សារអេឡិចត្រូនិច
កសិករ​ត្អូញត្អែរ​​ ពីការធ្លាក់​ថ្លៃ​ជាង​ពាក់កណ្តាល នៃ​ផ្លែ​ដៃខ្លី​ក្នុងឆ្នាំនេះ


អ្នកភូមិ​រស់នៅក្នុង​ឃុំ​ស្រែ​អំពក ស្រុក​គិរីវង់ ខេត្តតាកែវ​មិនតិចជាង​១០០​គ្រួសារ​ទេ បាន​ប្រក​បរប​ដាំ​ដើមដៃ​ខ្លី សម្រាប់​ចំណូល​បន្ថែម​លើ​ការធ្វើ​ស្រែចំការ តែ​ថា​ឆ្នាំនេះ​តម្លៃ​ធ្លាក់ចុះ​ជាង​ពាក់កណ្តាល​។​ ​ដៃខ្លី​ជា​រុក្ខជាតិ​វល្លិ មាន​ផ្លែ​តូចៗ​ប៉ុន​កូនដៃ និង​មាន​រសជាតិ​ហឹរ មិន​ខុសពី​ម្រេច​ប៉ុន្មាន​នោះទេ​។ សម្រាប់​ផ្លែ​ស្រស់​គេ​យកទៅ ឆា ឬ​ខ ដូចជា​ផ្លែ​ម្រេច​ដែរ​។ សម្រាប់​លក់​ឲ្យ​ឈ្មួយ​កសិករ​ដាំ​ដើមដៃ​ខ្លី​ថា​ត្រូវ​ហាល​ឲ្យ​ស្ងួត​មុននឹង​លក់​ឲ្យ​ឈ្មួយ​វៀតណាម​។ កសិករ​បញ្ជាក់ថា​ផ្លៃ​ដៃខ្លី​ស្ងួត​អាច​ប្រើប្រាស់​បាន​ដូចជា​ម្រេច​ដែរ​។​

លោក កៅ សារី ជា​កសិករ​ដាំ​ដើមដៃ​ខ្លី​នេះ​តាំងពី​ឆ្នាំ​១៩៨៥ ដែល​កាលនោះ​លោក​ដាំ ត្រឹមតែ​៣០០​ជន្លង់​តែប៉ុណ្ណោះ ប៉ុន្តែ​លោក​ថា​រហូតដល់​ឆ្នាំ​២០១៣ ពេលដែល​តម្លៃ​ផ្លែ​ដៃខ្លី​ហក់​ឡើង​ខ្លាំង​លោក​បាន​ពង្រីក​ដី​ដាំ​ដុះ​ជិត​ពីរ​ហិកតា ដោយ​ដាំ​ចំនូ​ន​១ ២០០ ជន្លង់​។ លោ​កថា​របរ​នេះ​មិនជា​ថ្មី​ទេ​សម្រាប់​កសិករ​នៅក្នុង​ស្រុក​នេះ ដោយ​ថា​របរ​នេះ​កើតមាន​តាំងពី​ទសវត្ស​ឆ្នាំ​១៩៦០​មក​ម្លេះ​។​

ចាប់ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៦ លោក​ថា តម្លៃ​ផ្លែ​ដៃខ្លី​ស្ងួត​លក់បាន​រហូតដល់​៣​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម និង​ថា​មាន​ឈ្មួយ​ច្រើន​មក​បញ្ជា​ទិញ​។ សម្រាប់​ឆ្នាំ​២០១៧ នេះ​វិញ​លោ​កថា​មិនដឹង​ជា​មូល​ហេតុអ្វី​បានជា​មិនមាន​ឈ្មួយ​ច្រើន​ដូច​មុន​នោះទេ គឹ​ថា​មានតែ ឈ្មួញ​វៀតណាម​ប៉ុណ្ណោះ​ដែល​មក​បញ្ជា​ទិញ ដោយ​ក្នុង​មួយ​គីឡូក្រាម​នៃ ផ្លៃ​ដៃខ្លី​ស្ងួត​មានតម្លៃ​១២ ០០០ រៀល ខណៈដែល​លោក អាច​ផលិត​បាន​ប្រហែលជា​ពីរ​តោន​ក្នុង​មួយឆ្នាំ​។​

លោក បន្ថែមថា​៖« ឆ្នាំនេះ​តម្លៃ​ដៃខ្លី​ធ្លាក់ចុះ​ខ្លាំង​ធ្វើ​ឲ្យ​ខ្ញុំ​បាត់ប្រាក់​ចំណូល​ជាង​ពាក់កណ្តាល​ដោយ ម៉ូយ​នៅ​ភ្នំពេញ​គេ​ថា​ថៃ​និង​ចិន​គេ​អត់​ទិញ​ដៃខ្លី​ពី​យើង​ចឹ​ង​ហើយ​ទីផ្សារ​ចង្អៀត​មានតែ​វៀតណាម​មួយគត់​ហើយ​ម៉ូយ​ពី​អឺរ៉ុប​ក៏​មិនឃើញ​មក​ទិញ​»​។

សម្រាប់​លោកស្រី ជៀស ម៉ន ដែល​ទើប​ប្រក​របរ​នេះ​បាន​បួន​ឆ្នាំ​នោះ​លើកឡើងថា​របរ​នេះ​បាន​ជួយផ្តល់​ចំណូល​បន្ថែម​ក្រៅពី​ការធ្វើ​ស្រែ​។ ទោះយ៉ាងណា​អ្នកស្រី​ថា ការធ្លាក់​ថ្លៃ​ផ្លៃ​ដៃខ្លី​នេះ​ធ្វើ​ឲ្យ​អ្នកស្រី​ខាត​ថវិកា​មិនតិចជាង​ពីរលាន​រៀល​ទេ​ក្នុង​មួយឆ្នាំ​។ អ្នកស្រី​បញ្ជាក់ថា​ក្នុង​មួយឆ្នាំ អ្នកស្រី​អាច​លក់​ផ្លៃ​ដៃខ្លី​ស្ងួត​មិនតិចជាង​២០០​គីឡូក្រាម​នោះទេ​។​ ​កសិករ​ខាងលើ​អះអាងថា​ដើមដៃ​ខ្លី​ងាយស្រួល​ដាំ ដោយសា​ធន់​នឹង​អ​កាស​ធាតុ និង​មិនសូវ​រើស​ប្រភេទ​ដី និង​ថា​ដាំ​តែ​ពីរ​ឆ្នាំ​អាច​ប្រមូល​ផល​បាន​គ្រប់​រដូវ​៕​