សារអេឡិចត្រូនិច
រដ្ឋមន្ត្រីថៃ ព្រួយបារម្ភ​ពី​ហានិភ័យ​នៃ​ក្រុម​អ្នក​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ អាច​កំពុងមាន​វត្តមាន​ក្នុងប្រទេស​ខ្លួន​


លោក​ឧបនាយករដ្ឋមន្ត្រី ប្រា​វីត វង់​សុ​វ៉ាន់ បាន​សម្តែង​ការព្រួយបារម្ភ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​វិច្ឆិកា​អំពី​ហានិភ័យ​នៃ​ក្រុម​អ្នក​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម (​អាយ​ស៊ី​ស​) និង​សមាជិក​នៃ​អង្គការ​ភេរវកម្ម​ដទៃទៀត​លប​ចូលមកក្នុង​ប្រទេស​ថៃ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​វីត​បាន​ថ្លែង​បែបនេះ​នៅក្នុង​បទសម្ភាសន៍​មួយ​ស្តីពី​ការបង្ក្រាប​នាពេល​បច្ចុប្បន្ន​លើ​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន​ចម្រុះ​ជាតិ​សាសន៍​ដែល​ក្នុងចំណោម​ជនបរទេស​ប្រហែល ១០០.០០០ នាក់​ត្រូវគេ​ជឿថា​បាន​ស្នាក់នៅ​ហួស​ទិដ្ឋាការ​។​

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក​គង់​ឈី​ប តាន់​ត្រា​វ៉ា​និ​ច បានផ្តល់​តួលេខ​នេះ​កាលពី​ថ្ងៃអាទិត្យ​ទី​១២​វិច្ឆិកា​។​

​លោក​ឧបនាយករដ្ឋមន្ត្រី វង់​សុ​វ៉ាន់ ដែល​ទទួលបន្ទុក​ផ្នែក​កិច្ចការ​សន្ដិសុខ​ផងដែរ​នោះ បាន​និយាយថា រដ្ឋាភិបាល​ឥឡូវនេះ​បារម្ភ​ថា “​ប្រហែល​” មាន​គ្នីគ្នា​នៃ​ក្រុម​ភេរវជន​បរទេស​នៅក្នុង​ប្រទេស​ថៃ​។​ ​លោក​ក៏បាន​បដិសេដ​ផងដែរ​ចំពោះ​ការ​លើកឡើងថា ជនបរទេស​ដែល​ស្នាក់នៅ​ហួស​ទិដ្ឋាការ អាច​នៅ​ថៃ​បាន​ដោយសារ​ការ​សូកប៉ាន់​មន្ត្រី​សន្តិសុខ​។​ ​លោក​ថែមទាំង​បាន​អំពាវនាវ​ឱ្យ​អ្នក​ដែល​ចង់​ទម្លាយ​ព័ត៌មាន​ទាក់ទង​នឹង​ការស៊ីសំណូក​ឱ្យចេញ​មុខមក​ដើម្បី​ឱ្យគេ​ស៊ើបអង្កេត​លើ​ការចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​។​​ លោក​ប្រា​វីត​និយាយថា មនុស្ស​ជាង ១០០នាក់ ដែល​ផុតកំណត់​ទិដ្ឋាការ ត្រូវបាន​ចាប់ខ្លួន​នៅ​ភាគខាងត្បូង​រួចមកហើយ​នាពេល​ថ្មីៗ​នេះ​។​

​លោក​ឧត្ដមសេនីយ៍ឯក ឥទ្ធិពល ឥ​ទ្ធី​សាន​រុន​ណា​ចៃ អនុប្រធាន​ការិយាល័យ​អន្តោប្រវេសន៍​បាន​និយាយថា មនុស្ស​ជាង ១០០នាក់​នេះ ត្រូវបាន​ឃុំឃាំង​នៅតែ​ភូ​កេ​ត​ប៉ុណ្ណោះ​។​ ​លោក​បាន​ទទួលស្គាល់ថា ​ទំហំ​នៃ​ការរំលោភបំពាន​លើ​ទិដ្ឋាការ​បាន​បង្កើត​ឱកាស​សម្រាប់​មន្ត្រី​រដ្ឋ​មិន​ស្មោះត្រង់​ដើម្បី​ជំរិត​ទារប្រាក់​ពី​ជនល្មើស​។​​ ដោយសារ​ភាគច្រើន​នៃ​អ្នក​ដែល​ផុតកំណត់​ទិដ្ឋាការ​ត្រូវបាន​គេ​រកឃើញ​រស់នៅក្នុង​តំបន់​ទេសចរណ៍ គាត់​បាន​ជំរុញ​ឱ្យ​ប្រតិបត្តិ​ករ​សេវាកម្ម​អគារ​ស្នាក់នៅពិនិត្យមើល​ភាពមិនប្រក្រតី​និង​រាយការណ៍​ទៅ​អាជ្ញាធរ​។​

​លោក​បាន​និយាយថា នេះ​អាចជា​ជនបរទេស​ដែល​ស្នាក់នៅ​រយៈពេល​ដ៏​យូរ ដោយ​មិនមាន​ការងារ​ធ្វើ ឬ​ទម្រង់​នៃ​ប្រាក់ចំណូល​ស្របច្បាប់​។​ ករណីបែបនេះ​គួរតែ​ត្រូវបាន​រាយការណ៍​ទៅ​ប៉ូលិស ដូច្នេះ​ការត្រួតពិនិត្យ​ជា​ផ្លូវការ​អាច​ត្រូវបាន​អនុវត្ត​៕