សារអេឡិចត្រូនិច
យុវ​តី តោ សុខ​សុ​គន្ធា ក្លាយ​ខ្លួន​ជា​អ្នក​ជំនាញ​តុប​តែង​ខ្លួន​ និង​​ឌីហ្សាញ​សម្លៀក​បំពាក់​បែប​ Cosplay


យុវ​តី តោ សុខ​សុ​គន្ធា ជា​និស្សិត​ឆ្នាំ​ទី​ ២ នៃ​សាលក​វិទ្យា​ល័យ​ ភូមិន្ទ​ភ្នំ​ពេញ ​ផ្នែក​គ្រប់​គ្រង​ពា​ណិជ្ជកម្ម​អន្តរ​ជាតិ​ បាន​ក្លាយ​ខ្លួន​ជា​អ្នក​ជំនាញ​តុប​តែង​ខ្លួន​ និង​អ្នក​ឌីហ្សាញ​សម្លៀក​បំពាក់​បែប​ Cosplay ដែល​ជា​ការ​តុប​តែង​តួ​ខ្លួន​ ឱ្យ​ក្លាយ​ជាតួ​អង្គ​ដ៏​អស្ចារ្យ ​ក្នុង​ខ្សែ​ភាព​យន្ត​បែប Animation តាំង​ពី​ឆ្នាំ​២០១៣​ មក​ម្ល៉េះ។

យុវតី​វ័យ​ ២០​ឆ្នាំ​ ដែល​ស្រ​លាញ់ ​និង​ចូល​ចិត្ត​ការ​តុប​តែង​ខ្លួន​បែប​ Cosplay ដែល​យុវ​វ័យ​មួយ​ចំនួន​ស្គាល់​ និង​ហៅ​ក្រៅ​ថា​ Bibi Chan បង្ហាញ​អារម្មណ៍​ពិត​របស់នាងថា៖ «ពេល​ដែល​ខ្ញុំ​ធ្វើ​ Cosplay ដូច​ខ្ញុំ​បាន​ក្លាយ​ជា​តួអង្គ​រឿង​ហ្នឹង​ចឹង​ វា​ដូច​ជាយើង​ចូល​ក្នុង​ពិភព​មួយ​ផ្សេង​»។ ការដែលបានធ្វើខ្លួនជាតួអង្គដែលខ្លួនចូលចិត្តខ្លាំង បង្កើតអារម្មណ៍រីករាយ និងជួយលើកទឹកចិត្តខ្លួនឯងឱ្យមានភាពជឿជាក់ជាងមុន នេះបើតាមបទពិសោធន៍របស់កញ្ញា។

ការ​តុប​តែង​ Cosplay នេះ​កំពុង​ពេញ​និយម​លើ​បណ្តាប្រទេស​អភិវឌ្ឍន៍​ជា​ច្រើន​ ពិសេស​ប្រទេស​ចិន​ អាមេរិច​ និង​ជប៉ុន​។ ការ​តុប​តែង​តួ​បែប​នេះ​ក៏​កំពុង​រីក​សាយ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ដែរ​ ដូចជា​ប្រទេស​ ថៃ ​វៀត​ណាម​ និង​កម្ពុជា​យើង​ ដែលតាំង​ពី​ឆ្នាំ​២០១៣​មក ​មជ្ឈម​ណ្ឌល​សហ​ប្រតិ​បត្ត​ការ​កម្ពុជា​-​ជប៉ុន​ ប្រារព្វ​ជា​រៀងរាល់​ឆ្នាំ​។

Bibi Chan ក៏​ជា​ក្រុម​យុវ​វ័យ​ជំនាន់​ដំបូង​ដែល​បាន​ជាប់​ចិត្ត​ និង​ចូល​រួម​ក្នុង​កម្មវិធី​ដ៏​កម្រ​មួយ​នេះ​។ ​ក៏​ប៉ុន្តែ បើ​តាម​ការ​បញ្ជាក់​របស់​កញ្ញារូប​ស្រស់​ម្នាក់​នេះ​ថា ក្រៅ​ពី​ការ​ចូល​រួម​កម្ម​វិធី​ Cosplay នៅ​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ​ នាង​តែង​តែ​ចូលរួម​ក្នុង​កម្មវិធី Cosplay នៅ​ក្រៅ​ប្រទេស​ជា​ញឹក​ញាប់​ ដូចជា​នៅ​ប្រទេស​សិង្ហបុរី​ ពិសេស​នៅ​ប្រទេស​វៀត​ណាម​ជា​ដើម​។

