សារអេឡិចត្រូនិច
ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ ៣ ចាប់ផ្តើម​ទទួល​ទុន​វិនិយោគពី​ក្រុមហ៊ុន Smart


ក្រុម​ហ៊ុន Smart Axiata ដោយ​មានដៃគូ​គាំទ្រ​ពី​​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង Forte Insurance បាន​ផ្ដល់​ជំនួយ​មូលនិធិ​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល (SADIF) ដល់​ក្រុមហ៊ុន ៣​ មាន៖

១-ក្រុម​ហ៊ុន ដឹក​ជញ្ជូន ជូនអ្នក ( Joonaak Delivery Co., Ltd )

២-ក្រុម​ហ៊ុន មរកត ថេកណូឡូជី (Morokot Technology)

៣-​ក្រុម​ហ៊ុន Aniwaa ក្នុង​កញ្ចប់​ទុន​វិនិយោគ​ ៥លានដុល្លារ លើ​ការអភិវឌ្ឍ​អាជីវកម្ម​ផ្នែក​បច្ចេកវិទ្យា​

មូលនិធិ​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល (SADIF) បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Smart និង​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា និង​វិនិយោគ Mekong Strategic Partners (MSP) បាន​បង្កើត​ឡើ​កាលពី​ដើម​ឆ្នាំនេះ ដើម្បី​គាំ​ទ្រ​ដល់​វិស័យ​ឧស្សាហកម្ម ICT ដែល​កំពុង​មាន​ការ​លូតលាស់ និង​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក Thomas Hundth នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart បាន​ឲ្យ​ដឹង​ថា ចំណូលពី​វិស័យ​បច្ចេកវិទ្យា​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​នឹង​កើន​ឡើង​ដល់ ១.៥ប៊ីលាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២០។

លោក​ថា សហគ្រាស​ផ្នែក​បច្ចេកវិទ្យា​ប្រទេស​កម្ពុជា​នៅ​ក្មេង​ខ្ចី និង​ខ្វះ​ទុនអភិវឌ្ឍ​។ ​តាម​រយៈ​គម្រោង​មូលនិធិ​របស់ Smart នឹង​អាច​រួម​ចំណែក​​ជួយ​សហគ្រិន​ដែល​មាន​ឆន្ទៈច្បាស់លាស់ បន្ត​​យុទ្ធសាស្ត្រ​អភិវឌ្ឍ​​អាជីវកម្ម​បែប​ឌីជីថល ដែលបាន​កំពុង​មានការ​លូតលាស់​យ៉ាងឆាប់រហ័ស។

ក្រុម​ហ៊ុន ជួន​អ្នក, មរកត និង Aniwaa ជា​ក្រុម​ហ៊ុន​ដំបូង​គេ​ដែល​ទទួល​បាន​ទុន​វិនិយោគ​ពីមូលនិធិ​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល (SADIF) ដោយ​ផ្អែក​លើ​អាជីវកម្ម​នា​ពេល​បច្ចុប្បន្ន​របស់​ខ្លួន និង​សក្ដានុពល​នៃ​ការ​រើក​ចំរើន​ផ្នែក​អាជីវកម្ម​បែប​ឌីជីថល​នា​ពេល​ខាង​មុខ។

  • ​ក្រុមហ៊ុន ជួនអ្នក ដែល​មាន​លោក ចាយ គង់ ជា​នាយក​ប្រតិបត្តិ​ដោយ​ធ្វើ​ការ​ផ្ដល់​ការ​គាំ​ទ្រ​បែប​ឌីជីថល ដល់​អាជីវកម្ម​ លក់​រាយ ការ​ស្តុក​ទំនិញ ការ​ដឹក​ជញ្ជូន និង​សេវា​គាំ​ទ្រ អតិថិជន​បែប​ពាណិជ្ជកម្ម​អេឡិចត្រូនិក។

  • ក្រុមហ៊ុន មរកត ដែល​មាន​លោក ឃួន សុភ័ត ជា​នាយក​ប្រតិបត្តិ ដែល​ធ្វើ​ការ​គាំ​ទ្រ​បែប​ឌីជីថល បង្កើត​កម្មវិធី Software ដើម្បី​គាំ​ទ្រ​ដល់​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​សម្រួល​ដល់​ការ​រាំង​ស្ទះ​ដល់​មន្ត្រី​ ឥណទាន និង​ប្រតិបត្តិ​ការ​ផ្នែក​ខាង​ក្នុង។

