សារអេឡិចត្រូនិច
ផ្ទុះ​ការអបអរ​កក្រើក​អូស្ត្រាលី ​លទ្ធផល​នៃ​ការបោះឆ្នោត​ មានសំលេងគាំទ្រ​ច្រើនទៅលើការស្រឡាញ់​ភេទ​ដូច


អ្នកគាំទ្រ​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទូទាំងប្រទេស​អូស្ត្រាលី​សម្រាប់​ការប្រកាស​ដ៏​សំខាន់​នៃ​លទ្ធផល​ស្ទាបស្ទង់​អំពី​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​។​

​ការិយាល័យ​ស្ថិតិ​អូស្ត្រាលី​បានប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​ស្ម័គ្រចិត្ត​នៅឯ​សវនាការ​ពិសេស​មួយ​នៅក្នុង​សភា​សហព័ន្ធ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​១៥​វិច្ឆិកា​ដោយ​ភាគច្រើន​នៃ​សំឡេងឆ្នោត ៦១,៦ ភាគរយ​បាន​គាំទ្រ​ការធ្វើឱ្យ​អាពាហ៍ ពិពាហ៍​ភេទ​ដូចគ្នា​ស្របច្បាប់​។​ ​ក្រុម​អ្នកគាំទ្រ​រាប់ពាន់នាក់​បាននាំគ្នា​អបអរសាទរ​យ៉ាង​កង​រំពង​នៅតាម​តំបន់​ដែល​បានកំណត់​នៅ​ទូទាំងប្រទេស រួមទាំង​បណ្ណាល័យ​រដ្ឋ​វី​តូ​រៀ​ក្នុង​ទីក្រុង​មែ​ល​ប៊​ន និង​សួន​ព្រី​ន​អាល់​ហ្វ្រេ​ត ក្នុង​ទីក្រុង​ស៊ីដនី​។ ​ការ​ឱបក្រសោប​ដ៏​រំភើប ការបង្ហូរ​ទឹកភ្នែក​ដោយ​ក្តី​អំណរ និង​សារ​អបអរ​សមភាព​ដ៏​ច្រើន​លើសលប់​បាន​កើតមាន​ពាសពេញ​ប្រទេស ក្រោយពី​ការជជែក​វែកញែក ការរំលោភបំពាន និង​ការឈឺចាប់​ជាច្រើន​ខែ​មក​នោះ​។​

​យុទ្ធនាការ “​គាំទ្រ​” ទទួលបាន​សំឡេង ៧.៨១៧.២៤៧ ធៀប​ទៅនឹង​សំឡេង “​បដិសេធ​” ៤.៨៧៣.៩៨៧ ដែលជា​ជោគជ័យ​ដ៏​សំខាន់​សម្រាប់​ក្រុម​យុទ្ធនា​ការគាំទ្រ​ការស្រឡាញ់​ភេទ​ដូចគ្នា​។​

​ឥឡូវនេះ​អ្នកនយោបាយ​នឹង​អនុម័ត​ច្បាប់​មួយ​ក្នុង​រដ្ឋសភា​ដើម្បីឱ្យ​ច្បាប់​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​អនុញ្ញាតឱ្យ​ប្រទេស​អូស្ត្រាលី​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត​រួមមាន​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស បារាំង ស៊ុយអែត​និង​កាណាដា ដែល​បាន​កែប្រែ​ច្បាប់​អាពាហ៍ពិពាហ៍​របស់​ពួកគេ​រួចហើយនោះ​៕