សារអេឡិចត្រូនិច
ត្រីបាឡែនជាច្រើនក្បាល អណ្តែតមកទើរលើឆ្នេរ​សមុទ្រ​ឥណ្ឌូណេស៊ី


ហ្សាការតា៖ ក្រុមអ្នកជួយ​សង្រ្គោះឥណ្ឌូណេស៊ី នៅល្ងាច​ចន្ទសប្ដាហ៍នេះ បានជួយសង្រ្គោះ​ត្រីបាឡែន (sperm ir cachalot whales ជាប្រភេទត្រីបាឡែនមានធ្មេញធំ និងមាឌធំ) ចំនួន ១០ក្បាល ដែលបានអណ្តែតមកទើរលើ​ឆ្នេរ Ujung Kareung ស្ថិតនៅភាគ​ពាយ័ព្យ កោះស៊ូម៉ាត្រា នៃខេត្ត Aceh។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន New York Times នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាម​ក្រុមមន្ត្រីអភិរក្ស​ ត្រីបាឡែន​ឥណ្ឌូណេស៊ី ត្រីបាឡែនទាំង ១០ក្បាល ខាងលើ ត្រូវបានគេប្រទះ​ឃើញ ទើរនៅលើឆ្នេរកាលពី​ព្រឹកថ្ងៃចន្ទ​កន្លងទៅ។ ក្រុមមន្ត្រីបញ្ជាក់​ទៀតថា ពួកគេ​បានជួយ​សង្រ្គោះ​ត្រីបាឡែន ០៥ក្បាល ត្រឡប់ទៅ​តំបន់ទឹកជ្រៅ​ដោយ​ជោគជ័យ និងពីរក្បាល​ត្រូវបាន​ព្យាបាលរបួស ខណៈពួកគេ​កំពុងព្យាយាម​យកត្រី បាឡែន​នៅសល់ទៅកាន់​ទឹកជ្រៅ​វិញ។

ក៏ប៉ុន្តែមកទល់​នឹងពេលនេះ គេមិនទាន់ដឹង​ច្បាស់នៅ​ឡើយទេថា ហេតុអ្វីបានត្រីបាឡែន​ទាំងនេះ​មកទើលើឆ្នេរ ពីព្រោះជា​ធម្មតាត្រីបាឡែនមិនត្រូវបាន​គេប្រទះ​ឃើញនោះទេ នៅតំបន់ទឹក​រាក់មាន​ជំរៅក្រោម ៣០០ម៉ែត្រ។ អ្នកជំនាញ​ឥណ្ឌូណេស៊ីកំពុងតែធ្វើការ​សិក្សាបន្ថែមទៀត ដែលអាចមានជំនួយពីនូវែលសេឡង់ ឬអូស្ត្រាលី ក្នុងការ ស្វែងយល់​ពីហេតុភេទធម្មជាតិដ៏ចម្លែកនេះ។

គួរបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅ​ត្រីបាឡែន (pilot whales) ច្រើនជាង ៦៥០ក្បាល ក៏ធ្លាប់ទើរលើឆ្នេរ​សមុទ្រ South Island ក្នុងប្រទេសនូវែលសេឡង់​ដោយមិនដឹងពី​មូលហេតុផងដែរ​ ហើយក្នុង​នោះ ៤០០ក្បាល ក្នុងចំណោមត្រីបាឡែន​ទាំងនេះ​បានស្លាប់៕ ​