សារអេឡិចត្រូនិច
ខ្មាន់កាំភ្លើងនៅអាមេរិក «ជិះរថយន្តធ្វើការបាញ់រះទាំងកម្រោល» មនុស្សស្លាប់ និងរបួសជាច្រើននាក់


អាមេរិក៖ ខ្មាន់កាំភ្លើងម្នាក់​បានធ្វើសកម្មភាព​ ជិះរថយន្តបាញ់ប្រហារ​យ៉ាងកម្រោល ដោយ​គ្មាន​គោល​ដៅ​​ពិត​ប្រាកដ​​នោះ​ឡើយ នៅឯ​​ភាគខាងជើង​រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ដែលបានបណ្តាល​ឲ្យមនុស្ស ០៤នាក់ស្លាប់ និង​យ៉ាង​តិច​ ១០​នាក់​ផ្សេង​​ទៀត​របួស (ក្នុងនោះ ០២​​នាក់​ជា​កុមារ)។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារ ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃ​ពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧។

ខ្មាន់កាំភ្លើង​ខាងលើ ដែលអត្តសញ្ញាណ​មិនទាន់ត្រូវបាន​បញ្ចេញឲ្យ​ដឹងនោះ ត្រូវបានប៉ូលិស​បាញ់សម្លាប់ ក្រោយពី ជនដៃ​ដល់រូប​នេះបានបាញ់រះ​ទៅលើទីតាំង​ជាច្រើនខុសៗ​គ្នា នៅក្បែរសាលា​បឋមសិក្សា Rancho Tehama។ បើតាម​អាជ្ញាធរ​តំបន់ Tehama បុគ្គលិក​សាលាបានលឺស្នូរ​កាំភ្លើងលាន់ឡើង​យ៉ាងកក្រើកនៅប៉ុន្មានរយម៉ែត្រ​ក្បែរសាលារៀន បន្ទាប់មកសាលារៀននោះ ក៏ត្រូវបានដាក់​ស្ថិតក្រោមស្ថានភាព​បិទជិត ទើបធ្វើឲ្យជន​សង្ស័យ ដែលបាន​ព្យាយាមចូល​ទៅកាន់បន្ទប់រៀន របស់សាលា​បឋមសិក្សានេះ ដើម្បី​បាញ់រះលើ​សិស្សតូចៗ​ផងដែរនោះ ទទួល​បរាជ័យ។

ដោយសារតែចូលក្នុងថ្នាក់រៀនមិនបាន ខ្មាន់កាំភ្លើងរូបនេះ ក៏បានឡើងរថយន្តរបស់ខ្លួនវិញ ហើយបន្តបាញ់រះ​ទៅលើ អ្នករស់នៅ​​តាមដងផ្លូវ ព្រមទាំងអ្នកដែលជិះ​យានជំនិះឆ្លងកាត់ ទាំងកម្រោល មុននឹងត្រូវកម្លាំង​ប៉ូលិសបុករថយន្ត​ឲ្យធ្លាក់ផ្លូវ ហើយបាញ់​​សម្លាប់ចោល។

មានសេចក្តីរាយការណ៍ថា មូលហេតុ​ដែលបានបង្កឲ្យ​មានហេតុការណ៍​ដ៏អាក្រក់ គឺដោយសារតែប​ញ្ហាជម្លោះរវាង បុរស​ខាងលើ និង​អ្នកជិតខាង ហើយពុំមាន​ជាប់ពាក់ព័ន្ធ​នឹងអំពើភេរវកម្ម​នោះឡើយ។ យ៉ាងណា​មិញ អាជ្ញាធរ​នៅតែ បន្តស៊ើប​អង្កេត​ស្វែងរកចេតនា​​ពិតប្រាកដ នៃសកម្មភាព​បាញ់ប្រហារ​នេះដដែល ខណៈកាំភ្លើង​ពាក់កណ្តាល​ស្វ័យ ប្រវត្តិ ០១ដើម ព្រមទាំងកាំ​ភ្លើងខ្លី ០២ដើម ត្រូវ​បានគេរកឃើញ​នៅកន្លែង​កើតហេតុ៕