សារអេឡិចត្រូនិច
ស៊ឹម​ ប៊ុនស្រ៊ន់​ ចេញ​ទៅ​សងសឹក​ចិន​ឲ្យ​មិត្ត​រួម​ក្លឹប​ថ្ងៃទី​២៤ ​វិច្ឆិកា​នេះ


អ្នក​លេង​គុន​ខ្មែរ​ ស៊ឹម​ ប៊ុនស្រ៊ន់​ នឹង​ចេញ​ទៅ​សងសឹក​កីឡាករ​ចិន​នៅ​ក្នុង​កម្មវិធី​ One Championship​ នៅ​ថ្ងៃទី២៤ ​វិច្ឆិកា​ ២០១៧​ ខាង​មុន​នេះ​។

លោក​ ហ៊ុន​ ចាន់រាជ​ គ្រូ​បង្វឹក​ក្លឹប​ប្រដាល់​ Cambodian Top Team​ ឲ្យ​ដឹង​ថា​ កីឡាករ​ ស៊ឹម​ ប៊ុនស្រ៊ន់​ នឹង​ទៅ​ចូល រួម​ប្រកួត​កម្មវិធី​វ៉ៃ​ក្នុង​ទ្រុង​ One Championship​ នា​ចុង​ខែ​នេះ​ ដែល​ត្រូវ​ប៉ះ​ជា​មួយ​កីឡាករ​ចិន​ Mioa Litoa​ ក្នុង​ប្រភេទ​ទម្ងន់​ចន្លោះ​ពី​ ៥២-៥៦​ គីឡូក្រាម។​

គ្រូ​ដាល់​ MMA​ រូប​នេះ​បន្ថែម​ទៀត​ថា​ សមត្ថភាព​កីឡាករ​ចិន​នេះ​ក៏​មិន​ធម្មតា​ដែរ​ គេ​មាន​មាឌ​ធំ​ មាន​កម្លាំង​ខ្លាំង​ ជំហរ​វ៉ៃ​រឹងមាំ​ហើយ​កណ្ដាប់​ដៃ​ធ្ងន់​ថែម​ទៀត​ ប៉ុន្តែ​មិន​សូវ​មាន​ក្បាច់​សម្លាប់​​ទេ។​ ការ​ប្រកួត​មួយ​នេះ​វា​ពិត​ជា​សំខាន់​ណាស់​ សម្រាប់​ «ប៊ុនស្រ៊ន់»​ ដើម្បី​ដណ្ដើម​មុខមាត់​ជូន​កម្ពុជា​វិញ​ ក៏​ដូចជា​ការ​សងសឹក​ឲ្យ​មិត្ត​រួម​ក្លឹប​ ដែល​សុទ្ធតែ​ចាញ់​កីឡាករ​ចិន។​ ម្ចាស់​ក្លឹប​ខាង​លើ​ សង្ឃឹម​ច្រើន​លើ​កូន​សិស្ស​របស់​លោក​ ថា​នឹង​ឈ្នះ​ក្នុង​កម្មវិធី​វ៉ៃ​ក្នុង​ទ្រុង​ដ៏​ល្បី​របស់​អាស៊ី​មួយ​នេះ។​ ការ​​ដាក់​គម្រោង​ច្បាស់លាស់​នៅ​ពេល​ប្រកួត​ទឹកទី១​ត្រូវ​វ៉ៃ​យ៉ាងម៉េច​ ទឹកទី២​ត្រូវ​ប្ដូរ​ស្នៀត​យ៉ាង​ម៉េច​ រួម​ផ្សំ​ភាព​អំណត់​ ហើយ​ឆ្លាតវៃ​ក្នុង​ការ​វ៉ៃ​ទៀត​នោះ​ ដូច្នេះ​សង្ឃឹម​ច្រើន​ថា​នឹង​អាចយក​ឈ្នះ​​បាន។​

ជើង​ខ្លាំង​ក្នុង​ទ្រុង​របស់​កម្ពុជា​ ស៊ឹម​ ប៊ុនស្រ៊ន់​ រួម​និង​លោក​ ហ៊ុន​ ចាន់រាជ​ នឹង​ត្រូវ​ចេញ​ដំណើរ​នៅ​ថ្ងៃទី២០​ ខែ​វិច្ឆកា​ ឆ្នាំ​២០១៧​ ខាងមុខនេះ៕​