សារអេឡិចត្រូនិច
ខ្សែក្រវាត់​ខា​រ៉ា​បាវ​ឈានដល់​ការប្រកួត​វិលជុំ​ចុងក្រោយ​


ព្រឹត្តិការណ៍​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់ ៦៣,៥០​គីឡូក្រាម លើស​ង្វៀន​អាស៊ីអាគ្នេយ៍ រសៀល​ថ្ងៃទី​១៨ វិច្ឆិកា​នេះ បាន​ឈានដល់​ការប្រកួត​ចុងក្រោយ នៃ​វគ្គ​វិលជុំ​សន្សំ​ពិន្ទុ​ហើយ​។​

​ការប្រកួត​ចំនួន ២​គូ​នេះ គឺជា​ការប្រកួត​បង្គ្រប់​កិច្ច​តែប៉ុណ្ណោះ ព្រោះ​នរណា​ចាញ់ នរណា​ឈ្នះ​ក៏ត្រូវ​ខ្ទាត​ចេញពី​ការប្រកួត​ដូចគ្នា​។ ឌុ​ម កែវ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ផាត ឆៃ​ដែន (Phat Chhayden)​។ អ្នក​ប្រដាល់​ថៃ​រូបនេះ ពេញ​មួយ​ព្រឹត្តិការណ៍​នេះ គេ​មិនដែល​ស្គាល់​ឈ្នះ​ឡើយ ហើយ​ការប្រកួត​ចុងក្រោយ​នេះ ក៏​មិន​សង្ឃឹមថា បានទទួល​ជ័យជំនះ​ដែរ​។ ផាត ឆៃ​ដែន មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨១​ដង ឈ្នះ​៦៣​ដង ចាញ់​១៨​ដង​។​

​ចំពោះ កែវ​ដា វិញ​នោះ ក្នុង​ព្រឹត្តិការណ៍​នេះ គេ​ភ្លាត់ស្នៀត​ត្រូវ​អ្នក​ប្រដាល់​ថៃ កង សា​យ៉ា​ម (Kong Sayam) ទាត់​ឲ្យ​សន្លប់​នៅមុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​១ ធ្វើ​ឲ្យ​គេ​បាត់បង់​ឱកាស​បាន​ឡើង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​។
​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ មិនមាន​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឡើយ គឺ​យក​លេខ​១ នៃ​ពូ​ល​ថៃ​មក​ប្រកួត​ជាមួយ​លេខ​១ នៃ​ពូ​ល​កម្ពុជា​ដណ្ដើម​ខ្សែក្រវាត់​តែម្ដង​។​

​កែវ​ដា មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨២​ដង ឈ្នះ​ចំនួន​៦៧​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ ២ ដង​។ ការប្រកួត​នេះ គេ​ជឿថា កែវ​ដា នឹង​ឈ្នះ​ជាមិនខាន​។​

ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​លោកតា​ដំបង​ដែក ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ផាត ផា​យ៉ាក​(Phat Phayak)​។​

​សេង ស្រឿ​ន មក​ប្រកួត​ជំនួស ប៉ោ ភា​រិ​ទ្ធ ដែល​ត្រូវ​ដកចេញ​ពី​ព្រឹត្តិការណ៍​បន្ទាប់ពី​វ៉ៃ​បាន ២​ប្រកួត​ហើយ​នោះ ដោយ​សន្លប់​ទាំង ២​ប្រកួត​។​

​ការ​មក​ប្រកួត​ជំនួស​នេះ គឺ សេង ស្រឿ​ន គ្រាន់តែ​វ៉ៃ​បង្គ្រប់​ជើង​ជំនួស ប៉ោ ភា​រិ​ទ្ធ តែប៉ុណ្ណោះ ព្រោះ​អ្នក​ប្រដាល់​ថៃ​ដែល​ជួប សេង ស្រឿ​ន គឺ​មានន័យថា បានទទួល​ជ័យជំនះ​ជា​ស្ថាពរ​ហើយ ទោះបី​គេ​ត្រុ​វ​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ​វ៉ៃ​ឲ្យ​សន្លប់​ក៏ដោយ​។​

​ផាត ផា​យ៉ាក ក៏ត្រូវ​ខ្ទាត​ចេញពី​ការប្រកួត​ដែរ ឯ សេង ស្រឿ​ន នេះ​ជាការ​មក​វ៉ៃ​កំដរ​រោង​ចុងក្រោយ​ដែរ​។ ចាំមើល​នរណា​ឈ្នះ​?៕