សារអេឡិចត្រូនិច
​ការ​សម្ដែង​របាំ​បុរាណ​ ​ត្រូវ​ចំណាយ​ពេល​តែង​ខ្លួន​ដល់​ទៅ​រាប់​ម៉ោង​ឯណោះ


ប្រិយមិត្តធ្លាប់​តែ​ឃើញ​ការ​សម្ដែង​របាំ​បុរាណ​តាម​ពិធី​បុណ្យ​ជាតិ និង​នៅ​ក្នុង​ការ​សម្ដែង​ផ្សេង​ៗ ពេល​ខ្លះ​រាំ​តែ ២០ ឬ ៣០នាទី​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ត្រូវ​ចំណាយ​ពេល​តែង​ខ្លួន​ដល់​ទៅ​រាប់​ម៉ោង​ឯណោះ។

ប្រធាន​ការិយាល័យ​ផ្នែក​របាំ​ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នក​ស្រី រស់ យ៉ារ៉ាន់ បាន​ប្រាប់ Sabay ថា ការ​តុបតែង​ខ្លួន​មុន​សម្ដែង​ម្ដង​ៗ ត្រូវ​ការ​ពេលយ៉ាង​ហោច​ណាស់​មួយ​ម៉ោង បើ​អ្នក​តុបតែង​ផាត់​ឱ្យ​តែ​តួ​ម្នាក់។ អ្នក​ស្រី​បញ្ជាក់​ថា បើ​សិន​ខាង​សំអាង​ផាត់​មុខ​ និង​តុបតែង​ឱ្យ​តួ​តែ​ម្នាក់​ត្រូវ​ការ​ពេល​ប្រហែល​៤៥នាទី នេះ​និយាយ​ពី​តួ​ស្រី ប៉ុន្តែ​បើ​តួ​នាយរង (តួ​ប្រុស) វិញ ត្រូវ​ការ​ពេល​ប្រមាណ​១ម៉ោង ឬ​លើស​នេះ ព្រោះ​តួ​ប្រុស​ត្រូវ​ការ​ដេរ​សម្លៀក​បំពាក់​ច្រើន​កន្លែង។

ចំណុច​ដេរ​សម្លៀក​បំពាក់​នេះ​ដែរ បើ​តាម​គ្រូ​បង្វឹក​របាំ​រូប​នេះ បាន​ឱ្យ​ដឹង​ថា គ្រប់​តួអង្គ​ត្រូវ​ដេរ​សម្លៀក​ទាំង​អស់ ដើម្បី​ឱ្យ​ចេញ​រាង​ស្អាត ចំណុច​នេះ​ប្រទេស​ជិត​ខាង​ដែល​មាន​វប្បធម៌​ស្រដៀង​នឹង​កម្ពុជា​ក៏​រៀន​តាម​កម្ពុជា​ដែរ ព្រោះ​គេ​ឃើញ​ចំណុច​ល្អ​ពី​ការ​ដេរ​នោះ។

រឿង​ដេរ​នេះ ដោយ​សារ​តែ​សម្លៀក​បំពាក់​របាំ និង​គ្រឿង​អលង្ការ​ហ្នឹង​វា​ថ្លៃ​ណាស់ ដូច្នេះ​បើ​កាត់​តម្រូវ​តែ​ម្នាក់​ៗ​មិន​កើត​ទេ អីចឹង​អ្នក​របាំ​មាន​ធាត់​ មាន​ស្គម បាន​យើង​ត្រូវ​ដេរ មួយ​ទៀត​ការ​ដេរ​នេះ​ដើម្បី​ឱ្យ​រឹប​រាង​មើល​ទៅ​ឃើញ​ស្អាត។ បរទេស​ច្រើន​ណាស់​គេ​ឆ្ងល់​ថា ហេតុ​អ្វី​ចាំ​បាច់​ដេរ​ឱ្យ​លំបាក មិន​កាច់​ឱ្យ​ត្រូវ​រាង​ទៅ តែ​ដល់​គេ​ដឹង​ពី​ចំណុច​ល្អ​របស់​វា គេ​ក៏​មិន​ហ៊ាន​ទិះតៀន​យើង។

ការ​តុប​តែង​មួយ​ចំនួន​ដែល​ត្រូវ​ប្រើ​រយៈ​ពេល​យូរ៖

  • គ្រាន់​តែ​ផាត់​មុខ​ប្រមាណ​កន្លះ​ម៉ោង​សម្រាប់​តួ​ម្នាក់ (អ្នក​ជំនាញ)
  • ធ្វើ​ម៉ូដ​សក់ ឬ​បួង​សក់​ប្រមាណ​១០​ទៅ​១៥នាទី

  • ស្លៀកពាក់​ប្រមាណ​កន្លះ​ម៉ោង ឬ​លើស​ពី​នេះ បូក​ទាំង​ការ​ដេរ​សម្លៀក​បំពាក់​ឱ្យ​ចេញ​ជា​រាង (សម្រាប់​អ្នក​ជំនាញ)

  • ស្លៀក​ពាក់​ឱ្យ​តួ​នាយរង(តួ​ប្រុស) យូរ​ជាង​តួ​នាង(តួ​ស្រី) ព្រោះ​ត្រូវ​ដេរ​សម្លៀក​បំពាក់​ច្រើន​កន្លែង។
  • ពាក់​មកុដ​រួម​ទាំង​កង​ជើង​កង​ដៃ​ប្រមាណ ១០ទៅ១៥នាទី (មិន​ទៀង​អាស្រ័យ​អ្នក​ជំនាញ)

ប្រភព៖ Sabay