  • ក្រុមហ៊ុន Aniwaa ដែល​មាន​លោក Martin Iansard ជា​នាយក​ប្រតិបត្តិ នឹង​នាំ​មក​នូវ​ព័ត៌មាន​ទាក់​ទង​ទៅ​និង បច្ចេកវិទ្យា​ផ្នែក​រឹង ( Hardware ) ដែល​ទំនើប​ទាន់​សម័យ​បំផុត សម្រាប់​អ្នក​ដែល​មាន​ចំណូល​ចិត្ត​ផ្នែក​បច្ចេកវិទ្យា។

កញ្ញា ឡុង លក្ខិណា សហស្ថាបនិក​គម្រោង ជូន​អ្នក (Joonaak) បាន​ឲ្យ​ដឹង​ថា ការ​អភិវឌ្ឍ​អាជីវកម្ម​ មិនអាច​លូតលាស់​លឿន ដោយ​គ្មាន​ការ​គាំទ្រ​ខាងក្រៅ​នោះ​ទេ។ ការ​ទទួលបាន​មូលនិធិ​បន្ថែម​នៅពេល​នេះ ពិត​ណាស់​វា​​​ជួយ​ដល់​​សហគ្រាស​​ដ៏​ក្មេង​ខ្ចី​របស់​កញ្ញា​ ក្នុងការ​​អភិវឌ្ឍ​ដើម្បី​ទាញចំណែក​ចំណូល​ដ៏​ធំ​ពី​វិស័យ​បច្ចេកវិទ្យា។

ទំហំទឹកប្រាក់ ឬ​លក្ខខណ្ឌ​​នៃ​ការ​ផ្ដល់​មូលនិធិ​ដល់​ក្រុមហ៊ុន “មរកត” “ជូនអ្នក” និង “Aniwaa” មិន​ត្រូវ​បាន​ផ្សព្វ​ផ្សាយឡើង​ក្នុងពិធីប្រកាសជាផ្លូវការ​កាលពី​ម្សិលមិញ។ ប៉ុន្តែ អំឡុង​ពិធីសម្ពោធ​មូលនិធិ SADIF កាលពីខែ​មីនា ឆ្នាំ ២០១៧ ក្រុមហ៊ុន Smart និង MSP បាន​បញ្ជាក់ថា ការ​វិនិយោគ​ដោយប្រើ​ប្រាស់​កញ្ចប់​មូលនិធិ​នេះ នឹង​មានទំហំ ទឹកប្រាក់​ចន្លោះពី ២៥ ០០០ ដល់ ៥០ ០០០ ដុល្លារសហរដ្ឋអាមេរិក ដោយ​អាស្រ័យ​លើដំណាក់​កាល ប្រភេទ ឧស្សាហកម្ម​​  និងតម្រូវការចាំបាច់នៃ​មូលនិធិ​​របស់​ក្រុមហ៊ុន​ទាំងនោះ។ ការ​វិនិយោគ​​នឹង​ត្រូវ​បាន​ គាំទ្រ​បន្ថែមតាម រយៈការ​ជួយទំនុកបម្រុងផ្នែកគំនិត ការ​ចែក​រំលែក​ចំណេះដឹង និង​ការ​អភិវឌ្ឍន៍អាជីវកម្ម ដែលចំនុចទាំងអស់នេះគឺជា​ផ្នែក​ដ៏សំខាន់​​នៃ​ដំណើរការ​គាំទ្រជារួម។

ក្រុមហ៊ុន Smart, MSP និងនៅពេលនេះ​មាន Forte មួយទៀត គឺ​ជា​គណៈកម្មការ​វិនិយោគ  ត្រូវ​បានរំពឹងថានឹង​បន្ត​វាយ​តម្លៃលើ​ពាក្យស្នើ​សុំ​មូលនិធិ​ជា​ច្រើនទៀត ក៏ដូចជា​ប្រកាស​ការ​វិនិយោគជា​ច្រើនបន្ថែមទៀត ទៅក្នុង​វិស័យ ICT ដែលកំពុង​រីកលូតលាស់​នៅកម្ពុជា ហើយ​ជួយជំរុញ​សេដ្ឋកិច្ច​បែប​ឌីជីថល​របស់​កម្ពុជា​ឲ្យ​កាន់តែមានការ​រីកលូតលាស់បន្ថែមទៀត​ ក្នុងរយៈកាលប៉ុន្មានខែ​ខាង​មុខ៕