សារអេឡិចត្រូនិច
លោក ប៊ី​ល ហ្គេ​ត បរិច្ចាគ ៥០លាន​ដុល្លារ ដើម្បី​លុបបំបាត់​ជំងឺ​ភ្លេចភ្លាំង​


លោក ប៊ី​ល ហ្គេ​ត និយាយថា លោក​បាន​ផ្តល់ប្រាក់ ៥០ លាន​ដុល្លារ​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​អាល់​ហ្សៃ​ម៉ឺ (Alzheimer’s) ឬ ជំងឺ​ភ្លេចភ្លាំង​។​

​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft រូបនេះ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​វិច្ឆិកា​ថា ការបរិច្ចាគ​ទៅ​អង្គការ​មូលនិធិ​ស្រាវជ្រាវ​ជំងឺ​ភ្លេចភ្លាំង (Dementia Discovery Fund) គឺជា​ប្រាក់​ផ្ទាល់ខ្លួន ហើយ​មិនមែន​តាមរយៈ​អង្គការ​មូលនិធិ​សប្បុរសធម៌​របស់គាត់​ទេ​។​

​អង្គការ​មូលនិធិ​ឯកជន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​នេះ​ត្រូវបាន​គាំទ្រ​ដោយ​រដ្ឋាភិបាល អង្គការ​សប្បុរសធម៌​នានា និង​ក្រុមហ៊ុន​ឱសថ ហើយ​កំពុង​ស្វែងរក​ការព្យាបាល​ថ្មី​សម្រាប់​ជំងឺសរសៃប្រសាទ​ដែល​មិនអាច​រើ​ឡើងវិញ និង ដ៏​ជឿនលឿន​មួយ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក​ហ្គេ​ត​និយាយថា មនុស្ស​នៅក្នុង​គ្រួសារ​របស់គាត់​បានទទួល​រង​ពី​ជំងឺ​វង្វេង​នេះ​។ គាត់​សង្ឃឹមថា ជំងឺ​អាល់​ហ្សៃ​ម៉ឺ​រ៉ាំរ៉ៃ​អាច​ព្យាបាល​ជាសះស្បើយ​ទាន់ពេល​ជាមួយ​ឱសថ​។​

​លោក​ហ្គេ​ត​និយាយថា​ការព្យាបាល​ដំបូង​ចំពោះ​ជំងឺ​នេះ​ប្រហែល​មិនអាច​ធ្វើ​បានទេ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ឬ​លើសពីនេះ ហើយ​ដំបូង​ឡើយ​វា​នឹងមាន​តម្លៃ​ថ្លៃ​។ គាត់​និយាយថា មូលនិធិ​ហ្គេ​ត (Gates Foundation) អាច​នឹង​ពិចារណា​ពី​វិធី​ពង្រីក​លទ្ធភាព​ចូលទៅ​កាន់​ប្រទេស​ក្រីក្រ នៅពេលដែល​ការព្យាបាល​ត្រូវបាន​អភិវឌ្ឍ​៕