សារអេឡិចត្រូនិច
ក្រសួងមហាផ្ទៃ​បាន​ព្រមាន​ចាត់វិធានការ​ច្បាប់​ចំពោះ​ក្រុម ឬ​ជន​ណា​ដែល​ធ្វើ​ឲ្យ​មានការ​រំខាន


អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ព្រមាន​ចាត់វិធានការ​ច្បាប់​ចំពោះ​ក្រុម ឬ​ជន​ណា​ដែល​ធ្វើ​ឲ្យ​មានការ​រំខាន​ដល់​ដំណើរ ការ​នៃ​សវ​នា​ការ​របស់​តុលាការ​កំពូល​ជំនុំជម្រះ​សំណុំ​រឿងក្តី​ក្រសួងមហាផ្ទៃ​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាងមុខ​​នេះ​។ ការព្រមាន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោកស្រី មូរ សុខ​ហួរ អនុប្រធាន​គណបក្ស សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​និង​​សមាជិក​របស់ខ្លួន​ទាំងអស់​ពាក់អាវ​សង្គ្រោះ​ជាតិ និង​ស្លាក​សង្គ្រោះ​ជាតិ ទៅ​ប្រមូល​ផ្តុំគ្នា​នៅមុខ​តុលាការ​កំពូល​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នា​២០១៧​។​
​ ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ថា នេះ​គឺជា​សេចក្តីអំពាវនាវ​មួយ​ដែលជា​ការប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ នៅ​មិន ទាន់​ចប់​ទេ​ថ្វីត្បិតតែ​បានធ្វើ​ហើយ​បរាជ័យ​​តាំងពី​ឆ្នាំ​២០១៣ មកហើយ​។ ដូច្នេះ​រូបភាព​នៃ​ការអំពាវនាវ​នេះ គ្រាន់តែ​ជា​អ្វីដែល​បញ្ជាក់​កាន់តែច្បាស់​ថា គណបក្ស​សង្គ្រោះ​ជាតិ ថ្វីត្បិតតែ​ខ្លួន​ជិត​នឹង​ផុតដង្ហើម​ទៅហើយ និង​ជា​ដង្ហើមចុង ក្រោយ​វា​គ្មាន​លទ្ធផល​អ្វី​ទេ​។​
​ ​
​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា រាល់​អំពើ​ទាំងឡាយណា និង​ការប៉ុនប៉ង​ទាំងឡាយណា នៅមុខ​តុលាការ​កំពូល គឺ​ហាម​ដាច់ខាត សមត្ថកិច្ច​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​នឹង​បញ្ជៀ​ស​នៅ​សកម្មភាព​ទាំងអស់​នឹង​។ ហើយ​ក្នុង ករណី​ដែល​ចាំបាច់​អ្នកណា​ដែលជា​មេក្លោង​​រឹងរូស​ត្រូវតែ​អនុវត្ត​ច្បាប់​នៅនឹងកន្លែង ហើយ​ប្រើប្រាស់​វិធានការ​ច្បាប់​យ៉ាង​តឹងរឹង​បំផុត​។ ដោយ​លោក​បាន​បញ្ជាក់ទៀតថា​“​ទាក់ទង​​ការអំពាវនាវ​នេះ យើង​បាន​ណែនាំ​អស់ហើយ គឺ​នៅ ពេលដែល​សវនាការ​រ​បស់​តុលាការ​កំពូល​ដំណើរការ​គឺ​ត្រូវ​រក្សា​ឲ្យ​បាន​នៅ​ភាព​ស្ងប់​​ស្ងៀម ចៀសវាង​ការប៉ុនប៉ង​ប្រមូលផ្តុំ​គៀបសង្កត់​ទៅលើ​បរិយាកាស​នៃ​សវនាការ នាំ​ឲ្យ​ចៅក្រម​មានការ​ភិតភ័យ​ដោយ​ប្រការ​ណាមួយ​”​។​
​ ​
​តាមរយៈ​វីដេអូ​ឃ្លី​ប​របស់​លោកស្រី មួរ សុខ​ហួរ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិតនៅ​ប្រទេស​អង់គ្លេស​ដែល​បាន​បង្ហោះ​​នៅក្នុង​ផេ​ក​ផ្លូវការ​របស់លោក​សម រង្ស៊ី កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែវិច្ឆិកា បាន​អំពាវនាវ​ឲ្យ​សមាជិក​និង​អ្នកគាំទ្រ​របស់ខ្លួន​ទៅ​ប្រមូល​​ផ្តុំ​នៅមុខ​តុលាការ​កំពូល នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ដោយ​ពាក់អាវ​សង្គ្រោះ​ជាតិ និង​ស្លាក​សង្គ្រោះ​ជាតិ​។ លោកស្រី​បាន​អំពាវនាវ​ថា​“​ខ្ញុំ​សូម​​អំពាវនាវ​ទៅដល់​បងប្អូន​ទាំងអស់​នៅថ្ងៃនោះ (១៦ វិច្ឆិកា​) ស្មារតី​យើង​រឹងមាំ គឺ​ពាក់អាវ​សង្គ្រោះ​ជាតិ គឺ​ពាក់​សញ្ញា​សង្គ្រោះ​ជាតិ​។​យើង​មក​​ជួបជុំគ្នា​ក្នុងនាម​ជា​អ្នកមាន​សិទ្ធិ មានច្បាប់​គ្រប់គ្រាន់​ពីព្រោះ​យើង​នៅតែ​សង្គ្រោះ​ជាតិ ខ្ញុំ​នៅតែ​ជា​តំណាងរាស្ត្រ​របប​ស់បង​ប្អូន ហើយ​៥៥​នាក់​នេះ នៅតែ​ជា​តំណាងរាស្ត្រ​របស់​បងប្អូន​ជានិច្ច​…”​។​
​ ​
​សូមជម្រាបថា នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្អែក​នេះ តុលាការ​កំពូល​បើកសវនាកា​រលើ​បណ្តឹង​ប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​ឌិ​ត មន្ទី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​របស់​តុលាការ​កំពូល បានចេញ​លិខិត​អញ្ជើញលោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​សវនាការ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​៨​ព្រឹក នៅ​តុលាការ​កំពូល​។​ ​ការបើក​សវនាការ​នេះ គឺ​បន្ទាប់ពី​មេធាវី​តំណាង​ឲ្យ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧​បានដាក់​ពាក្យបណ្តឹង​ប្តឹង​រំលាយ​​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​តុលាការ​កំពូល ពាក់ព័ន្ធ​ករណី​រៀបចំ​ផែនការ​ឃុបឃិត​ជាសម្ងាត់​ជាមួយ​បរទេស ក្នុងការ​ផ្តួលរំលំ​រាជ​រដ្ឋា​ភិ​បាល​ស្របច្បាប់ ក្រោម​ទម្រង់​នៃ​ការធ្វើ​បដិវត្តន៍​ពណ៌ ដោយ​យក​គំ​រូប​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស៊ែរ​ប៊ី​ក៏ដូចជា​បណ្តា​ប្រទេស​​មួយចំនួន​នៅ​ម​ជ្ឈឹ​ម​បូព៌ា​៕​