ស្រី​ស្អាត​ Bibi Chan បន្ត​ថា​៖ «នៅ​ស្រុក​គេ​គេ​ដើរ​ដល់​ណាណី​ហើយ​ ហើយ​ការ​លេង​ Cosplay​ ហ្នឹង​ ជា​ពិធី​ដ៏​ធំ​ប្រចាំ​ឆ្នាំ​របស់​គេ​ ដូច​ជា​នៅ​ Singapore អី គេ​មាន​មនុស្ស​មក​លេង​ក្នុង​កម្មវិធី​ហ្នឹង​សឹង​តែ​គ្រប់​ប្រទេស​»។ ជា​ការ​ពិត​ណាស់​ ការ​លេង​ Cosplay ជា​ការ​លើ​កកម្ពស់​ផ្នែក​សិល្បៈកម្សាន្ត​ ដូច​ជា​ការ​គាំទ្រ​ដល់​ការ​ផលិត​ខ្សែ​ភាព​យន្ត​ និង​សិល្បៈ​ក្នុង​វីឌីអូ​ហ្គេម​ផង​ដែរ​ ហើយ​មាន​ការ​ចូលរួម​លើក​តម្លៃ​នៃ​សិល្បៈ​ទម្រង់​នេះ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​ប្រជាពលរដ្ឋ​លើ​សាកល​លោក​។ ​

កាល​ដែល​យុវតីរូប​នេះ​ក្លាយ​ខ្លួន​ជា​អ្នក​លេង Cosplay ក៏​ដោយ​សារ​ខ្លួន​ចូល​ចិត្ត​អាន​សៀវ​ភៅ​ ម៉ាង​ហ្គា​ (Manga) ដែល​ជា​សៀវ​ភៅ​បែប​រូប​ភាព​ និង​មាន​អក្សរ​រៀប​រាប់​ពី​ឈុត​នៃ​រឿង​ខ្លីៗ ជា​ភាសា​អង់​គ្លេស​ ហើយ​រូប​នាង​តែង​តែ​ពេញ​ចិត្ត​ និង​ស្រមៃដល់​ការ​ស្លៀក​ពាក់​របស់​តួអង្គ​ក្នុង​សាច់​រឿង​ដែល​បាន​អាន​។ បន្ត​ទៅ​ទៀត​ Bibi Chan ក៏​សាក​ល្បង​ និង​ស្រាវ​ជ្រាវ​ពី​ការ​ធ្វើការ​តុប​តែង​ខ្លួន​ និង​ធ្វើ​សម្លៀក​បំពាក់​ Cosplay ដោយ​ខ្លួន​ឯង​។

ក្នុង​ការ​ឌីហ្សាញ​ Cosplay ម្តង​ៗ​ Bibi Chan ត្រូវ​ចំណាយ​ថវិកាផ្ទាល់​ខ្លួន​មិន​ក្រោម​ ១០០​ដុល្លារ​នោះ​ទេ​ សម្រាប់​ម៉ូដ​មួយ​ឈុត​ៗ​។ តែ​អ្វី​ដែល​គួរ​ឱ្យ​កោត​សរ​សើរ​ គឺ​បច្ចុប្បន្នរាល់​ពេល​មាន​កម្មវិធី​ Cosplay ម្តងៗ​ទាំង​ក្នុង​ស្រុក​ និង​ទៅ​ក្រៅ​ប្រទេស​ នាង​តែង​តែ​ត្រូវ​បាន​មិត្ត​ស្គាល់​ជួល​ឱ្យ​ឌីហ្សាញសម្លៀក​បំពាក់​ Cosplay ដែល​វា​បាន​ក្លាយ​ជា​ប្រភព​ចំណូល​ ក្នុង​ពេល​កំពុង​សិក្សា​របស់​ខ្លួន​។

