សារអេឡិចត្រូនិច
កងរថពាសដែកពង្រាយកម្លាំង មុខសភា​ហ្ស៊ីមបាវេ ដើម្បីការ​ពារ​​ស្ថាប័នច្បាប់ និងរដ្ឋាភិបាល


ហ្ស៊ីមបាវេ៖ យានយន្ត​របស់កងកម្លាំងយោធា​ហ្ស៊ីមបាវេ ត្រូវគេ​រាយការណ៍​ថា បានធ្វើ​ការ​បិទផ្លូវ​ព័ទ្ធពីខាងក្រៅមុខ អគារ​សភា​ហ្ស៊ីមបាវេ ប៉ុន្មាន​​ម៉ោង​ក្រោយពីមាន​ការសង្ស័យថា មានផ្ទុះរដ្ឋប្រហារ​យោធា ក្នុងចេតនាទម្លាក់​មេដឹកនាំ កាន់​អំណាចយូរ​បំផុត​នៅអាហ្រ្វិក លោក Robert Mugabe ចេញពីអំណាច ខណៈនៅមុននេះ​កម្លាំងយោធា​ហ្ស៊ីមបាវេ បានចេញមុខ​អះអាងថា មេដឹកនាំ​របស់ពួកគី គឺនៅតែ​កាន់​អំណាច​ជាធម្មតា ហើយនៅតែ​មាន​សុវត្ថិភាព និងថាការចល័ត​កម្លាំងទ័ព​នេះ គ្រាន់តែជា​ការកម្ចាត់​សត្រូវ ដែលចង់យាយី ​លោក Mugabe ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​បារាំង AFP នៅរសៀល​ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧។

នៅព្រឹកមិញនេះ​មានសេចក្តីរាយការណ៍ថា កងកម្លាំង​យោធារួមជាមួយនឹងកងកម្លាំង​​ការពារជាតិ ហ្ស៊ីមបាវេ (ZDF) ត្រូវបានគេ​រាយការណ៍​ថា បានធ្វើការគ្រប់គ្រងកាន់កាប់​រាល់បណ្តាញសារព័ត៌មាន​​ទាំងអស់ក្នុងស្រុក ដែលវាគឺជាផ្នែក នៃការធ្វើរដ្ឋប្រហារ​ទម្លាក់លោក Robert Mugabe។ ហេតុការណ៍នេះ​បានកើតឡើងនៅរយៈពេល ០២ថ្ងៃ បន្ទាប់ពី កម្លាំង​យោធា បានព្រមានថា នឹងលូកដៃចូល​កិច្ចការ​នយោបាយ ដើម្បីបញ្ចប់​ភាព​តានតឹង ដែលបង្កឡើង​ដោយសារ តែ​ការបណ្តេញ​អនុប្រធានាធិបតី​ហ្ស៊ីមបាវេ ដែលគេមើលឃើញថា អាចជា​អ្នកស្នងតំណែង​​បន្ត​ពីប្រធានាធិបតី លោក Robert Mugabe ចេញពីអំណាច។

គួរជម្រាបថា កាលពី​សប្តាហ៍មុនលោក Mugabe បានបណ្តេញ​អនុប្រធានាធិបតី លោក Emmerson Mnagawa ដែលជាសម្ព័ន្ធ​មិត្ត​​នយោបាយជាង ៤០ឆ្នាំរបស់លោក ក្រោមការចោទ​ប្រកាន់ថា ពុំមានភាព​ស្មោះត្រង់។ ដោយឡែក ទង្វើនេះ​ត្រូវបានគេមើល​ឃើញ​ថា ជាការពង្រឹងអំណាច​របស់ លោក Mugabe ដែលមានចេតនា​ចង់តែងតាំងប្រពន្ធ​របស់លោក​ផ្ទាល់ ធ្វើជាអនុប្រធានាធិបតី​ជំនួស​វិញ៕