សារអេឡិចត្រូនិច
ក្រោយគ្រោះរញ្ជួយដី ៧.៣រ៉ិចទ័រ នៅអ៊ីរ៉ាក់-អ៊ីរ៉ង់ មនុស្សស្លាប់កើនដល់ ៣៣៦នាក់ និងរបួសជិត ៤,០០០នាក់


តេហេរ៉ង់៖ គ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ ដ៏កក្រើកមួយបានវាយប្រហារចំតំបន់ព្រំដែនរវាងអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ដែលជា ហេតុបានបង្កឲ្យមនុស្សស្លាប់មកទល់នឹងពេលនេះ គឺកើនដល់ ៣៣៦នាក់ហើយ ខណៈមនុស្សជាង ៣,៩៥០នាក់ ទៀតរងរបួស គិតចាប់តាំងពីថ្ងៃអាទិត្យម្សិលមិញ (ពេលវេលាក្នុងតំបន់រងការវាយប្រហារ)។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអ៊ីរ៉ង់ ចំណុចរំញ័រនៃហេតុការណ៍រញ្ជួយផែនដីខាងលើ បានកើតឡើងនៅ ចម្ងាយប្រមាណ ១០៣គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុង Sulaymaniyah នៃប្រទេសអ៊ីរ៉ាក់ និងជះឥទ្ធិពលយ៉ាង កក្រើកដល់ខេត្តចំនួន ១៤ឯណោះរបស់អ៊ីរ៉ង់ ដែលនៅជាប់ព្រំដែនជាមួយអ៊ីរ៉ាក់។ អាជ្ញាធរអ៊ីរ៉ង់បានបញ្ជាក់ឲ្យដឹងថា សម្រាប់មនុស្សស្លាប់ និងរបួសទាំងជិត ៣,៩៥០នាក់ ខាងលើនេះ គឺភាគច្រើនបំផុត ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់តែម្តង ខណៈនៅអ៊ីរ៉ាក់គឺមនុស្សស្លាប់មានចំនួន ០៨នាក់ និងរងរបួស ប្រមាណជាង ២០០នាក់។ ក្រៅពីមនុស្សបាត់បង់ជីវិត អគារជាច្រើនខ្នង ក៏បានទទួលរងការបំផ្លិចបំផ្លាញក៏ដូចជាដួលរលំផងដែរ។

រំលឹកប្រវត្តិបន្តិចកាលពីឆ្នាំ២០០៣ តំបន់ទីក្រុងបុរាណ Bam ដែលស្ថិតនៅក្បែរតំបន់រងគ្រោះពេលនេះ ធ្លាប់រងគ្រោះរញ្ជួយដីដ៏សាហាវ ផ្តាច់ជីវិតមនុស្សដល់ទៅ ២៦,០០០នាក់ នៅក្នុងប្រទេសអ៊ីរ៉ង់ និងកាលពីខែសីហា ឆ្នាំ២០១២ គ្រោះរញ្ជួយដីបានកើតមាននៅខេត្តភាពខាងកើតប្រទេស អាហ្សែបៃហ្សង់ ស្លាប់មនុស្សជាង ៣០០នាក់៕