សារអេឡិចត្រូនិច
ចាន់ វឌ្ឍនាកា​ នឹង​ត្រឡប់​មក​កម្ពុជា​វិញ​ដើម​ខែ​ធ្នូ​ខាង​មុខ​នេះ​​


ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​ ចាន់ វឌ្ឍនាកា​នឹង​វិល​ត្រឡប់​កម្ពុជា​វិញ​នា​ដើម​ខែ​ធ្នូ​ ឆ្នាំ​២០១៧​នេះ​ហើយ​ បន្ទាប់​ពី​ត្រូវ​ក្លឹប​ Fujieda MYFC បាន​ខ្ចី​ជើង​មួយ​រដូវ​កាល​​យក​ទៅ​​លេង​​លីគ​លំដាប់​ទី​៣​របស់​ប្រទេសជប៉ុន។

តាម​ប្រភព​ច្បាស់​ការ​​បាន​ឲ្យ​ដឹង​ថា ចាន់ វឌ្ឍនាកា​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នា​ដើម​ខែ​ធ្នូ​ខាង​មុខ​នេះ​ហើយ។ ជុំ​វិញ​ការ​​វិល​ត្រឡប់​មក​វិញ​ លោក​ បែ​ មករា អ្នក​ចាត់​ការ​ក្លឹប​បឹងកេត​​ទទួល​ស្គាល់​ថា ពិត​ជា​មក​វិញ​មែន​ និង​​បញ្ជាក់​ថា ពេល​​​កីឡាករ​ដើម​កំណើត​ខេត្ត​កំពត​នេះ​មក​វិញ​គឺ​នៅ​តែ​ជា​កីឡាករ​របស់​បឹងកេត​ដដែល។ ប៉ុន្តែ​អ្នក​ចាត់​ការ​រូប​នេះ​មិន​និយាយ​អ្វី​ជុំ​វិញ​​អាជីព​របស់​​វឌ្ឍនាកា​​ថា​​តើ​លេង​ឲ្យ​បឹងកេត​ក្នុង​ប្រទេស​កម្ពុជា​រដូវ​កាល​ក្រោយ ឬ​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ក្លឹប​ណា​មួយ​ក្នុង​ប្រទេស​អាស៊ាន។

តារា​ឆ្នើម​ជម្រើស​ជាតិ​កម្ពុជា​ ចាន់ វឌ្ឍនាកា​​ បាន​បង្កើត​កំណត់​ត្រា​ជា​ប្រវត្តិ​សាស្ត្រ​​ក្នុង​ការ​ក្លាយ​ជា​កីឡាករ​បាល់ទាត់​កម្ពុជា​ទី​១​​បាន​​ទៅ​ប្រកប​អាជីព​នៅ​ក្នុង​ទឹក​ដី​នៃ​ប្រទេស​រីក​ចម្រើន​ផ្នែក​បាល់ទាត់​គឺ​ជប៉ុន​ បន្ទាប់​ពី​ប្រកាស​​ផ្លូវ​ការ​ក្នុង​សន្និសីទ​ចុះ​ហត្ថលេខា​​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​១​រដូវ​កាល​​ទៅ​ក្លឹប Fujieda MYFC ​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មករា​ ឆ្នាំ​២០១៧​នេះ។ ទោះ​ជា​យ៉ាង​ណា​ មួយ​រដូវ​កាល​​នៅ​លីគ​ទី​៣​ជប៉ុន​ កីឡាករ​កម្ពុជា​រូប​នេះ​បាន​បង្ហាញ​លើក​ដំបូង​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​តុលា​កន្លង​ទៅ​នេះ។ ទោះ​ជា​យ៉ាង​ណា កីឡាករ​កម្ពុជា​រូប​នេះ​ពោរពេញ​ដោយ​សេចក្តី​អត់​ធន់​ បើ​ទោះ​ជា​មិន​បាន​លេង​ក៏​ដោយ ក៏​បាន​​តាំង​ចិត្ត​ហ្វឹកហាត់ និង​ស្នាក់​នៅ​ទី​នោះ​​រហូត​ចប់​កុងត្រា​ពេញ​លេញ៕

ប្រភព៖ Sabay