ដើម​ឡើយ​គ្រួសារ​ និង​មិត្ត​ភ័ក្រ្ត​មួយ​ចំនួន​មិន​ពេញ​ចិត្ត​នឹង​ការ​ផ្លាស់​ប្តូរ​របស់​នាង​ទេ​ ដែល​គេ​គិត​ថា ​ការ​ស្លៀក​ពាក់​បែប​ Cosplay នេះ​វា​ហាក់​ដូច​ជា​មនុស្ស​ឆ្គួត​ និង​គ្មាន​តម្លៃ​ តែ​សម្រាប់​យុវតីដ៏​ស្រស់​សោភា​ម្នាក់​នេះ​យល់​ថា ​វាជា​ជីវិត​ទី​២​របស់​នាង​ ដែល​ធ្វើ​ឱ្យ​នាង​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់​ជាង​មុន​។ Bibi Chan បន្ត​ថា​ ៖ «ខ្ញុំ​អត់​ខ្វល់​ថា ​នរណា​គិត​ម៉េច​ចំពោះ​ខ្ញុំ​ទេ​ ព្រោះ​ពេល​ដែល​ខ្ញុំ​តែង​ Cosplay ខ្ញុំ​កាន់​តែ​ស្រលាញ់​ខ្លួន​ខ្ញុំ​ ហើយ​ក៏​កាន់​តែ​យល់​ពី​ខ្លួន​ឯង​ជា​នរណា​ឱ្យ​ពិត​ប្រា​កដ​»។

យុវតី​រូប​នេះ​ក៏​មិន​ធ្វើ​ខ្លួន​ឱ្យ​លើស​ពេក​ដែរ​ ការ​ពិត​អត្ត​ច​រិក​ខាង​ក្រៅ​របស់​ Bibi Chan ជា​មនុស្ស​ស្រី​វ័យ​ក្មេង​ដែល​ស្រគត់​ស្រគំ​ តែ​មិន​នឹកស្មាន​ថា​នាង​ហ៊ាន​លេង​ខ្លួន​សិច​ស៊ី​ ស្ទីល​បែប​ Cosplay​ ប្លែក​ៗ​ដល់​ថ្នាក់​ហ្នឹង​សោះ​។ នេះ​ជា​ការ​ផ្លាស់​ប្តូរ​ខ្លួន​មួយ​ផ្ទុយស្រឡះពី​ពិភព​ពិត​ ក៏​ប៉ុន្តែ​ Bibi Chan យល់​ថា​ ៖ «កាល​ខ្ញុំ​អត់​ធ្វើ​ Cosplay ខ្ញុំ​អត់​សូវមាន​មិត្តភ័ក្រ្ត​ទេ​ ហើយ​ក៏​ធ្លាប់​ត្រូវ​គេ​ Bully ព្រោះ​យើង​អត់​ស្អាត​ ហើយក៏​មិន​សូវ​ចេះ​និយាយ​ចូលគេ​ តែ​ពេល​ចូល​លេង​ Cosplay ធ្វើ​ឱ្យ​ខ្ញូំ​មាន​មិត្ត​កាន់​តែ​ច្រើន​ ហើយ​ធ្វើឱ្យ​ខ្ញុំ​កាន់​តែ​ច្បាស់​ថា ​ពិភព​លោក​នេះ​មិន​មែន​មាន​តែ​ខ្ញុំ​ទេ​ ដែល​ចូល​ចិត្ត​អ្វី​ដែល​ប្លែក​ៗ​បែប​នេះ​»។

នៅ​ពេល​អនាគត​ កញ្ញា សុខ​សុ​គន្ធា ហៅ Bibi Chan មាន​បំណង​ផ្សព្វ​ផ្សាយ​ពី​ Cosplay​ ឱ្យ​កាន់​តែ​ល្បី​នៅ​ក្នុង​ស្រុក​ខ្មែរ​ ហើយ​ក៏​ចង់​ទាញ​យក​ជំនាញ​នៃ​ការ​ផលិត​ Cosplay និង​ជំនាញ​គ្រប់​គ្រង​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​ មក​បង្កើត​ជា​មុខ​ជំនួញ​មួយ​ដែរ​ ដែល​អាចបម្រើបាន​ទាំង​ការងារ​សិល្បៈ​ផង​ និង​ការ​ងារ​អាជីវ​កម្ម​ទូ​ទៅ​ផង​ដែរ​៕