៅ គ្មាន​លទ្ធភាព​ទិញ​ម៉ូតូ​វិញ បន្ទាប់​ពី​ត្រូវ​ចោរ​លួច​កាល​ពី​ជិត​១ខែ​មុន លោក​​រួម​ជា​មួយអតីត តារា​​សម្ដែង ថាច់ ផល្លា បាន​សម្រេច​ចិត្តរៃអង្គាស​ពី​មិត្តភ័ក្ដិ ​ក៏​ដូច​ជាសប្បុរសជន​​មួយ​ចំនួន​​ទៀត ដើម្បី​ទិញ​ម៉ូតូ​ខាង​លើ។ ម្យ៉ាងពូរត់​ម៉ូតូ​ឌុប​ម្នាក់​នោះ លោក​បាន​ស្គាល់​ច្រើន​ឆ្នាំ​មក​ហើយ ត្បិតអី​ឧស្សាហ៍​ប្រើ​គាត់​ទៅ​ទិញ អ៊ីវ៉ាន់​ឲ្យ​ញឹកញាប់ ហើយ​បុរស​នោះ​ជា​មនុស្ស​ល្អ ស្លូតត្រង់​ថែម​ទៀត​ផង។

"លុយ​ហ្នឹង បាន​មក​ពី យ៉ាវ៉ាន់ នៅកូរ៉េ ១០០$ អែនណា ​អតីត​តារា​សម្ដែង នៅប្រទេសអូស្រ្តាលី ២០០$ កញ្ញា ថាច់ ផល្លា ​អតីត​តារា​សម្ដែង ២០០$ Niza Chhean នៅបារាំង ១០០$ មែន​ទែន​ទៅ ខ្ញុំ​ដូច​អត់​ចេញ​ចឹង គ្រាន់តែចេញ​មុខ​ទេ" ម្ចាស់​បទ “ពីរជំហានលើវិថីមួយ" លើក​ឡើង។

លោក​ពូ​រត់​ម៉ូតូ​ឌុប​ម្នាក់​នោះ​មាន​ឈ្មោះ ចាន់ សេង វ័យ​៦៨ឆ្នាំ លោក​​មាន​ស្រុក​កំណើត​នៅ ខេត្ត​ក្រចេះ បាន​ប្រកប​របរ​​ជា​អ្នក​រត់​ម៉ូតូ​ឌុប​​នេះ ជិត២០ឆ្នាំ​ហើយ។ លោក​ពូ មិន​មាន​កូន​ចៅ​ ឬ​ផ្ទះ​សម្ដែង​ឡើយ រាល់​​ថ្ងៃ​សុំ​រោង​ឡាន​​គេ​ស្នាក់​នៅ។ ជិត​១ខែ​ដែល​ចោរ​លួច​ម៉ូតូ​ទៅ​បាត់ លោក​ពូថា ប្រៀប​បាន​ជា​បាត់​ឆ្នាំ​បាយ​របស់​លោក​អី​ចឹង គឺ​ទ័លច្រក ហើយ​មិន​សង្ឃឹម​ថា អាច​មាន​លទ្ធភាព​ទិញ​ម៉ូតូ​បាន​មក​វិញ​ឡើយ ព្រោះ​ប្រាក់​ដែល​រក​បាន​កន្លង​មក​មិន​បាន​សន្សំ​ទុក​បាន​ខ្លះ​ទេ។

នៅ​ពេល​ដែល​ទទួល​បាន​ម៉ូតូ​ខាង​លើ​នេះ លោក​ពូ​ពិត​ជា​សប្បាយ​ចិត្ត​ជា​ខ្លាំង ជា​មួយ​គ្នា​នោះ​លោក​បាន​ថ្លែង​អំណរ​គុណ ម្ចាស់ជំនួយ​​​ សូម​ជូនពរ​ម្ចាស់​ជំនួយ​ជួប​ប្រទះ​តែ​សេចក្ដី​សុខ​សប្បាយ ការងារ​ជោគជ័យ​​គ្រប់​ភារកិច្ច។

តាម​ការ​លើ​ឡើង​របស់​លោក សន វិជ្ជបុត្រ ការ​ជួយ​ដល់​ពូ​រត់​ម៉ូតូឌុប​ខាង​លើ មិនមែន​ជា​លើក​ទី១​របស់​តារា​ចម្រៀង មាន​កំណើត​មក​ពី ស្រុក បាភ្នំ ខេត្ត ព្រៃវែង​រូប​នេះ​​ឡើយ។ ជា​​ការ​ពិត​លោកធ្លាប់​បាន​ជួយ​ដល់​អ្នក​សិល្បៈ​ជា​ច្រើន​ទៀត​កន្លង​មក ដូច​ជា​ជួយ​ដល់​អ្នក​នាង ស្វែង សុជាតា យាយ​ណាង និងសិល្បករ​​ចាស់ៗ​ជា​ច្រើន​​រូប​ទៀត​តាម​​រយៈ​សមាគម​សិល្បករ​​ខ្មែរ​កន្លង​មក។

ទន្ទឹម​គ្នា​នោះ​ដែរ លោក​ក៏​ធ្លាប់​ជួយ​ប្រជាជន​ក្រីក្រ​ជា​ច្រើន​រូប​ទៀត ដូច​ជា​​ជួយ​​សង់​ផ្ទះ​ឲ្យ​ជន​គ្មាន​ទីពឹង​ជា​ដើម។ និយាយ​ដោយ​មិន​លាក់​​លៀម​ប្រាក់​ដែល​ខ្លួន​បាន​យក​ទៅ​ជួយ​ដល់​អ្នក​សិល្បៈ​ក៏​ដូច​ជា​​ជន​ក្រីក្រ​ផ្សេង​ទៀត លោក សន វិជ្ជបុត្រ ប្រាប់​ថា មិន​មែន​ជា​ប្រាក់​របស់​លោក​ទាំង​អស់​ឡើយ ភាគ​ច្រើន​បាន​មក​ពី​សប្បុរសជន​​ខ្មែរ​​នៅ​ក្រៅ​ប្រទេស និងសប្បុរសជន​ក្នុង​ស្រុក។ ជា​មួយ​កិច្ចការ​​សប្បុរសធម៌​នេះ លោក​បាន​ប្ដេជ្ញា​ថា នៅ​តែ​បន្ត​សកម្មភាព​នេះ​ជា​រៀង​រហូត៕