សារអេឡិចត្រូនិច
គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​ ម្តាយរងរបួសធ្ងន់ កូនត្រូវស្លាប់


​បាត់ដំបង៖ កុមារី​អាយុប្រមាណ​៦​ឆ្នាំ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ឯ​ម្តាយ​វិកលចរិត​រងរបួស​ធ្ងន់ ពេល​ដឹក​ដៃ​កូន​ដើរ​តាមផ្លូវ​ដោយ​រថយន្តបុក​មិន​ស្គាល់​ម៉ាក​បុក ហើយ​បើក​រត់គេច​បាត់​។ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ កើតឡើង​កាលពី​ម៉ោង​ជិត​៥​ភ្លឺ​ឈានចូល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ លើផ្លូវ​ជាតិ​លេខ​៥ នៅ​ចំណុច​ក្រុមទី​១៧ ភូមិ​ស្វាយ​កង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ ជា វណ្ឌី អធិការរង​នគរបាល​ស្រុក​សង្កែ បាន​ឲ្យ​ដឹងថា កុមារី​ដែល​ស្លាប់​មិន​ស្គាល់ឈ្មោះ​មាន​អាយុប្រមាណ​៦​ឆ្នាំ​។ ឯ​ម្តាយ​ជាម​នុស្ស​វិកលចរិត​រងរបួស​ធ្ងន់ ក៏​មិន​ស្គាល់ឈ្មោះ និង​ទីលំនៅ​ដែរ មាន​អាយុ​ជាង​៤០​ឆ្នាំ​។ ចំណែក​រថយន្ត​បង្ក​មិន​ស្គាល់​ម៉ាក​បើកបរ​ពី​លិចទៅ​កើត ហើយ​បុក​អ្នក​ថ្មើរ​ជា​ម៉ែ​និង​កូន​មួយ​ទំហឹង រួច​បាន​បើក​បន្ថែម​ល្បឿន​រត់គេច​បាត់​មុន​សមត្ថកិច្ច​ចុះទៅ​ដល់​។​

​សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​អាជ្ញាធរ​ឃុំ​យកទៅ​បូជា​នៅ​វត្ត​អន្លង់​វិល​។ ចំណែក​ម្តាយ​របួសធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ​អាយុជីវិត​៕